វីតាមីន E គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់មានន័យថា រាងកាយរបស់យើងរក្សាវាទុក ក្នុងជាលិកាខ្លាញ់ ហើយក៏ប្រើវាដើម្បីផលិតកោសិកាគ្រាប់ឈាមក្រហម និងភ្ញោចដល់វីតាមីន K ដើម្បីបង្កើតជាការកកឈាមដែរ ។ វីតាមីន E ក៏ជាអង់ទីអុកស៊ីដង់មួយប្រភេទ ដែលជួយការពារសរីរាង្គក្នុងខ្លួន ឆ្អឹង និងជាលិកាផ្សេងៗពីការខូចខាត ដោយរ៉ាឌីកាល់សេរី និងជាតិខ្លាញ់ក្នុងឈាម ។

យ៉ាងណាមិញ វីតាមីននេះអាចបង្កជាការប្រឈមនឹងជំងឺច្រើនដល់អ្នកដែរ បើសិនជាប្រើប្រាស់ច្រើនពេក ឬមិនត្រឹមត្រូវ ។
យោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យ Maryland Medical Center បានឲ្យដឹងថា វីតាមីន E ប្រហែលជាអាចរំខាន ដល់សមត្ថភាពធ្វើឲ្យឈាមកកដែរ ។ ឈាមដែលកកត្រឹមត្រូវមានសារសំខាន់ណាស់ ក្នុងការបង្ការកុំឲ្យហូរឈាមច្រើន ចេញពីសរីរាង្គក្នុងខ្លួន និងរបួសនៅស្បែក ។ ការប្រឈមនេះនឹងកើតមានខ្ពស់ បើសិនជាអ្នកប្រើថ្នាំអាស្ពីរីន ឬថ្នាំប្រឆាំងឈាមកកដូចជា Warfarin ឬ Clopidogrel ។

ជាក់ស្តែងវិទ្យាស្ថាន Linus Pauling បានសម្គាល់ឃើញថា ថ្នាំបំប៉នប្រភេទវីតាមីន E ប្រហែលជាប្រឈមខ្លាំង នឹងការហូរឈាមក្នុងពេលវះកាត់ ជាពិសេសទារកទើបនឹងកើតតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សពេញវ័យ មិនត្រូវប្រើប្រាស់វីតាមីន E ខ្ពស់ជាង ១៥០០ IU ក្នុងមួយថ្ងៃឡើយ ។ ចំពោះក្មេងចេះដើរតេះតះអាចប្រើបាន៣០០ IU និងមនុស្សវ័យជំទង់១២០០IU ។ ចំពោះទារកទើបនឹងកើត គឺមិនឲ្យប្រើឡើយ ។

សរុបមក ដើម្បីមានសុវត្ថិភាពពេញលេញ អ្នកមិនត្រូវទិញថ្នាំ ញ៉ាំដោយខ្លួនឯងឡើយ តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដោយមានបង្ហាញអំពីផលល្អ និងផលប៉ះពាល់ ផ្សេងៗ របស់ថ្នាំទាំងនោះសិន ៕