Join with Health.com.kh on Telegram

វា​គឺជា​រឿង​ដ៏​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការប្រឈមមុខ​នឹង​ការបែកបាក់​ស្នេហា ប៉ុន្តែ​វា​រឹតតែ​ពិបាក​នៅពេល​ដែល​អ្នក​ព្យាយាម​បំភ្លេច​មនុស្ស​ប្រុស​ម្នាក់​ដែល​កុហក​បោកប្រាស់​អ្នក​។ ការ​ដឹង​ថា​សង្សារ​របស់អ្នក​លួចលាក់​មាន​ស្រី​ផ្សេង​នៅ​ក្រោយខ្នង​អ្នក​គឺជា​រឿង​មួយ​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់​បំផុត​។ ចូរ​សាកល្បង​ប្រើ​វិធីសាស្ត្រ​ខាងក្រោម​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បំភ្លេច​រឿង​ចាស់​ហើយ​បន្តជីវិត​ថ្មី​ទៅមុខទៀត​។ ចូរ​រៀបចំ​ការ​ណាត់ជួប​ផ្ទាល់​មុខ​ជាមួយ​នឹង​គេ​។

ការបញ្ចប់​ដោយ​ការផ្ញើរ​សារ​សរសេរ​សំបុត្រ​ផ្ញើរ​អ៊ី​ម៉ែ​ល​ឬ​តាម​ទូរស័ព្ទ​មិនមែន​ជា​ការបញ្ចប់​ដោយ​ច្បាស់លាស់​នោះទេ​។ ចូរ​ប្រាកដ​ឲ្យ​ច្បាស់​ថា​បុរស​ម្នាក់​នោះ​ពិតជា​បោកប្រាស់​អ្នក​មែន​។ ចូរ​និយាយប្រាប់​គាត់​ពី​អារម្មណ៍​របស់​អ្នក​។

ចូរ​និយាយ​វា​ចេញ​មក​ឲ្យអស់ មិន​ថា​វា​ត្រូវ​ចំណាយពេល​យូរ​ប៉ុណ្ណា​នោះទេ ព្រោះ​វា​គ្មាន​ផ្លូវ​ដែល​អ្នក​អាច​បង្កើត​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​វិញ​នោះ​ទេ​ប្រសិនបើ​គេ​ពិតជា​ក្បត់​នឹង​អ្នក​មែន​។ ប្រសិនបើ​អ្នក​ប្រាកដ​ថា​គេ​ក្បត់​មែន​នោះ​ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

– មើល​កញ្ចក់​៖ ប្រាប់​ខ្លួនឯង​ថា​អ្នក​ស្អាត​និង​ឆ្លាត ហើយ​មនុស្ស​ប្រុស​ដែល​ក្បត់​អ្នក​នោះ​មិន​មាន​សាក​សម​ធ្វើ​ជា​មិត្ត​ប្រុស​របស់​អ្នកនោះ​ទេ​។ គេ​មិន​មាន​តម្លៃ​សម្រាប់​អ្នក​ក្នុង​ការចំណាយ​កម្លាំង​ឬ​គំនិត​ទៅ​លើ​គេ​នោះទេ​។ គេ​ក្បត់​អ្នក​ព្រោះ​គេ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​គ្រប់គ្រាន់​ចំពោះ​ខ្លួនគេ​។​

– ចេញ​ក្រៅ​ដើរលេង​ជាមួយ​មិត្តភក្តិ​៖ ចូរ​ធ្វើ​អ្វី​ដើម្បី​បន្លប់​ខ្លួន​អ្នក​ចេញ​ពី​ភាពឈឺចាប់​។ វា​អាច​ធ្វើឲ្យ​អ្នកឈឺចិត្ត​មួយរយៈ​ប៉ុន្តែ​អ្នក​មិន​ត្រូវ​បន្ត​ឈឺចាប់​រហូត​នោះ​ទេ​។​

– ធ្វើ​តាម​ទំនើងចិត្ត​ខ្លួនឯង​៖ អ្នក​អាច​ទៅ​ស្ប៉ាឬ​ដើរលេង​។ អ្នក​អាច​ញ៉ាំ​សូកូឡា​ឬ​ទៅ​កក់សក់ លាប​ម៉ូត​ក្រចក​ឬអ្វី​ផ្សេងៗ​ទៀត​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​។​

– សន្យា​នឹង​ខ្លួន​អ្នក​ថា​អ្នកនឹង​រៀន​ពី​កំហុស​ឆ្គង​មួយ​នេះ​៖ ចូរ​ក្រលេក​មើល​ពី​សញ្ញា​ផ្សេងៗ​ដែល​បង្ហាញថា​គេ​កំពុងតែ​ក្បត់ ប៉ុន្តែ​អ្នក​មិន​ចាប់​អារម្មណ៍​។ ចូ​រស្បត់​ថា​អ្នកនឹង​មិនឲ្យ​គេ​បោក​ម្តងទៀត​នោះទេ​ហើយ​នឹង​ស្វែងរក​បុរស​ដែល​ស្មោះត្រង់​ឲ្យបាន​ប្រយ័ត្នប្រយែង​ជាង​មុន​។​

– មិន​ត្រូវ​ឆ្អែត​ចិត្ត​ទេ​៖ ដោយសារតែ​មនុស្ស​ប្រុស​ម្នាក់​ក្បត់​នឹង​អ្នក​មិន​មែន​មានន័យ​ថា​មនុស្ស​ប្រុស​ដទៃទៀត​សុទ្ធតែ​ក្បត់​ដែរ​នោះ​ទេ​។​

– មិន​ត្រូវ​បន្ទោស​ខ្លួនឯង​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា​គេ​មាន​កំហុស​យ៉ាង​ធំ​ដែល​ធ្វើឲ្យ​បាត់បង់​អ្នក​។​

– ទុកឲ្យ​គេ​ទៅ​ចុះ​ហើយ​ទទួលស្គាល់​ការពិត​ថា​គេ​បោកប្រាស់​អ្នក​។ ប្រសិនបើ​អ្នក​ព្យាយាម​ឃាត់​គេ​ឲ្យនៅគេ​អាច​នឹង​ក្បត់​អ្នក​ជាថ្មី​ម្តងទៀត​។​

– ចូរ​ញញឹម​ហើយ​ត្រូវ​រស់នៅ​ឲ្យ​ជីវិត​ពោរពេញ​ដោយ​អត្ថន័យ​។​

– មិនត្រូវ​បិទទ្វារ​បេះដូង​របស់​អ្នកនោះ​ទេ​គ្រាន់តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​បុរស ប៉ុន្តែ​អ្នក​ត្រូវ​សាកល្បង​ម្តងទៀត​នៅពេល​ដែល​អ្នក​ប្រាកដថា​បុរស​ម្នាក់​ទៀត​ពិតជា​ស្មោះត្រង់​មែន​។​

– កែប្រែ​ខ្លួន​របស់​អ្នក​កាន់តែ​ស្អាត​៖ ប្រសិនបើ​គេ​ឃើញ​អ្នក​ម្តងទៀត​គេ​នឹង​មាន​ការសោកស្តាយ​ដែល​ក្បត់ចិត្ត​អ្នក​ហើយ​និង​ដឹងថា​គេ​ជា​មនុស្ស​ល្ងង់​ដែល​បោះបង់​អ្នក​៕