ថ្វីបើអាការៈទល់លាមកគឺជាបញ្ហាកើតមានជាញឹកញាប់ក៏ដោយ ក៏អ្នកអាចមានមធ្យោបាយជាច្រើនដើម្បីបង្ការកុំអោយវាកើតមានបានដែរដូចជា ផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ។
អាហារសរសៃ
ចូរប្រាកដថា អ្នកបានញ៉ាំអាហារសរសៃគ្រប់គ្រាន់ហើយ។ មនុស្សវ័យជំទង់ភាគច្រើនមិនបានញ៉ាំអាហារសរសៃគ្រប់គ្រាន់នោះទេ ដូច្នេះអ្នកគួរតែញ៉ាំវាអោយបានយ៉ាងហោចណាស់ ១៨ក្រាមក្នុងមួយថ្ងៃ។ អ្នកអាចបង្កើនការទទួលទានអាហារសរសៃបានតាមរយៈការញ៉ាំអាហារដូចខាងក្រោមនេះអោយបានច្រើន៖
– ផ្លែឈើ
– បន្លែ
– បាយ
– គ្រាប់ធញ្ញជាតិ
– សណ្តែក

ការញ៉ាំអាហារសរសៃកាន់តែច្រើននឹងជួយថែរក្សាការបន្ទោបង់របស់អ្នកបានទៀងទាត់ព្រោះវាជួយអោយអាហារធ្វើដំណើរក្នុងប្រព័ន្ធរំលាយអាហារកាន់តែស្រួល។ អាហារដែលមានជាតិសរសៃខ្ពស់ក៏ធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរដែរ។
បើសិនជាអ្នកបង្កើនការញ៉ាំអាហារសរសៃ យកល្អគួរតែបង្កើនវាបន្តិចម្តងៗទៅ ព្រោះកាលណាបង្កើនការញ៉ាំច្រើនភ្លាមៗអាចធ្វើអោយហើមពោះផោមច្រើន និងឈឺក្រពះផងដែរ។

ជាតិទឹក
ចូរប្រាកដថា អ្នកបានផឹកទឹកច្រើនដើម្បីបំបាត់ការខ្សោះជាតិទឹក និងបង្កើនការផឹកទឹកនៅពេលកំពុងហាត់ប្រាន ឬអាកាសធាតុក្តៅ។ ចូរព្យាយាមកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន, ស្រា និងភេសជ្ជៈមានជាតិហ្គាស។
មានទម្លាប់ចូលបង្គន់
មិនត្រូវធ្វើមិនដឹងនៅពេលចង់ចូលបង្គន់ឡើយ ព្រោះវាអាចបង្កើនការទល់លាមកបាន។ ពេលវេលាដ៏ល្អបំផុតសម្រាប់ការបន្ទោបង់គួរតែធ្វើមុនគេនៅពេលព្រឹក ឬ ៣០នាទីក្រោយពេលញ៉ាំអាហាររួច។ នៅពេលអ្នកចូលបង្គន់ ចូរប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបន្ទោបង់អោយមានផាសុខភាព។
ហាត់ប្រាណ
ការរក្សារាងកាយអោយមានចលនា និងសកម្មនឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺទល់លាមកបានយ៉ាងច្រើន។ យកល្អ ចូរធ្វើលំហាត់ប្រាណអោយបាន ១៥០នាទីជារៀងរាល់សប្តាហ៍។ ការហាត់ប្រាណជាទៀងទាត់មិនត្រឹមតែជួយកាត់បន្ថយការទល់លាមកតែមួយមុខនោះទេ តែក៏ជួយអោយអ្នកយល់ថាខ្លួនមានសុខភាពល្អ និងអារម្មណ៍ល្អ ព្រមទាំងរាងកាយសមសួនទៀតផង៕