ស្បែកស្ងួតមិនត្រឹមតែធ្វើឲ្យអ្នកមិនគួរឲ្យទាក់ទាញនោះទេវាក៏ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកផងដែរ។ វាអាចកើតឡើងនៅគ្រប់កន្លែងលើរាង្គកាយរបស់អ្នករួមទាំងមុខផងដែរ។ បញ្ហាស្បែកស្ងួតអាចបង្ករឡើងដោយកង្វះជាតិទឹក, ខ្យល់ស្ងួត(ច្រើនកើតមានក្នុងរដូវត្រជាក់), ឬអាឡែហ្ស៊ី។ ដោយសារតែវាអាចកើតឡើងដោយសារមូលហេតុខុសៗគ្នាច្រើន ដូច្នេះវាក៏មានវិធីសាស្ត្រច្រើនដែលអាចដោះស្រាយបញ្ហាស្បែកស្ងួតរបស់អ្នកដែរ។

ដំណោះស្រាយមួយចំនួនអាចតម្រូវឲ្យអ្នកផ្លាស់ប្តូរផលិតផលលាងមុខឬលាងខ្លួន ឬទម្លាប់នៃការមុជទឹក ចំណែកដំណោះស្រាយខ្លះទៀតគ្រាន់តែតម្រូវឲ្យអ្នកជៀសវាងផលិតផលឬទម្លាប់តែប៉ុណ្ណោះ។ ចូរសាកល្បងរាល់ដំណោះស្រាយទាំងអស់រហូតទាល់តែអ្នករកឃើញដំណោះស្រាយមួយដែលមានប្រសិទ្ធិភាពសម្រាប់អ្នក។
១. ចូរប្រើផលិតផលសារធាតុសំណើមដែលគ្មានជាតិប្រេងជារៀងរាល់ថ្ងៃ។ ប្រសិនបើស្បែករបស់អ្នកអាឡែហ្ស៊ីឬមិនអាចប្រើឡេបានអ្នកអាចប្រើផលិតផលណាដែលគ្មានក្លិនឬគ្មានឡាណូលីន (lanolin)។ចូរលាបក្រែមនោះលើមុខរបស់អ្នកក្រោយពេលមុជទឹកប៉ុន្តែមិនត្រូវយកកន្សែងជូតមុខរបស់អ្នកឲ្យស្ងួតពេកនោះទេ។ អ្នកគ្រាន់តែផ្តិតស្បែករបស់អ្នកឲ្យស្ងួតបានហើយបន្ទាប់មកលាបវាលើតិចៗលើមុខដែលសើមតិចៗរបស់អ្នក។

២. ជៀសវាងការប្រើសាប៊ូពេលលាងមុខរបស់អ្នក។ ចូរប្រើទឹកលាងសម្អាតមុខ (facial cleanser) ជំនួសវិញ ព្រោះក្លិនដែលមានក្នុងសាប៊ូអាចជាមូលហេតុបង្ករឲ្យស្បែករបស់អ្នកស្ងួត។ ចូរសាកល្បងប្រើទឹកលាងសម្អាតមុខដែលគ្មានក្លិនហើយមិនត្រូវប្រើវាច្រើនជាងពីរដងនោះទេក្នុងមួយថ្ងៃ។
៣. ជៀសវាងការប្រើទឹកtoner (ទឹកសម្រាប់លាងជាតិខ្លាញ់លើមុខ) និងហ្វូមប្រើក្រោយពេលកោរពុកមាត់ ដែលមានជាតិអាល់កុល។ ជាតិអាល់កុលហួតក្នុងរយៈពេលយ៉ាងលឿនហើយវាធ្វើឲ្យស្បែកស្ងួត។
៤. ចូរប្រើឡេការពារកម្តៅថ្ងៃនៅពេលដែលអ្នកប៉ះនឹងពន្លឺថ្ងៃរយៈពេលយូរ។ ការប៉ះនឹងពន្លឺថ្ងៃយូរពេកនឹងធ្វើឲ្យស្បែករបស់អ្នកស្ងួត។
៥. ចូររក្សាភាពសំណើម៖ ចូរពិសារទឹកឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ វាមិនត្រឹមតែជួយអ្នកឲ្យជៀសវាងពីបញ្ហាស្បែកស្ងួតនោះទេវាថែមទាំងជួយមិនឲ្យមុខអ្នកឡើងមុនទៀតផង៕