ការជ្រើសរើសរបបអាហារត្រឹមត្រូវកំឡុងពេលសម្រកទម្ងន់ គឺសំខាន់ណាស់ ដើម្បីអាចស្រកទម្ងន់បានឆាប់រហ័ស ហើយមិនផ្ដល់ផលប៉ះពាល់ណាមួយចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារបែបណាទៅដែលមានប្រសិទ្ធិភាពជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលមិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាសុខភាពល្អប្រសើរផងដែរ ៖

១. ស៊ុត 

ប្រសិនបើអ្នកកំពុងស្វែងរកអាហារជួយដុតបំផ្លាញជាតិខ្លាញ់ នោះកុំមើលរំលងស៊ុតឲ្យសោះ។ ស៊ុត ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន រួមទាំងខ្លាញ់ល្អៗដែលមានន័យថា ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃជួយឲ្យអ្នកឆាប់ឆ្អែត ហើយឆ្អែតបានយូរ ។ អ្វីដែលសំខាន់នោះរាងកាយនឹងដុតបំផ្លាញ់ជាតិខ្លាញ់ក្នុងពេលជាមួយគ្នានេះផងដែរ។

២. គ្រាប់ជី

មិនត្រឹមតែជាអាហារដ៏ប្រសើរជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ជី ក៏មានប្រសិទ្ធិភាពប្រឆាំងការរលាក, បង្កើនថាមពលរាងកាយ និងជម្រុញថាមពលខួរក្បាលថែមទៀតផង។

៣. សាច់មាន់

ប្រូតេអ៊ីន ដើរតួនាទីយ៉ាងសំខាន់ក្នុងការដុតបំផ្លាញជាតិខ្លាញ់ ហើយប្រសិនបើអ្នកកំពុងស្វែងរកប្រភពនៃជាតិប្រូតេអ៊ីននោះសាច់មាន់ជាជម្រើសដ៏ល្អបំផុត។ ការទទួលទានសាច់មាន់ជួយឲ្យអ្នកឆាប់ឆ្អែត និងបង្កើនសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់នៃរាងកាយ។

៤. យ៉ាអួរ

អាហារមួយប្រភេទទៀតដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរនោះ គឺយ៉ាអួរ។ សារធាតុប្រូបាយអូទិកដែលមានផ្ទុកក្នុងយ៉ាអួរជួយរក្សាសុខភាពពោះវៀនសំខាន់ចំពោះសុខភាពរាងកាយទាំងមូល។ ការរក្សាបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរជួយទប់ស្កាត់អ្នកពីការទទួលទានច្រើនលើស។

៥. ប្រេងអូលីវ

ជម្រើសនៃអាហារមួយប្រភេទទៀតដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីស្រកទម្ងន់នោះ គឺប្រេងអូលីវ ហើយប្រេងនេះក៏ប្រសើរសម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ អ្នកអាចបន្ថែមវាក្នុងអាហារសាឡាដ និងទឹកជ្រលក់ ជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង