ការស្រាវជ្រាវកាន់តែច្រើនឡើងៗបានបង្ហាញឲ្យដឹងអំពីទំនាក់ទំនងនៃការរលាករ៉ាំរ៉ៃក្នុងរាងកាយជាមួយនឹងជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺគួរឲ្យព្រួយបារម្ភច្រើនទៀតដូចជា ជំងឺបេះដូង, ជំងឺទឹកនោមផ្អែម, ជំងឺមហារីក និងជំងឺអាល់ហ្សៃមឺរ ឬជំងឺភ្លេចភ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កត្តាហ្សែន, កង្វះការហាត់ប្រាណ, ភាពតានតឹងក្នុងអារម្មណ៍ ក៏ដូចជាការប៉ះពាល់ទៅនឹងជាតិពុលផ្សេងៗសុទ្ធតែរួមចំណែកបង្កការរលាករ៉ាំរ៉ៃក្នុងរាងកាយ។ ប៉ុន្តែកុំបារម្ភ! ការជ្រើសរើសរបបអាហារបានត្រឹមត្រូវអាចការពារអ្នកពីបញ្ហាសុខភាពនេះ និងថែមទាំងជួយប៉ះប៉ូវការខូចខាតបណ្ដាលមកពីការរលាករ៉ាំរ៉ៃទៀតផង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន ដើម្បីជៀសផុតពីបញ្ហាហើមរលាកក្នុងរាងកាយ ៖
១. អាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសារធាតុចិញ្ចឹមដែលជួយបន្សាប និងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីម៉ូលេគុលដែលអាចធ្វើឱ្យខូចកោសិកា និងបង្កការរលាកក្នុងរាងកាយ។ ផ្កាខាត់ណា, ស្ពៃក្ដោប និងម្ទេសប្លោកក្រហម ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ចំណែកឯ ការ៉ុត និងដំឡូងផ្អែម ផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ខណៈដែលប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ហើយបន្លែស្លឹកបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
២. អាហារមានផ្ទុក Polyphenols
Polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ។ ភាគច្រើនសារធាតុនេះមានផ្ទុកក្នុងផ្លែឈើ និងបន្លែដែលមានពណ៌ខៀវ, ស្វាយ និងក្រហម។ ទោះជាយ៉ាងណា ប្រភពដ៏ប្រសើរបំផុតនៃសារធាតុ Polyphenols គឺផ្លែប៉ោម, ស្ពៃក្ដោបពណ៌ក្រហម ឬស្វាយ, ប្ល៊ូបឺរី, ឈឺរី, ទំពាំងបាយជូរស្វាយ និងក្រហម, ឆៃថាវក្រហម, ផ្កាខាត់ណាខៀវ និងតែ។
៣. អាហារមានផ្ទុកសារធាតុ Quercetin
Quercetin ជាសារធាតុប្រឆាំងអុកស៊ីតកម្មមានឥទ្ធិពលប្រឆាំងការរលាក។ សារធាតុនេះភាគច្រើនមានផ្ទុកក្នុង ខ្ទឹមស, ខ្ទឹមបារាំង, ទំពាំងបាយជូរក្រហម និងផ្កាខាត់ណាខៀវ។
៤. អាហារមានផ្ទុក Curcumin
Curcumin ជាសមាសធាតុមួយមានផ្ទុកក្នុងរមៀត។ វាជាសារធាតុប្រឆាំងការរលាកដ៏មានឥទ្ធិពលបំផុតមួយ។
៥. អាស៊ីតខ្លាញ់អូមេហ្គា ៣
អាស៊ីតខ្លាញ់អូមេហ្គា 3 គឺជាជាតិខ្លាញ់ល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងាររាងកាយជាច្រើន។ អាស៊ីតខ្លាញ់អូមេហ្គា 3 ត្រូវបានផ្សារភ្ជាប់ទៅនឹងគុណប្រយោជន៍ជាច្រើនដែលជួយលើកកម្ពស់សុខភាពល្អប្រសើរ រួមទាំងប្រយុទ្ធប្រឆាំងជាមួយជំងឺមហារីក និងការរលាក។ ប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមាន គ្រាប់ធញ្ញជាតិ, ពន្លកផ្កាស្ពៃ, ស្ពៃក្រញាញ់, ត្រីសាលម៉ុន, ត្រីធូណា, ត្រីសាឌីន និងត្រី herring៕