ក្នុងពេលបច្ចុប្បន្ននេះ ហ្វេសប៊ុកបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលទទួលបាននូវប្រជាប្រិយភាពជាខ្លាំង ចំពោះមនុស្សគ្រប់វ័យ ។ ជាក់ស្តែងហ្វេសប៊ុក គឺជាប្រព័ន្ធទំនាក់ទំនង មួយដ៏អស្ចារ្យ ដែលអាចឲ្យអ្នករក្សាទំនាក់ទំនងជាមួយមិត្តគ្រប់ទីកន្លែង មិនថាពួកគេនៅជិត ឬឆ្ងាយ ក៏ដូចជាចែករំលែកនូវរូបភាព និងដំណឹងទាន់ហេតុការណ៍ផ្សេងៗនៅក្នុងសង្គម។ ប៉ុន្តែទន្ទឹមនឹងនេះ ហ្វេសប៊ុកក៏មានឥទ្ធិពលអវិជ្ជមានមួយចំនួន ទៅលើជីវិតប្រចាំថ្ងៃ និងភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗផងដែរ។

វាអាចបាចសាចនូវពាក្យចចាមរ៉ាម បង្កជាបញ្ហា និងជាវេទិកាសម្រាប់មនុស្សចំនួន ធ្វើការបង្អួត ឬឈ្លោះគ្នា។ ដើម្បីបង្ការនូវបញ្ហាផ្សេងៗ និងចៀសវាងហ្វេសប៊ុកបំផ្លាញ ជីវិតផ្ទាល់ខ្លួននោះ អ្នកគប្បីមិនគួរផុស ឬស្ហែរនូវរឿងទាំង ៨ចំណុចខាងក្រោមនេះ ៖
១. បញ្ហានៅក្នុងទំនាក់ទំនងរបស់អ្នក
វាពិតជាមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកផុសនូវជំលោះផ្សេងៗ ដែលអ្នកកំពុងមាន ឬរឿងរ៉ាវអ្វីមួយ ដែលធ្វើឲ្យអ្នកអំពល់ ឬអាចជាវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ ( អ្នកកំពុងពិចារណា និងសម្រេចចិត្តធ្វើការលែងលះ ឬរស់នៅបែកគ្នាជាមួយដៃគូរ) នៅអាខោនហ្វេសប៊ុករបស់អ្នក ។ ទោះជាពេលខ្លះអ្នកគិតថា វាជាវិធីមួយដែលអ្នកអាចចែករំលែកនូវការឈឺចាប់ ដើម្បីទទួលបាននូវការគាំទ្រផ្នែកផ្លូវចិត្ត ឬរឹតចំណងមិត្តភាពរបស់អ្នក តែវាក៏អាចត្រលប់ផ្តល់មកវិញនូវ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅដល់កិត្តិយសអ្នក និងគ្រួសារនាថ្ងៃក្រោយបានដែរ។

អ្វីដែលពួកគេបានឃើញ គឺត្រឹមតែផ្នែកនៃការបង្កជំលោះ តែពួកគេមិនបានឃើញនូវការសុំទោស និងអធ្យាស្រ័យរបស់ភាគីម្ខាងទៀត ចំពោះអ្នកនោះទេ។ ក្រោយមកទៀត អ្នកបែរជាផុសថាអ្នកទាំងពីរត្រូវគ្នាវិញហើយ តើអ្នកគិតថាមនុស្សដទៃនឹងយល់បែបណាចំពោះអ្នកដែរ ? ពួកគេប្រាកដជាគិតថា អ្នកល្ងង់ ដែលនៅតែទ្រាំរស់នៅជាមួយមនុស្សដែលធ្វើខុសម្តងហើយម្តងទៀត ។
លើសពីនេះទៅទៀត ភាគីម្ខាងទៀតក៏អាចនឹងទទួលនូវភាពឈឺចាប់ ឬប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ដោយសារអ្នកបានយក គេមកធ្វើជាប្រធានបទ ជីកកកាយឲ្យមនុស្សម្នានៅក្នុងប្រព័ន្ធសង្គមមួយនេះ បានដឹងនូវចំណុចខុសឆ្គងរបស់គេ។ បើអ្នកជាគេវិញ តើអ្នកមានអារម្មណ៍បែបណា? គ្មានមនុស្សណា ដែលមិនចេះធ្វើខុសនោះទេ សំខាន់គឺការកំណត់នូវ ចំនួនដងនៃការធ្វើខុសចំពោះទង្វើដដែលៗ ។អ្វីដែលសំខាន់នោះ គឺអ្នកត្រូវចេះរក្សាការសម្ងាត់ផ្ទាល់ខ្លួន និងរឿងរ៉ាវក្នុងជីវិតក្នុងគ្រួសារ ព្រោះយើងមិនអាចដឹងបានទេថា អ្នកណាជាអ្នកស្រលាញ់យើងពិត ឬលួចរិះគន់យើងពីក្រោយនោះ ។
