ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលគេច្រើនជួបប្រទះ ហើយករណីមួយចំនួនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ។ អ្នកប្រហែលជាមិនធ្លាប់ដឹងថាខ្លួនឯងឆ្លងជំងឺនេះផងក៏មិនដឹង ។ ការតមការរួមភេទ ការប្រើស្រោមអនាម័យក្នុងពេលរួមភេទ និងការស្រលាញ់មនុស្សម្នាក់ស្មោះមួយនឹងមួយ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារជំងឺឆ្លងតាមការរួមភេទ ។
ជំងឺឆ្លងប្រមេះទឹកបាយអាចប៉ះពាល់ដល់កន្លែងជាច្រើននៃរាងកាយមនុស្សយើង ប៉ុន្តែកន្លែងដែលប៉ះពាលច្រើនជាងគេគឺផ្លូវប្រដាប់បន្តពូជ ។
ប្រដាប់បន្តពូជ
រោគសញ្ញារបស់ប្រដាប់បន្តពូជបុរសមានដូចជា៖
- ឈឺខ្លាំងពេលនោម
- មានហូរខ្ទុះពីចុងលិង្គ
- ឈឺ ឬហើមពងស្វាស
រោគសញ្ញារបស់ប្រដាប់បន្តពូជស្ត្រីមានដូចជា៖
- ហូរទឹករំអិលទ្វារមាសកាន់តែច្រើន
- ឈឺចាប់ខ្លាំងពេលនោម
- ហូរឈាមតាមទ្វារមាសក្នុងពេលមិនទាន់មករដូវដូចជា បន្ទាប់ពីរួមភេទរួច
- ឈឺពោះ
- ឈឺក្នុងអាងត្រគៀក
កន្លែងផ្សេងៗទៀតនៃរាងកាយ
ជំងឺប្រមេះទឹកបាយក៏អាចប៉ះពាល់ទៅដល់កន្លែងទាំងនេះនៃរាងកាយដូចជា៖
- ថ្នក់ពោះអាចម៍៖ រោគសញ្ញាមានដូចជារមាស់នៅក្នុងរុន្ធគូថ មានហូរខ្ទុះចេញ មានកំណកឈាមស្រស់នៅលើក្រដាស់អនាម័យពេលសំអាត់ និងពេលបន្ទោបង់រួច ។
- ភ្នែក៖ ជំងឺប្រមេះទឹកបាយដែលប៉ះពាល់ទៅលើភ្នែកប្រហែលជាធ្វើអោយភ្នែកឈឺ មិនអាចប៉ះពន្លឺបាន និងមានហូរខ្ទុហចេញពីភ្នែកម្ខាងឬទាំងសងខាង ។
- បំពង់ក៖ រោគសញ្ញានៃជំងឺលើបំពង់កប្រហែលជាមានដូចជាឈឺបំពង់ក និងហើមកូនកណ្តុរនៅក
- សន្លាក់៖ ប្រសិនបើសន្លាក់មួយ ឬច្រើនទៅជាមានបញ្ហារលាកសន្លាក់ដោយសារបាក់តេរី វានឹងធ្វើអោយសន្លាក់នោះទៅជាក្តៅ ក្រហម ហើម និងឈឺចាប់ខ្លាំង ជាពិសេសនៅពេលអ្នកធ្វើចលនាសន្លាក់នោះ ។
ពេលដែលទៅជួបគ្រូពេទ្យ
ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នករកឃើញថាមានរោគសញ្ញាដូចជាក្រហាយៗនៅពេលនោម ឬមានហូរខ្ទុះពីលិង្គ ទ្វារមាស ឬថ្នក់ពោះអាចម៌ ។
ជាមួយគ្នានេះដែរចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើដៃគូររបស់អ្នកត្រូវបានវិនិច្ឆ័យថាមានជំងឺប្រមេះទឹកបាយ ។ អ្នកប្រហែលជាមិនធ្លាប់មានរោគសញ្ញាថាត្រូវការរកសេវាសង្គ្រោះខាងផ្នែកវេជ្ជសាស្ត្រនោះទេ ។ ប៉ុន្តែបើគ្មានការព្យាបាលទេ អ្នកនឹងអាចចម្លងទៅអោយដៃគូររបស់អ្នកម្តង់ទៀតទោះបីជាគេត្រូវបានព្យាបាលហើយក៏ដោយ ។
មូលហេតុ
ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាលទៅលើបង្ហួរនោម ថ្នកពោះអាចម៌ ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាលទៅលើមាត់ស្បូនផងដែរ ។
មូលហេតុ
ជំងឺប្រមេះទឹកបាយត្រូវបានបង្កឡើងដោយបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Neisseria Gonorrhoeae ។ បាក់តេរីជំងឺប្រមេះទឹកបាយវាច្រើនតែចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទដូចជាការរួមភេទតាមមាត់ តាមរុន្ធគូថ ឬតាមទ្វារមាស ។
