បើសិនជាមានគេប្រាប់អ្នកថាអោយលេបសត្វល្អិតទាំងរស់មួយស្លាបព្រាពេញ អ្នកពិតជាមិនអាចធ្វើវាកើតឡើយ។ ប៉ុន្តែតើមានអ្វីកើតឡើងទៅបើសិនជាពួកគេប្រាប់អ្នកថា រាល់សត្វល្អិតមួយស្លាបព្រាៗផ្តល់នូវការពង្រឹងដល់សុខភាពយ៉ាងអស្ចារ្យនោះ?

ប្រជាជនអាមេរិករាប់លាននាក់សុទ្ធតែមានបំណងចង់ញ៉ាំពពួកអតិសុខុមប្រាណមានជីវិតអោយបានច្រើននៅពេលពួកគេបើកគម្របទឹកដោះគោយ៉ាអួរមកញ៉ាំព្រោះអតិសុខុមប្រាណនៅក្នុងនោះគឺជាបាក់តេរីមានជីវិតដែលមានផលល្អចំពោះសុខភាព។ ការស្រាវជ្រាវបានអោយដឹងថា បាក់តេរីល្អៗទាំងនេះអាចទៅពង្រឹងដល់ប្រព័ន្ធភាពសាំ និងអោយរបួសឆាប់ជា។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញដែរថា វាប្រហែលជាជួយអោយយើងមានអាយុវែង ព្រោះការសិក្សាមួយដែលមានរយៈពេល ៥ឆ្នាំទៅលើមនុស្សចាស់ចំនួន ១៦២នាក់ បានរកឃើញថា អ្នកដែលញ៉ាំទឹកដោះគោយ៉ាអួ និងផឹកទឹកដោះគោបួនដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ ទំនងជាមិនងាយស្លាប់នោះទេដែលមានអត្រារហូតដល់ ៣៨ភាគរយក្នុងពេលសិក្សានេះ។




ហើយរាល់បាក់តេរីល្អៗទាំងអស់នោះប្រហែលជាជួយធ្វើអោយយើងស្រួលខ្លួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ វេជ្ជបណ្ឌិត អេឡីន ហៀលតុន (Dr. Eileen Hilton, MD) អ្នកឯកទេសខាងជំងឺឆ្លង និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Biomedical របស់ទីក្រុងញ៉ូយក់ និយាយថា បាក់តេរីក៏ប្រហែលជាជួយការពារជំងឺផ្សិតកុំអោយកើតឡើងម្តងទៀត។ ហើយទោះបីជាអ្នកដក់បាតេរីចេញពីទឹកដោះគោយ៉ាអួចេញអស់ក៏ដោយ ក៏វានៅតែជាប្រភពដ៏ល្អបំផុតនៃជាតិកាលស្យូមដែរ មានន័យថាមានល្អជាការញ៉ាំទឹកដោះគោគ្មានជាតិខ្លាញ់ទៅទៀត។
បញ្ឈប់ការលូតលាស់បិសាចផ្សិត
បើសិនជាអ្នកធ្លាប់កើតជំងឺផ្សិត អ្នកពិតជាមិនចង់អោយវាកើតជាលើកទីពីរទៀតនោះទេ។ វេជ្ជបណ្ឌិត ហៀលតុន និយាយថា ការញ៉ាំទឹកដោះគោយ៉ាអួកាន់តែច្រើនប្រហែលជាជួយបង្ការកុំអោយជំងឺផ្សិតកើតឡើងម្តងទៀតបាន (ព្រោះវាជាអាហារគ្មានជាតិស្ករ)
ជំងឺផ្សិតកើតឡើងនៅពេលមេរោគផ្សិតដែលលូតលាស់ជាធម្មតាក្នុងទ្វារមាសចាប់ផ្តើមបង្កើនកូនចៅរបស់វាច្រើនភ្លាមៗតែម្តង ដែលជាហេតុនាំអោយមានការរមាស់, ក្រហាយ និងរោគសញ្ញាមិនស្រួលខ្លួនផ្សេងៗទៀត។ ការសិក្សាមួយនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Long Island Jewish បានអោយដឹងថា ការញ៉ាំទឹកដោះគោយ៉ាអួដែលមានបាក់តេរីបណ្តុះ ជាពិសេសបាក់តេរីប្រភេទ Lactobacillus Acidophilus ប្រហែលជាជួយធ្វើអោយមេរោគផ្សិតស្ថិតនៅក្រោមការគ្រប់គ្រងបាន។




ការសិក្សាមួយទៅលើស្ត្រីដែលឧស្សាហ៍មានជំងឺផ្សិត យើងបានស្នើរអោយពួកគេញ៉ាំទឹកដោះគោយ៉ាអួ ២២៤ក្រាមក្នុងមួយថ្ងៃរយៈពេល ៦ខែ។ នៅទីបំផុត អត្រានៃជំងឺផ្សិតត្រូវបានថយចុះយ៉ាងអស្ចារ្យ។ តាមពិត ស្ត្រីមានការពេញចិត្តយ៉ាងខ្លាំងនៅពេលអ្នកស្រាវជ្រាវអោយពេលអ្នកស្រាវជ្រាវអោយពួកគេញ៉ាំទឹកដោះគោយ៉ាអួរ តែក៏បានបដិសេធន៍ចំពោះការអោយឈប់ញ៉ាំទៀតដែរ។
អ្នកស្រាវជ្រាវ Long Island បានសនិ្នដ្ឋានថា ការញ៉ាំទឹកដោះគោយៅអួជួយថែរក្សាមជ្ឈដ្ឋានបាក់តេរីធម្មជាតិរបស់ទ្វាមាសអោយនៅមានលំនឹងល្អ មានន័យថាវាធ្វើអោយមេរោគផ្សិតដែលចង់លូតលាស់ខ្លាំងពិបាកនឹងរស់នៅ។ វេជ្ជបណ្ឌិត ហៀលតុន បន្ថែំទៀតថា វាគួរតែមានការសិក្សាបន្ថែមទៀត ប៉ុន្តែនៅពេលនេះ បុរសដែលកំពុងព្យាយាមបង្ការជំងឺផ្សិតប្រហែលជាចង់ញ៉ាំទឹកដោះគោយ៉ាអួ ១ពែងដែរហើយក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត ហៀលតុន និយាយថា យកល្អគួរតែញ៉ាំទឹកដោះគោយ៉ាអួណាដែលមានផ្ទុកទៅដោយបាក់តេរីបណ្តុះ។ ទឹកដោះគោយ៉ាអួដែលត្រូវបានគេយកទៅដុតកំទិចដោយកម្តៅ (Heat-treated) មិនមានផ្ទុកទៅដោយបាក់តេរីទេ ហើយប្រហែលជាមិនមានប្រសិទ្ធភាពអ្វីទៀតផង។ ដូច្នេះពេលទិញចូរចៀសវាងទឹកដោះគោយ៉ាអួណា ដែលមានសរសេរថា Heat-treated នេះ។
ជួយបង្កើនប្រពន្ធភាពសាំ
បាក់តេរីដូចគ្នាដែរលមានក្នុងទឹកដោះគោយ៉ាអួសម្រាប់បង្ការជំងឺផ្សិតក៏អាចជួយពង្រឹងប្រព័ន្ធភាពសាំបានដែរ។ ឧទាហរណ៍ ក្នុងការសិក្សាមួយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង Davis បានរកឃើញថា អ្នកដែលបានញ៉ាំទឹកដោះគោយៅអួ ២ពែងក្នុងមួយថ្ងៃ រយៈពេល ៤ខែ ប្រហែលជាចំនួនសារធាតុ Gamma Interferon ដែលជាប្រូតេអ៊ីនជួយកោសិការគ្រាប់ឈាមសរបស់ប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងជំងឺ រហូតដល់ ៤ដង ដែលវាច្រើនអ្នកមិនបានញ៉ាំ។ វេជ្ជបណ្ឌិត ហ្គោច ហាលប៉ឺន (Dr. Georges Halpern, MD, PhD) សាស្ត្រាចារ្យក្នុងនាយកដ្ឋានជំងឺទូទៅនៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ព្រមទាំងជានិពន្ធនាយកនៃការសិក្សានេះបាន និយាយថា “សារធាតុ Gamma Interferon គឺជាយន្តការណ៍រាងកាយដ៏ល្អបំផុតសម្រាប់ការពារខ្លួនពីជំងឺបង្កឡើងដោយវីរ៉ុស”។




មានអំណះអំណាងជាច្រើនដែលបញ្ជាក់ថាទឹកដោះគោយៅអួប្រហែលជាមានមុខងារប្រឆាំងនឹងការបង្ករោគដោយបាក់តេរីដែរ។ ការសិក្សាក្នុងមន្ទីរពិសោធន៍មួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថាន Netherlands សម្រាប់ការស្រាវជ្រាវលើអាហារធ្វើពីទឹកដោះគោ បានអោយដឹងថា សត្វដែលអោយផឹកទឹកដោះគោយៅអួមានអត្រាកើតជំងឺបង្កឡើងដោយបាក់តេរី Salmonella (មូលហេតុដែលកើតឡើងជាញឹកញាប់បំផុតនៃការពុលអាហារ) តិចជាងសត្វដែលផឹកតែទឹកដោះគោ។ ចំពោះអ្វីផ្សេងៗទៀតគឺថា បាក់តេរីដែលនៅមានជីវិតរស់មិនសូវជាមានឥទ្ធិពលចំពោះសត្វដែលផឹកទឹកដោះគោយ៉ាអួឡើយ។
យើងមិនទាន់យល់ដឹងច្បាស់ថាហេតុអ្វីបានទឹកដោះគោយៅអួជួយការពារសត្វទាំងអស់នោះពីជំងឺនៅឡើយទេ។ ក្រៅពីការបង្កើនប្រព័ន្ធភាពសាំ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ចំនួនជាតិកាលស្យូមដ៏ខ្ពស់ដែលមានក្នុងទឹកដោះគោយ៉ាអួប្រហែលជាបង្កើតអោយមានមជ្ឈដ្ឋានមិនល្អសម្រាប់ការរស់នៅរបស់បាក់តេរី។
បំបាត់បញ្ហាដំបៅ
ចាប់តាំងពីដំបៅភាគច្រើនត្រូវបានបង្កឡើងដោយបាក់តេរីមក ការព្យាបាលជាញឹកញាប់តែងតែជាការផ្តល់នូវថ្នាំអង់ទីបីយ៉ូទិចក្នុងកម្រិតខ្ពស់។ ប៉ុន្តែមានអំណះអំណាងល្អមួយដែលការញ៉ាំទឹកដោះគោយៅអួមានបាក់តេរីបណ្តុះរស់ច្រើនអាចជួយបាក់តេរីបង្កដំបៅស្ថិតនៅក្នុងការគ្រប់គ្រងបាន។
នៅពេលអ្នកញ៉ាំទឹកដោះគោយៅអួ បាក់តេរីដែលមានប្រយោជន៍នឹងទិញដីកម្មសិទ្ធរស់នៅក្នុងផ្លូវរំលាយអាហាររបស់យើង។ នៅទីនោះ វាចាប់ផ្តើមប្រកួតប្រជែងជាមួយបាក់តេរីខ្លាំងៗដែលធ្វើអោយបង្កជាដំបៅ។ ហេតុដូច្នេះហើយទើបវាធ្វើអោយបាកតេរីទាំងនោះពិបាកនឹងបង្កើតជាដំបៅខ្លាំងណាស់។
ជាមួយគ្នានេះដែរ ទឹកដោះគោយ៉ាអួផ្ទុកទៅដោយជាតិស្ករពីធម្មជាតិឈ្មោះថា Lactose ដែលវានឹងបំបែកខ្លួនទៅជា Lactic Acid ក្នុងពេលរំលាយអាហារ។ Lactic Acid ជួយស្តារឡើងមជ្ឈដ្ឋានប្រកបដោយសុខភាពល្អក្នុងពោះវៀនឡើងវិញ។
ទោះបីជាអ្នកធ្លាប់មានជំងឺដំបៅដំបៅរួច ហើយកំពុងតែប្រើថ្នាំព្យាបាលក៏ដោយ ក៏ការញ៉ាំទឹកដោះគោយៅអួនឹងធ្វើអោយការព្យាបាលរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ អ្នកឯកទេសខាងមេរោគ Lactobacillus រំពឹងថា ការញ៉ាំទឹកដោះគោយ៉ាអួមាននិន្នាការដូចជាការប្រើថ្នាំអង់ទីបីយ៉ូទិចអញ្ចឹងដែរ។




វេជ្ជបណ្ឌិត អាយសាដ័រ រ៉ូសិនហ្វីដ (Dr. Isadore Rosenfeld, MD) សាស្ត្រាចារ្យជាងជំងឺទូទៅ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York Hospital-Cornell ក្នុងទីក្រុងញ៉ូយក និងជានិពន្ធនាយកសៀវភៅ Doctor, What Should I Eat? និយាយថា បើសិនជាអ្នកមានជំងឺដំបៅ ចូរព្យាយាមញ៉ាំទឹកដោះគោយ៉ាអួពី ១ ទៅ ៤ពែងក្នុងមួយថ្ងៃ។ អ្វីដែលគួរធ្វើនោះគឺគ្រាន់តែអោយច្បាស់ថាអ្នកបានទិញទឹកដោះគោយ៉ាអួដែលមានស្លាកសញ្ញា Live and Active Cultures។
ជំនួយដល់បេះដូង
ការសិក្សាមួយទៅលើទម្លាប់នៃការញ៉ាំ និងសុខភាពរបស់ស្ត្រី និងបុរស ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Rush ក្នុងរដ្ឋ Chicago បានអោយដឹងថា កម្រិតនៃសារធាតុ Homocysteine ដែលជាសារធាតុក្នុងឈាមត្រូវបានភ្ជាប់ទំនាក់ទំនងនឹងជំងបេះដូង ត្រូវបានថយចុះ ៦,៤ដងចំពោះអ្នកញ៉ាំទឹកដោះគោយៅអួច្រើនជាង ១៥ដងក្នុងមួយខែ ហើយវាច្រើនជាងអ្នកដែលព្យាយាមចៀសវាងញ៉ាំវា។
ទឹកដោះគោយ៉ាអួដែលមានបាក់តេរីបណ្តុះរស់ក៏ប្រហែលជាជួយធ្វើអោយកម្រិតកូឡេស្តេរ៉ុលមានតុល្យភាពឡើងវិញ។ ការសិក្សាដ៏តូចមួយនៃស្ត្រីចំនួន ១៧នាក់មកពីសាកលវិទ្យាល័យអូទ្រីសក្នុងទីក្រុង Vienna បានរកឃើញថា ការញ៉ាំទឹកដោះគោយ៉ាអួ ១០០០៨ក្រាមក្នុងមួយថ្ងៃ រយៈពេល ៤សប្តាហ៍ជួយធ្វើអោយកម្រិតកូឡេស្តេរ៉ុលល្អ (High-density Lipoprotein, HDL) កើនឡើង ព្រមទាំងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ (Low-density Lipoprotein, LDL) ក្នុងពេលជាមួយគ្នា។




កាល់ស្យូមគ្មានការឈឺចាប់
ទោះបីជាចំនួនដ៏ច្រើននៃជាតិកាល់ស្យូមមាននៅក្នុងទឹកដោះគោមានជាតិខ្លាញ់ទាបគឺជាអាហារប្រកបដោយសុខភាពល្អដែលអ្នកអាចរកបានក៏ដោយ ក៏មនុស្សជាច្រើនមិនអាចញ៉ាំវាច្រើនបានដែរ។ តាមពិត វេជ្ជបណ្ឌិត បានប៉ាន់ស្មានថា ប្រជាជនអាមេរិកច្រើនជាង ៣០លាននាក់មិនមានអង់ស៊ីម Lactase គ្រប់គ្រាន់ដើម្បីរំលាយជាតិស្ករ Lactose នៅក្នុងទឹកដោះគោឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទឹកដោះគោយ៉ាអួគឺជាផលិតផលដែលត្រូវផ្លាស់ប្តូរដើម្បីងាយស្រួលដល់ការរំលាយអាហារ។ វេជ្ជបណ្ឌិត បាបារ៉ា ឌីហ្សូន (Dr. Barbara Dixon, RD) អ្នកឯកទេសខាងអាហាររូបត្ថម្ភក្នុងតំបន់ Baton Rouge ទីក្រុង Louisiana និងជាអ្នកនិពន្ធសៀវភៅ Good Health for African Americans និយាយថា ទោះបីជាទឹកដោះគោយ៉ាអួផ្ទុកទៅដោយជាតិ Lactose ក៏ដោយ ក៏បាក់តេរីមានជីវិតនៅក្នុងនោះជួយអោយរាងកាយបំបែកជាតិ Lactose បាន ដូច្នេះវាមិនសូវជាធ្វើអោយយើងមិនស្រួលខ្លួនដែរ។ ហើយនៅពេលយើងនិយាយចំពោះកាល់ស្យូមវិញ ទឹកដោះគោយ៉ាអួគឺជាប្រភពដ៏ល្អបំផុត ព្រោះទឹកដោះគោយ៉ាអួមានជាតិខ្លាញ់ទាបទទេ ១ពែង ផ្តល់កាលស្យូមបាន ៤១៤មីលីក្រាម ឬច្រើនចាង ៤០ភាគរយនៃចំនួនទទួលទានរាល់ថ្ងៃ។
ទឹកដោះគោយ៉ាអួផ្ទុកទៅដោយប្រូតេអ៊ីនពិសេសមួយប្រភេទឈ្មោះថា Lactoferrin សម្រាប់ជួយអោយរាងកាយសាងសង់ និងរក្សាឆ្អឹងអោយនៅល្អ។ ការសិក្សាបានអោយដឹងថា វាជួយអោយកោសិការក្នុងឆ្អឹងលូតលាស់ ឬហៅថា Osteoblast និង អោយវានៅមានជីវិតពី ៥០ ទៅ៧០ភាគរយ៕