ការញ៉ាំអាហារបានត្រឹមត្រូវមិនត្រឹមតែផ្តល់នូវជីវជាតិដែលរាងកាយត្រូវការនោះទេ ប៉ុន្តែវាពិតជារឿងមួសសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ខួរក្បាលក៏ដូចជាសរីរាង្គផ្សេងៗទៀតដែរ គឺត្រូវការជីវជាតិ និងជាតិរ៉ែច្រើនដើម្បីជួយអោយតំបន់ពណ៌ប្រផេះរបស់ខួរក្បាលមានសុខភាពល្អតាមតែអាចធ្វើទៅបាន។ ខាងក្រោមនេះគឺជាអាហារដ៏ល្អបំផុតដែលអ្នកអាចផ្តល់អោយខួរក្បាលបាន។

- នំបុ័ងធ្វើពីស្រូវសាឡី៖ អាហារមួយប្រភេទនេះនឹងបញ្ចេញជាតិស្ករយឺតៗចូលទៅក្នុងចរន្តឈាម ដើម្បីជួយអោយសតិអារម្មណ៍មានការប្រុងប្រយ័ត្នពេញមួយថ្ងៃ ព្រមទាំងជួយបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ និងយកចិត្តទុកដាក់ទៀតផង ដែលនេះកើតឡើងដោយសារតែមានការផ្គត់ផ្គង់ថាមពលពីក្នុងឈាមចូលទៅក្នុងខួរក្បាល។
- ខ្លាញ់ត្រី៖ ខ្លាញ់អូមេហ្គាបីដ៏មានប្រសិទ្ធភាពបំផុតនោះគឺកើតចេញពីខ្លាញ់ត្រីក្នុងប្រភេទ EPA និង DHA ដែលវាជាសមាសធាតុដ៏ល្អសម្រាប់មុខងារខួរក្បាល, បេះដូង, សន្លាក់ និងសុខភាពភាពទូទៅទាំងអស់តែម្តង។
- ផ្លែបឺរីពណ៌ខៀវ៖ ផ្លែឈើមួយនេះជួយពង្រឹង ឬពន្យាពេលនៃការចងចាំរយៈពេលខ្លី។
- ប៉េងប៉ោះ៖ វាផ្ទុកទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដែលអស្ចារ្យមួយប្រភេទសម្រាប់ការពារ និងប្រឆាំងនឹងការខូចខាតកោសិការដោយសាររ៉ាឌីកាលសេរី ដែលធ្វើអោយកើតជាជំងឺវង្វេងស្មារតីដោយសារចាស់ជរា។
- គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅផ្ទុកទៅដោយជាតិស័ង្គសី ដែលមានសារៈសំខាន់សម្រាប់ជម្រុញដល់ការចងចាំ និងជំនាញនៃការគិត។
- ផ្កាខាត់ណាប្រូកូលី៖ បន្លែមួយនេះគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន K ដែលគេស្គាល់ថាជួយជម្រុញដល់មុខងារនៃភាពឆ្លាតវ៉ៃ និងពង្រឹងដល់ថាមពលខួរក្បាល៕