ការ​សើច​ជួយ​យើង​ក្នុង​ការប្រឈមមុខ​នឹង​ការឈឺចាប់ និង​ជាមួយ​នឹង​ភាពលំបាក ហើយ​មាន​តម្លៃ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ព្រោះ​វា​ជួយ​កាត់បន្ថយ​ភាព​ខ្វាយខ្វល់​រប​សើ​យើង​និង​ជួយ​រាង្គ​កាយ​យើង​ឱ្យ​ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​។ ចូរ​ចំណាយ​ពេលវេលា​ខ្លះ​នៅ​ពេល​ដែល​អ្នក​ឈឺ​ឬ​ព្រួយបារម្ភ​ពី​សុខភាព​របស់​អ្នក ដើម្បី​មើល​រឿង​កំប្លែង​ឬ​អាន​សៀវភៅ​សំណើច​ដែល​អ្នក​ចូលចិត្ត​។​

​ ​វេជ្ជបណ្ឌិត ស្ទីវ អាឡេន (Steve Allen JR.) គឺជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​និង​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​ញូយ៉ក​។ គាត់​បាន​បង្រៀន​ពី​ឥទ្ធិពល​នៃ​ការ​សើច​ចំពោះ​ការព្យាបាល អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​។ គាត់​គឺជា​កូនប្រុស​របស់​អតីត​តារា​សម្តែង​និង​តារា​កំប្លែង ស្ទីវ អាឡេន (Steve Allen)​។​

​ ​វេជ្ជបណ្ឌិត អាឡេន ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ប្រើ​វិធីសាស្ត្រ​និយាយ​កំប្លែង​និង​លេង​សៀក​ដើម្បី​ជួយ​ឱ្យ​អ្នក​ជំងឺ​របស់​គាត់​មាន​អារម្មណ៍​ស្ងប់ ឬ​ទោះបីជា​ពេល​ដែល​គាត់​កំពុង​ណែនាំ​ពត៌មាន​ប្រាប់​គ្រូពេទ្យ​ដទៃ​ក៏ដោយ​។ វេជ្ជបណ្ឌិត អាឡេន បាន​និយាយថា ការ​សើច​មាន​ទាំង​ផលប្រយោជន៍​ចំពោះ​សុខភាព​និង​ផលប្រយោជន៍​ចំពោះ​ជីវិត​៖ “​វា​ជួយ​ឱ្យ​មនុស្ស​រៀន​បាន​កាន់តែ​ល្អ​ជាង​មុន កាន់តែ​មាន​គំនិត​ច្នៃប្រឌិត និង​ការដោះស្រាយ​បញ្ហា​។ វា​ជួយ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន​”​។​

​ ​ការស្រាវជ្រាវ​ក៏​បាន​បញ្ជាក់ថា​ជំនឿ​របស់​វេជ្ជបណ្ឌិត អេ​ឡេន ជា​ការពិត​ដែរ​។​

​ ​វេជ្ជបណ្ឌិត ស្តេ​វិន ស៊ុល​តាណូ​ហ្វ (Steven Sultanoff) អតីត​ប្រធាន​សមាគម​ការព្យាបាល​ដោយ​ប្រើ​សំណើច និយាយថា ការសិក្សា​បង្ហាញថា ការ​សើច​ហាក់ដូចជា​បង្កើន​អង្គ​បដិបក្ខ​ដែល​ប្រឆាំង​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ និង​ការឆ្លង​ផ្សេងទៀត​។ វា​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស​ដោយ​ការបន្ទាប​កម្រិ​ត​អរ​ម៉ូ​ន cortisol ដែល​ជា​អរ​ម៉ូ​ន​ដែល​រាង្គ​កាយ​បញ្ចេញពេល​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ត្រេ​ស​។ សំណើច​ក៏​ជួយ​បង្កើន​ការ​ទប់ទល់​នឹង​ការឈឺចាប់ ដែលជា​មូលហេតុ​ដែល​វេជ្ជបណ្ឌិត ស៊ុល​តាណូ​ហ្វ តែងតែ​ចាក់​កាសែត​កំប្លែង​ស្តាប់​រាល់ពេល​ដែល​គាត់​បើកបរ​ទៅកាន់​ពេទ្យ​ធ្មេញ​។​

​ ​វេជ្ជបណ្ឌិត ស៊ុល​តាណូ​ហ្វ និយាយថា “​យើង​ដឹង​ថា​គំនិត​របស់​យើង​មាន​ទាក់ទង​ផ្ទាល់​ទៅ​នឹង​អារម្មណ៍​របស់​យើង​។ មនុស្ស​យើង​អាច​គិត​រហូត​ធ្វើឱ្យ​ខ្លួន​ឯង​បាក់​ទឹកចិត្ត ខ្វល់ខ្វាយ ឬ​ខឹងសម្បារ​។ ប៉ុន្តែ​ជាមួយ​នឹង​សំណើច យើង​ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​ឱ្យទៅ​ជា​គំនិត​វិជ្ជមាន​”។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង