គ្មាននរណាម្នាក់ប្រាថ្នា ចង់អោយស្បែកខ្លួនឯងឆាប់ចាស់ពេកនោះទេ ។ប៉ុន្តែទម្លាប់មិនល្អ និង សកម្មភាពមួយចំនួន អាចធ្វើអោយអ្នកមានស្នាមជ្រាវជ្រួញមុនអាយុ ប្រសិនបើអ្នក មិនបានយកចិត្តទុកដាក់ ក្នុងការថែទាំស្បែកអ្នក អោយបានត្រឹមត្រូវនោះទេ។
ខាងក្រោមនេះ គឺជាចំណុច ដែលអ្នកគួរចៀសវាង ប្រសិនបើអ្នកមិនចង់អោយស្បែកអ្នកឆាប់ចាស់នោះ ៖

មិនប្រើឡេការពារកម្តៅថ្ងៃ
ចំណុចទីមួយដែលអ្នកធ្វើឱ្យស្បែកឆាប់ចាស់? គឺការមិនប្រើឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ។ អ្នកគួរជ្រើសរើស ផលិតផលឡេការពារកម្តៅថ្ងៃណាដែលទប់ស្កាត់បានទាំងរស្មី UVA និង UVB ដែលមាន SPF យ៉ាងតិច ៣០។ រូបមន្តដែលអាចប្រឆាំងអុកស៊ីតកម្មបានល្អគឺផ្សំឡើងពីរូបមន្តដូចជា resveratrol, វីតាមីន C, idebenone ឬcoffee berry។
ការមិនយកចិត្តទុកដាក់លើដៃនិងក
មុខរបស់អ្នកមិនមែនតែជា កន្លែងមួយដែលត្រូវការការយកចិត្តទុកដាក់ថែរក្សានោះទេ។ ការប៉ះត្រូវនឹងកម្តៅថ្ងៃខ្លាំងក៏ប៉ះពាល់ដល់ដៃនិងករបស់អ្នកដែរ ។ កន្លែងទាំងនោះបង្ហាញសញ្ញានៃការវិវត្តន៍ទៅរកភាពចាស់ ដូចជា អាចម៍រុយ ភាពស្ងួត និងការបាត់បង់ភាពតឹងនៃស្បែក។
ចូរយកចិត្តទុកដាក់លើកនិង ខ្នងដៃរបស់អ្នកដូចជាយកចិត្តទុកដាក់មុខរបស់អ្នកដែរ ដោយការលាបសារធាតុសំណើមនិងឡេការពារកម្តៅថ្ងៃ។ អ្នកមិនចាំបាច់ទិញផលិតផលសម្រាប់រាង្គកាយនោះទេ ព្រោះផលិតផលសម្រាប់មុខរបស់អ្នកក៏អាចប្រើលើដៃនិងករបស់អ្នកបាន ដែរ។




វិធីសាស្ត្របំបាត់មុនតាមកន្លែង
អរម៉ូនប្រែប្រួលធ្វើឱ្យ ស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ ជួបនឹងបញ្ហាមុនជាប្រចាំ។ ប៉ុន្តែការប្រើវិធីសាស្ត្របំបាត់មុនតាមកន្លែងបានត្រឹមតែធ្វើឱ្យ ស្បែកកន្លែងនោះកាន់តែស្ងួត និងឆាប់រលាកតែប៉ុណ្ណោះ ហើយវាក៏មិនបានជួយព្យាបាលមុនដែរ។
ការចូលគេងដោយមិនលាងសម្អាតគ្រឿងសម្អាង
អ្នកប្រហែលជាងាយនឹងគេង លង់លក់បន្ទាប់ពីរវល់អស់ពេញមួយថ្ងៃ ដោយមិនបានលាងសម្អាតមុខរបស់អ្នក។ ប៉ុន្តែវាអាចធ្វើឱ្យអ្នកឡើងមុន។
ក្នុងពេលពេញមួយថ្ងៃ ជាតិពុលក្នុងបរិយាកាស (ធូលីដីនិងជាតិពុល) បានប្រមូលផ្តុំគ្នាលើស្បែករបស់អ្នក ហើយវាយប្រហារលើរន្ធញើស ដែលអាចបង្ករឱ្យមានបញ្ហាស្បែក។ ដូច្នេះអ្នកត្រូវលាងសម្អាតមុខរបស់អ្នកមុនពេលគេង ដើម្បីជួយស្បែករបស់អ្នក។
ប្តូរផលិតផលលឿនពេក
ប្រសិនបើអ្នកព្រួយបារម្ភថា ផលិតផលសារធាតុសំណើមប្រឆាំងភាពចាស់ថ្មីរបស់អ្នកមិនមាន ប្រសិទ្ធភាព អ្នកគួរប្រើវាឱ្យបានយូរបន្តិចមុននឹងប្តូរ។ ការផ្លាស់ប្តូរពីផលិតផលមួយទៅផលិតផលមួយលឿនពេកអាចធ្វើឱ្យអ្នកមាន អារម្មណ៍ថាគ្មានផលិតផលណាដែលសាកសមនឹងស្បែករបស់អ្នកនោះទេ។
ប្រើផលិតផលច្រើនពេកក្នុងពេលតែមួយ
ប្រសិនបើសារធាតុសំណើមថ្មី ប្រើទៅឃើញថាល្អ បន្ទាប់មកលាយជាមួយ serum, ទឹកបន្តឹងស្បែក និងក្រែមពេលយប់ថ្មី កាន់តែល្អមែនទេ?
មិនមែននោះទេ។ ប្រសិនបើស្បែករបស់អ្នករលាកក្រោយពេលដែលអ្នកប្រើផលិតផលថ្មីជាច្រើន ក្នុងពេលជាមួយគ្នា អ្នកនឹងមិនដឹងថាតើផលិតផលមួយណាដែលបង្ករឱ្យមានបញ្ហានោះទេ ហើយអ្នកនឹងស្មានថាផលិតផលទាំងអស់សុទ្ធតែមិនល្អ។ការធ្វើបែបនេះ អ្នកនឹងអាចដឹងថាផលិតផលណាដែលត្រូវ ឬមិនត្រូវនឹងស្បែករបស់អ្នក។
គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏ អាចបង្ករឱ្យស្បែកចាស់មុនអាយុដែរ ហើយក្នុងរយៈពេលខ្លី វានឹងធ្វើឱ្យភ្នែករបស់អ្នកឡើងខ្មៅ។ ការគេងមានសារសំខាន់ណាស់ ព្រោះអរម៉ូនស្ត្រេសនឹងធា្លក់ចុះទៅកម្រិតធម្មតានៅពេលយប់ ដែលផ្តល់ពេលវេលាឱ្យកោសិកាក្នុងការជួសជុល។ ដូច្នេះហើយអ្នកត្រូវរៀបចំពេលវេលាដើម្បីគេងឱ្យបានគ្រប់គ្រាន់នៅពេល យប់៕