២. រូបភាពអាសអាភាស មិនថាចំពោះកុមារឬមនុស្សចាស់
ពេលខ្លះអ្នកគិតថា រូបភាពស្រាតរបស់ទារក ឬកុមារ ហាក់នឹងមើលទៅគួរឲ្យស្រលាញ់ និងគួរឲ្យខ្នាញ់ ហើយវាហាក់នឹងគ្មានផលប៉ះពាល់អ្វីឡើយ តែជាការពិតអ្នកក៏មិនគប្បីផុស ឬស្ហែរវានៅហ្វេសប៊ុកនេះដែរ។ មិនខុសគ្នាពីរូបមនុស្សពេញវ័យ ឬខ្លួនអ្នកផ្ទាល់ ចៀសវាងការបង្ហាញនូវរូបភាពណាដែលប៉ះពាល់ទៅដល់អារម្មណ៍អ្នកដទៃ ម្យ៉ាងវិញទៀត យើងក៏មិនដឹងដែរថាតើ អាចមានមនុស្សណាខ្លះដែលអាចសេវទុករូបទាំងនេះ និងយកវាទៅប្រើក្នុងផ្លូវមិនល្អ ។ នៅក្នុងហ្វេសប៊ុកក៏មានរូបភាព icon sticker ដែលអាចឲ្យអ្នកប្រើវាយកមកបិទបាំងនូវចំណុចណា ដែលអ្នកមិនចង់បង្ហាញបានដែរ ។

៣. រឿងអាម៉ាស់របស់បុគ្គលណាម្នាក់
ប្រសិនបើអ្នកចង់ចែករំលែកជាមួយមនុស្សរាល់គ្នា នូវរឿងរ៉ាវដ៏គួរឲ្យខ្មាស់របស់អ្នកនៅក្នុង បណ្តាញសង្គមមួយនេះ ដោយអ្នកមិនខ្វល់អ្វីទាំងអស់ នោះអ្នកអាចធ្វើវាបាន។ ប៉ុន្តែប្រសិនបើ វាជារឿងរបស់បុគ្គលផ្សេង មិនថាជាដៃគូរ, ក្រុមគ្រួសារ, មិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នក នោះចូរអ្នកគិតសារជាថ្មី ឬដរាបណាមានការអនុញ្ញាតពីពួកគេ ។ វាអាចជារឿងកំប្លែងសម្រាប់ អ្នក និងមនុស្សដទៃទៀតដែលបានដឹងពីវា តែសម្រាប់បុគ្គលនោះផ្ទាល់នឹងមានអារម្មណ៍មិនសុខស្រួល ឬខ្មាស់អៀនជាខ្លាំង នៅពេលដែលគ្រប់គ្នាបានដឹងនូវកំហុសឆ្គងរបស់គេនេះ ។
៤.អាស័យដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួន
វាជាការឲ្យភ្ញាក់ផ្អើលមួយ ដែលមនុស្សមួយចំនួនបានផុសនូវប័ណ្ណបើកបរថ្មីរបស់ពួកគេ ឬcommennt លេខទូរស័ព្ទផ្ទាល់ខ្លួន ដែលឲ្យមនុស្សជាច្រើនមើលឃើញវា។ អ្នកមិនអាចដឹង ទេថាតើ មានមនុស្សណាខ្លះ ដែលអាចប្រើនូវព័ត៌មានពិតរបស់អ្នកនេះ យកទៅធ្វើរឿងមិនល្អអ្វីមួយ ដូច្នេះដំណោះស្រាយដ៏ល្អ អ្នកគួរមានការប្រុងប្រយ័ត្ននូវព័ត៌មានទាំងឡាយ ដែលទាក់ទងនឹងជីវិតផ្ទាល់ខ្លួនអ្នក ឬកំណត់ថាតើអ្នកណាខ្លះ ដែលអាចមើលឃើញវា។
៥. អារម្មណ៍អវិជ្ជមានទៅលើអ្វីមួយ
ជាការពិតនៅលើលោកនេះ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ការជួបនូវភាពសោកស្តាយ ឬការមិនពេញចិត្តនឹងអ្វីមួយ តែងកើតមាននៅក្នុងដំណាក់កាលណាមួយនៅក្នុងជីវិត។ ឧទាហរណ៍ ប្រសិនបើអ្នកមិនពេញចិត្តនឹង ពិធីជប់លៀងមួយនៅជិតផ្ទះរបស់អ្នក ឬ ការលាបថ្នាំពណ៌នៅលើជញ្ជាំងផ្ទះអ្នកជិតខាងអ្នក ធ្វើឲ្យអ្នកមិនសប្បាយចិត្ត តើអ្នកចង់ផុសរឿងទាំងនេះ ប្រាប់ដល់មនុស្សរាល់គ្នាឲ្យបានដឹងឬ? ជាការពិតបើទោះជាអ្នកផុសវា ក៏គ្មានអ្វីអាចនឹងផ្លាស់ប្តូរចំពោះស្ថានភាពនេះដែរ។ ចូរគិតថា បើមនុស្សដែលអ្នកកំពុងរិះគន់នោះ គឺជាខ្លួនអ្នកវិញ តើអ្នកមានអារម្មណ៍បែបណា? គ្មានអ្នកណាគេ សប្បាយចិត្តនឹងដឹងថារឿងរបស់ខ្លួន ត្រូវបានគេយកទៅធ្វើជាប្រធានបទវែកញែករកខុសត្រូវនោះទេ។ ប្រាកដណាស់ នេះជាអាខោនរបស់អ្នក ហើយវាជាសិទ្ធរបស់អ្នក ក្នុងការនិយាយនូវអ្វីដែលអ្នកចង់និយាយ ប៉ុន្តែក៏អ្នកត្រូវចាំផងដែរ ថាអ្នកគួរផ្តល់យោបល់រិះគន់ស្ថាបនាបាន ដរាបណាមានមនុស្សស្នើរសុំឲ្យអ្នកធ្វើដូចនេះ ។
៦. រូបភាពនៃការប៉ះទង្គិចផ្សេងៗដែលអាចនឹងប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ
មនុស្សមួយចំនួនគិតថា ការផុសរូបភាពនៃរបួសខ្លួន ឬអ្វីដែលគួរឲ្យខ្ពើម អាចនឹងក្លាយជាចំណាប់អារម្មណ៍ទាក់ទាញមិត្តឲ្យ like ឬ comment លើកទឹកចិត្តអ្នក។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏អាចប៉ះពាល់ដល់អារម្មណ៍មនុស្សមួយចំនួន ដែលអាចធ្វើឲ្យគេក្អួត ឬសន្លប់បានទៀតផង ។ ពិតណាស់នេះ គឺជាអាខោនផ្ទាល់ខ្លួនអ្នក និងជាសិទ្ធក្នុងការផុសនូវរឿងរ៉ាវដែលអ្នកចង់ចែករំលែក តែអ្នកក៏ត្រូវដឹងផងដែរ ថារាល់អ្វីដែលអ្នកផុស នឹងលោតចូលទៅក្នុង News Feeds របស់មិត្តទាំងអស់ ដែលវាពិតជាពិបាកថាមិនរំលងឃើញនូវរូបភាពទាំងអស់នេះណាស់។
៧. រាល់រឿងរ៉ាវផ្សេងៗដែលអ្នកមិនចង់ឲ្យអ្នកដទៃដឹង
ប្រសិនបើអ្នកស្អប់ការងាររបស់អ្នក ឬ កុហកថាអ្នកមិនស្រួលខ្លួន ខណៈពេលដែលអ្នកកំពុងតែគេចទៅដើរលេង ឬរវល់ធ្វើកិច្ចការអ្វីមួយផ្សេងនោះ ប្រាកដណាស់ អ្នកមិនគួរផុសវានៅក្នុងហ្វេសប៊ុកនោះទេ ។ រូបភាព ឬស្តេធឹសទាំងនោះ អាចនឹងក្លាយជាប្រធានបទ ក្នុងចំណោមមិត្តរួមការងារអ្នក ឬអាចលឺដល់ប្រធានរបស់អ្នក ព្រមទាំងអាចធ្វើឲ្យអ្នកបាត់បង់ការងារបានគ្រប់ពេល។ ទោះជាអ្នកប្រាកដថា អ្នកបានព្យាយាមលាក់វាពីក្រុមមនុស្សមួយចំនួន ដែលអ្នកមិនចង់ឲ្យឃើញវា តែនោះក៏វាមិនធានាដែលថាពួកគេមិនអាចឃើញវា តាមរយៈអាខោនរបស់អ្នកដទៃបានដែរ ។
៨. ព័ត៌មានរបស់អ្នកដទៃ
មានរឿងមួយចំនួន ដែលបុគ្គលខ្លះ អាចនឹងមិនចង់ចែករំលែកវាជាមួយអ្នកដទៃដូចជា ទំនាក់ទំនងដៃគូរស្នេហា,ការមានផ្ទៃពោះ ឬការរើផ្ទះជាដើម។ ប្រសិនបើអ្នកចង់អបអរសាទរពួកគេ ឬចែករំលែកនូវដំណឹងល្អរបស់ពួកគេនោះ ចូរប្រាកដថាអ្នកបានទទួលការអនុញ្ញាតពីពួកគេជាមុនសិន ឬអាចផ្ញើរសារជូនពរដោយផ្ទាល់ ទៅក្នុងប្រអប់សាររបស់ពួកគេ។ អ្នកក៏អាចចែករំលែកនូវដំណឹងនេះល្អបានដើរ ប្រសិនបើពួកគេបានបើកចំហរនូវរឿងរ៉ាវទាំងនេះ ។
ខណៈពេលដែលការផុសមួយចំនួន អ្នកអាចនឹងគិតថាមិនមានផលប៉ះពាល់អ្វីមួយ តែវាតែងមានផលរំខាននៅពីក្រោយវាជានិច្ច ដែលពេលខ្លះវាអាចផ្តល់នូវការឈឺចាប់ ឬសោកស្តាយចំពោះអ្នកដទៃ។ ដូច្នេះចូរពិចារណាឲ្យបានឌិតដល់ជាមុនសិន មុននឹងអ្នកសម្រេចចិត្តផុស ឬស្ហែរអ្វីមួយ នៅក្នុងអាខោនហ្វេសប៊ុករបស់អ្នក ៕