កត្តាប្រឈមមុខ
កត្តាប្រឈមមុខដែលអាចធ្វើអោយកើនឡើងនូវការប្រឈមកាន់តែខ្លាំងនឹងជំងឺប្រមេះទឹកបាយមាន៖
- អាយុនៅក្មេង
- រួមភេទជាមួយដៃគូថ្មី
- មានដៃគូររួមភេទច្រើន
- ធ្លាប់ដឹងថាមានជំងឺប្រមេះទឹកបាយពីមុន
ផលវិបាក
ជំងឺប្រមេះទឹកបាយដែលមិនបានព្យាបាលអាចធ្វើអោយមានផលវិបាកសំខាន់ៗដូចជា៖
- ស្ត្រីមិនអាចមានកូនបាន៖ ជំងឺប្រមេះទឹកបាយដែលមិនបានព្យាបាលអាចមានការរាលដាលទៅដល់ស្បូន និងបំពង់ដៃស្បូន ដែលជាហេតុបង្កអោយមានការរលាកអោយមានជំងឺរលាកក្នុងអាងត្រគៀក ដោយសារតែការកើតសន្លាកក្នុងបំពង់នោះ ហើយប្រឈមកាន់តែខ្លាំងនឹងផលវិបាក និងអត់កូន ។ ជំងឺរលាកអាងត្រគៀកគឺជាជំងឺឆ្លងដ៏សាហាវមួយដែលទាមទាអោយមានការព្យាបាលអោយបានលឿន ។
- បុរសមិនអាចមានកូនបាន៖ មនុស្សប្រុសដែលមិនបានព្យាបាលជំងឺប្រមេះទឹកបាយអាចធ្វើអោយរលាកបំពងអេពីដីដីម (Epididymitis) ដែលជាបំពង់មួយនៅជិតពងស្វាសសំរាប់បញ្ចេញទឹកកាមពីពងស្វាស ។ ការរលាកបំពងអេពីដីដីមអាចព្យាបាលបាន ប៉ុន្តែប្រសិនបើមិនបានព្យាបាលទេ អ្នកប្រហែលជាវិវត្តន៍ទៅរកភាពមិនមានកូន ។
- ជំងឺឆ្លងទៅដល់សន្លាក់ និងកន្លែងផ្សេងៗទៀតនៃរាងកាយ៖ បាក់តេរីដែលបង្កអោយមានជំងឺប្រមេះទឹកបាយអាចជ្រៀតចូលទៅក្នុងចរន្តឈាម និងបង្កការឆ្លងទៅកន្លែងផ្សេងៗទៀតបានដូចជាសន្លាក់ជាដើម ។ ការក្តៅខ្លួន រមាស ឈឺស្បែក ឈឺសន្លាក់ ហើម និងមិនអាចធ្វើចលនាបានសុទ្ធតែជាលទ្ធផលរបស់បាក់តេរីប្រមេះទឹកបាយនេះ ។
- ប្រឈមកាន់តែខ្លាំងក្នុងការឆ្លងជំងឺអេដស៍៖ ការមានជំងឺប្រមេះទឹកបានធ្វើអោយអ្នករឹងតែកើតការសង្ស័យកាន់តែខ្លាំងក្នុងការឆ្លងវីរ៉ុស Human Immunodeficiency Virus (HIV) ដែលជាវាជាអ្នកធ្វើអោយមានជំងឺអេដស៍ ។ អ្នកដែលមានបញ្ហាជំងឺប្រមេះទឹកបាយ និងជំងឺអេដស៍ គឺបានចម្លងទៅដៃគូររបស់អ្នករួចទៅហើយ ។
- ផលវិបាកទៅលើទារក៖ ទារកដែលឆ្លងជំងឺប្រមេះទឹកបាយពីម្តាយក្នុងពេលសំរាលអាចនឹងបង្កអោយខ្វាក់ភ្នែក ឈឺនៅលើស្បែកក្បាល និងមានជំងឺ ។
រោគវិនិច្ឆ័យ
ដើម្បីកំណត់ពីបាក់តេរីជំងឺប្រមេះទឹកបាយដែលមាននៅក្នុងខ្លួនរបស់អ្នក គ្រូពេទ្យនឹងធ្វើការវិភាគកោសិការ ។ កោសិការដែលអាចយកមកវិភាគបានមានដូចជា៖
- តេស្តទឹកនោម៖ ការធ្វើបែបនេះប្រហែលជាជួយកំណត់បាក់តេរីនៅក្នុងបង្ហួរនោមរបស់អ្នកបាន ។
- កោសយកកោសិការលើកន្លែងដែលមានបញ្ហា៖ ការកោសនៅក្នុងបំពង់ក បង្ហួរនោម ទ្វារមាស ឬថ្នក់ពោះអាចម៏ប្រហែលជាអាចប្រមូលបានបាក់តេរីដែលនឹងត្រូវបានកំណត់នៅក្នុងមន្ទីរពិសោធន៍ ។
តេស្តសំរាប់រកមើលជំងឺឆ្លងតាមការរួមភេទផ្សេងៗទៀត
គ្រូពេទ្យក៏ប្រហែលជាណែនាំអោយធ្វើតេស្តរកមើលជំងឺឆ្លងតាមការរួមភេទផ្សេងៗទៀត ។ ជំងឺប្រមេះទឹកបាយធ្វើអោយការប្រឈមនឹងការឆ្លងជាពិសេស Chlamydia កាន់តែខ្លាំង ព្រោះវាមានការពាក់ព័ន្ធនឹងជំងឺប្រមេះទឹកនោមស្រាច់ ។ ការធ្វើតេស្តរកមើលជំងឺអេដស៍ក៏ត្រូវធ្វើផងដែរ ។ យោងទៅតាមកត្តាប្រឈមមុខ ការធ្វើតេស្តបន្ថែមរកមើលជំងឺឆ្លងតាមការរួមភេទដទៃទៀតក៏មានប្រយោជន៍ដែរ ។
ការព្យាបាល
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់មនុស្សវ័យជំទង់
មនុស្សវ័យជំទង់ដែលមានជំងឺប្រមេះទឹកបាយត្រូវព្យាបាលដោយប្រើថ្នាំអង់ទីបីយ៉ូទិច ។ ជាធម្មតាអ្នកត្រូវទទួលការព្យាបាលដោយការចាក់ថ្នាំ ឬលេបថ្នាំតាមមាត់ ។ យោងទៅតាមការស៊ាំថ្នាំ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (Centers for Disease Control and Prevention, CDC) ក្នុពេលបច្ចុប្បន្ននេះបានណែនាំថាចំពោះអ្នកជំងឺដែលមិនមានផលវិបាកត្រូវតែព្យាបាលដោយថ្នាំមួយប្រភេទដែលគេស្គាល់ថា Cephalosporins ។
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់ដៃគូរ
ដៃគូររបស់អ្នកក៏គួរតែធ្វើតេស្ត និងព្យាបាលបាលជំងឺប្រមេះទឹកបាយដែរ ទោះបីជាគេមិនមានបង្ហាញរោគសញ្ញាអ្វីក៏ដោយ ។ ដៃគូររបស់អ្នកត្រូវតែទទួលបានការព្យាបាលដូចគ្នានឹងអ្នកដែរ ។ ទោះបីជាអ្នកបានព្យាបាលជំងឺប្រមេះទឹកបាយរួចហើយក៏ដោយ អ្នកក៏អាចឆ្លងវាម្តង់ទៀតប្រសិនបើដៃគូររបស់អ្នកមិនបានព្យាបាល ។
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់ទារក
ក្មេងដែលកើតមកពីម្តាយដែលមានជំងឺប្រមេះទឹកបាយត្រូវតែអោយប្រើថ្នាំសំរាប់ព្យាបាលជំងឺភ្នែកអោយបានលឿនបំផុតបន្ទាប់ពីកើតរួចដើម្បីបង្ការការឆ្លង ។ ប្រសិនបើភ្នែករបស់គេមានជំងឺហើយ ទារកនោះត្រូវតែព្យាបាលដោយប្រើថ្នាំអង់ទីបីយ៉ូទិច ។
ការបង្ការ
ជំហានសំរាប់កាត់បន្ថយការប្រឈមនឹងជំងឺប្រមេះទឹកបាយមាន៖
- ប្រើស្រោមអនាម័យប្រសិនបើអ្នកជ្រើសរើសយកការរួមភេទ៖ ការតមរួមភេទគឺជាមធ្យោយបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺប្រមេះទឹកបាយ ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកការរួមភេទ ចូរប្រើស្រោមអនាម័យអោយបានគ្រប់ពេលរួមទាំងរួមភេទតាមរុន្ធគូថ តាមមាត់ ឬតាមទ្វារមាស ។
- ចូរអោយដៃគូររបស់អ្នកធ្វើតេស្តដើម្បីរកមើលជំងឺឆ្លងតាមការរួមភេទ៖ ចូររកអោយឃើញ និងតម្រូវអោយដៃគូររបស់អ្នកធ្វើតេស្តររកមើលជំងឺឆ្លងតាមការរួមភេទដូចជាជំងឺប្រមេះទឹកបាយជាដើម ។
- មិនត្រូវរួមភេទជាមួយអ្នកដែលមានរោគសញ្ញាទេ៖ ប្រសិនបើដៃគូររបស់អ្នកមានសញ្ញានៃជំងឺឆ្លងតាមការរួមភេទដូចជាក្រហាយពេលនោម ឬមានកន្ទួល ឬរមាស់ប្រដាប់ភេទ អ្នកមិនគួរណារួមភេទជាមួយនោះទេ ។
- ត្រូវធ្វើការពិនិត្យរកជំងឺប្រមេះទឹកបាយអោយបានទៀងទាត់ប្រសិនបើអ្នកមានការប្រឈមមុខខ្ពស់៖ ចូរនិយាយជាមួយគ្រូពេទ្យអំពីការពិនិត្យជាទៀងទាត់ប្រសិនបើអ្នកមានការប្រឈមខ្លាំងជាមួយជំងឺប្រមេះទឹកបាយ ។ អ្នកប្រហែលជាប្រឈមកាន់តែខ្លាំប្រសិនបើអ្នកមានជំងឺប្រមេះទឹកបាយ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗទៀតកាលពីមុន មានដៃគូរថ្មី មានដៃគូររួមភេទច្រើន៕