​ការឈឺចាប់​ក្នុង​អាង​ត្រគៀក​សម្តៅ​ទៅលើ​ការឈឺចាប់​ក្នុង​ពោះ​ដែល​ស្ថិត​នៅ​ខាងក្រោម​រន្ធ​ផ្ចិត​។ ការឈឺចាប់​បែបនេះ​អាច​ទាក់ទង​នឹង​បញ្ហា​ជំងឺ​ជាច្រើន​។ វា​ប្រហែល​ជា​សញ្ញា​ដែល​គ្មាន​គ្រោះថ្នាក់​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​បានទេ​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ខ្លះៗ​ដែល​ធ្វើអោយ​អ្នក​ឈឺ​ក្នុង​អាង​ត្រគៀក​៖

​ជំងឺ​រលាក​ខ្នែងពោះវៀន​
​រោគសញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​មានដូចជា ឈឺចាប់​ដូច​គេ​ចាក់​នៅ​ផ្នែក​ខាងក្រោម និង​ស្តាំ​នៃ​ពោះ​, ក្អួត និង​ក្តៅខ្លួន​។ បើសិន​ជា​អ្នក​មាន​សញ្ញា​អស់ទាំង​នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។ ខ្នែង​ពោះវៀន​ដែល​មាន​ការបង្ក​រោគ​ត្រូវតែ​ធ្វើ​ការវះកាត់​វា​ចោល​។ ប៉ុន្តែ​បើសិនជា​ទុក​ចោល​រហូត​ដល់ វា​ធ្លាយ ហើយ​រាល់ដាល​ការបង្ក​រោគ​ពេញ​ពោះ​វិញ វា​អាច​នឹង​មាន​ផលវិបាក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​បាន​។

​ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន (IBS)

​ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន​គឺជា​ជំងឺ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​បែប​រ៉ាំរ៉ៃ ដែល​ធ្វើអោយ​កើត​មាន​ការឈឺចាប់​នៅ​ក្បាលពោះ​ម្តង​ហើយ​ម្តងទៀត​, ឈឺចាប់​បែប​រមួល​, ហើម​ពោះ​, រាគ ឬ​ទល់លាមក​។ គ្រូពេទ្យ​មិន​បានដឹងថា​មូលហេតុ​របស់​វា​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​គាត់​អាច​គ្រប់គ្រង​រោគសញ្ញា​បាន​។ វិធីសាស្ត្រ​ទាំងនោះ​មានដូចជា ការផ្លាស់ប្តូរ​របប​អាហារ​, ការគ្រប់គ្រង​ស្ត្រេ​ស​, និង​ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​អាការៈរាគ ឬ​ទល់លាមក​។

ការឈឺចាប់​ខ្លាំង​ពេល​ផ្ទុះ​បែក​អូវុល​
​បើសិនជា​អ្នក​មាន​ការឈឺចាប់​ខ្លាំង​ពេល​ពាក់កណ្តាល​វដ្ត​រដូវ មានន័យ​ថា​នោះ​គឺជា​អារម្មណ៍​នៃ​ការឈឺចាប់​របស់​រាងកាយ​ដោយសារតែ​ការផ្ទុះ​បែក​អូវុល​ហើយ​។ ក្នុងដំណាក់កាល​នេះ ក្រពេញ​អូវ៉ែ​ត្រូវ​បញ្ចេញមេជី​វិត​ញី​មក​ជាមួយនឹង​ទឹក និង​ឈាម​មួយចំនួន​ដែល​វា​ប្រហែលជា​អាច​បង្ក​ការ​រលាក​ដល់​ភ្នាស​កម្រាល​របស់​ពោះ​បាន​។ ការឈឺចាប់​ប្រហែលជា​មាន​ការផ្លាស់ប្តូរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ អា​ការៈ​នេះ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះទេ ហើយ​ច្រើន​តែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ក្រោយ​។​

​កូនក្រៅស្បូន​
​ជំងឺ​នេះ​គឺ​ជា​ជំងឺ​ដែល​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​អ្នកជំងឺ​បាន ដូច្នេះ​ត្រូវតែ​មាន​ការព្យាបាល​ភ្លាមៗ​។ វា​អាច​កើតឡើង​បាន​នៅពេលដែល​ការ​កាច់​សម្បុក​របស់​អំប្រ៊ីយ៉ុង​ចាប់ផ្តើម​ធ្វើឡើង​នៅ​កន្លែ​ង​ផ្សេង​ក្រៅពី​ស្បូន ដែល​ជា​ញឹកញាប់​គឺ​នៅ​បំពង់​ដៃ​ស្បូន​តែម្តង​។ រោគសញ្ញា​របស់​វា​មានដូចជា ការឈឺចាប់​ក្នុង​អាង​ត្រគៀក​ដូច​គេ​ចាក់ ឬ​ឈឺចាប់​បែប​រមួល (​ជាពិសេស​កើតឡើង​តែ​ម្ខាង​),​ហូរ​ឈាម​តាម​ទ្វារមាស​, ចង្អោ​រ​, និង​វិលមុខ​។ ជំងឺ​នេះ​ត្រូវតែ​មាន​ការយកចិត្តទុកដាក់ និង​ព្យាបាល​បន្ទាន់​។

​ជំងឺ​កាមរោគ​
​ការឈឺចាប់​ក្នុង​អាង​ត្រគៀក​គឺជា​សញ្ញា​ប្រកាសអាសន្ន​មួយ​របស់​ជំងឺ​កាមរោគ​មួយចំនួន​។ ជំងឺ​កាមរោគ​ពីរ​ប្រភេទ​ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​នោះ​គឺ​ជំងឺ​ប្រមេះ​ទឹកថ្លា និង​ប្រមេះទឹកបាយ ដែល​វា​ច្រើនតែ​កើតឡើង​ជាមួយគ្នា​តែម្តង​។ ជំងឺ​ទាំងនេះ​មិនមែន​តែងតែ​បង្ក​ជា​រោគសញ្ញា​រហូត​នោះ​ទេ ប៉ុន្តែ​នៅពេល​វា​មាន​រោគសញ្ញា ប្រហែល​ជា​ធ្វើអោយ​ឈឺចាប់​ក្នុង​អាង​ត្រគៀក​, ឈឺ​ខ្លាំង​ពេល​នោម​,​ហូរ​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ និង​ហូរ​ទឹករំអិល​ពី​ទ្វារមាស​មិន​ធម្មតា​។ យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​ដើម្បី​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ និង​ចៀសវាង​ឆ្លង​ដល់​ដៃគូ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង