ដុំសាច់ក្នុងស្បូន គឺជាការលូតលាស់ដុំសាច់មួយប្រភេទ ដែលមិនមែនមហារីក ហើយច្រើនតែកើតមាន ក្នុងវ័យបន្តពូជ។ ដុំសាច់ក្នុងស្បូន អាចហៅថា Uterine Fibroid, Leimyomas ឬ Myomas។ ដុំសាច់នេះមិនមានទំនាក់ទំនង ដែលធ្វើឱ្យប្រឈមកាន់តែខ្លាំងនឹង ជំងឺមហារីកស្បូនឡើយ។

ដុំសាច់ក្នុងស្បូន កើតឡើងចេញពី ជាលិកាសាច់ដុំរលោង (Myometrium)។ ដុំសាច់ភាគច្រើន ដែលធ្លាប់កើតមាន ក្នុងពេលមានផ្ទៃពោះ នឹងរួចស្វិតវិញ ឬបាត់ទៅវិញ ក្រោយពីសម្រាលកូនរួច ជាពិសេសពេលស្បូនវិវត្តទៅទំហំធម្មតាវិញ។
ស្ត្រី ៣ នាក់ក្នុងចំណោម ៤ តែងតែមានដុំសាច់ក្នុងស្បូន ក្នុងពេលវេលាណាមួយក្នុងជីវិត ប៉ុន្តែ ភាគច្រើន គឺពួកគេមិនបានដឹងថា ខ្លួនឯងមានវាឡើយ ព្រោះវាមិនបង្កជា រោគសញ្ញាអ្វីឡើយ។ គ្រូពេទ្យអាចនឹងរកឃើញ ដុំសាច់នេះដោយចៃដន្យ ក្នុងពេលពិនិត្យក្នុងអាងត្រគាក ឬថតអេកូ តាមដានកូនក្នុងផ្ទៃពោះ។

មានកត្តាមួយចំនួនតូច ដែលអាចប្រឈមនឹង ដុំសាច់ក្នុងស្បូនដែរ ដូចជា ៖
• ដំណរពូជ ៖ បើសិនជាម្តាយ ឬបងប្អូនស្ត្រី មានដុំសាច់ក្នុងស្បូនហើយ នោះអ្នកក៏ប្រឈមនឹងជំងឺនេះ កាន់តែខ្លាំងដែរ។
• ជាតិសាសន៍ ៖ ស្ត្រីស្បែកខ្មៅ ប្រឈមនឹងការកើតដុំសាច់នៅស្បូន ច្រើនជាងស្ត្រីស្បែកស ឬពណ៌ស្បែកផ្សេងៗទៀត។ ក្រៅពីនេះ ស្ត្រីស្បែកខ្មៅ ក៏កើតដុំសាច់ នៅអាយុវ័យក្មេង និងមានទំហំធំៗដែរ។
• កត្តាផ្សេងៗទៀត ៖ នៅពេលចាប់ផ្តើមមករដូវ នៅអាយុក្មេងពេកពេក ការញ៉ាំអាហារសម្បូរសាច់ក្រហម និងមិនសូវមានជាតិបន្លែពណ៌បៃតង និងផ្លែឈើ ព្រមទាំងញ៉ាំគ្រឿងស្រវឹងទៀត នោះវានឹងប្រឈមកាន់តែខ្លាំង នឹងការកើតដុំសាច់ក្នុងស្បូនដែរ៕