អ្នកស្រាវជ្រាវមួយចំនួនបានស្ទង់មើលថា មនុស្សប្រហែលជា ៩០ភាគរយ មានបញ្ហាពងបែកបបូរមាត់យ៉ាងតិចក៏ម្តងដែរក្នុងមួយជីវិត។ ជាទូទៅ ពួកគេបានប៉ះពាល់ទៅនឹងមេរោគដែលធ្វើឱ្យមានបញ្ហានេះតាំងពីកុមារភាពមកម្ល៉េះ។ មេរោគនេះមានឈ្មោះថា herpes simplex virus I ដែលជាមេរោគខុសពីមេរោគដែលបង្ករការហើមប្រដាប់បន្តពូជ (genital herpes)។

ជាធម្មតា បន្ទាប់ពីកើតមានវានៅដំណាក់កាលដំបូង មេរោគនេះនឹងនៅជាប់នឹងកោសិកាសរសៃប្រសាទដោយគ្មានសកម្មភាពនោះទេ ប៉ុន្តែពេលខ្លះវាក៏បានមានប្រតិកម្មឡើងវិញ។ នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថាមាត់របស់អ្នកស្ពឹកៗ ស្កៀប ក្តៅ ឬរមាស់ នៅត្រង់បបូរមាត់ឬស្បែកជុំវិញមាត់មុននឹងពងបែកនោះលេចចេញជារូបរាង។
ជាសំណាងល្អ យើងមានវិធីមួយចំនួនដែលអ្នកអាចប្រើដើម្បីកាត់បន្ថយការឈឺចាប់នៃពងបែកមាត់នេះនិងជួយឱ្យឆាប់ជាសះស្បើយ។
ទុកវាតាមដំណើរ៖ វេជ្ជបណ្ឌិត ជេមស៍ រ៉ូននី (James F. Rooney) និយាយថា “ប្រសិនបើពងបែកនោះមិនបង្ករការរំខានដល់អ្នកទេ អ្នកគួរទុកឱ្យវាជាតាមដំណើរ។ អ្នកគ្រាន់តែត្រូវប្រាកដក្នុងការមើលថែវាឱ្យស្អាតនិងស្ងួត”។

ប្តូរច្រាស់ដុសធ្មេញរបស់អ្នក៖ ច្រាស់ដុសធ្មេញរបស់អ្នកអាចជាទីសំណាក់របស់មេរោគពងបែកនេះជាច្រើនថ្ងៃមកហើយ ដែលអាចធ្វើឱ្យពងបែករបស់អ្នកលាប់មកវិញបន្ទាប់ពីវាជាសះស្បើយហើយ។
វេជ្ជបណ្ឌិត រីឆាត គ្លាស (Richard T. Glass) ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអូក្លាហូម៉ា (Oklahoma) បានដាក់ច្រាស់ដុសធ្មេញដែលសម្លាប់មេរោគហើយឱ្យប៉ះទៅនឹងមេរោគនោះរយៈពេល ១០នាទី។ ប្រាំពីរថ្ងៃក្រោយមក មេរោគដែលបង្ករឱ្យមានជំងឺនៅតែមានសល់ពាក់កណ្តាលនៅលើច្រាស់។
វេជ្ជបណ្ឌិត គ្លាស ណែនាំឱ្យអ្នកបោះច្រាស់ដុសធ្មេញចាស់ចោលនៅពេលដែលអ្នកចាប់ផ្តើមសម្គាល់ថាអ្នកទើបចាប់ផ្តើមមានមេរោគនោះ។ ប្រសិនបើពងបែកនោះនៅតែបន្តកើតទៀត អ្នកត្រូវបោះច្រាស់ដុសធ្មេញថ្មីនេះចោលម្តងទៀតបន្ទាប់ពីពងបែកនោះលេចចេញមក។ ការធ្វើបែបនេះអាចជួយអ្នកជៀសវាងការចេញពងបែកច្រើន។ ហើយនៅពេលដែលពងបែកនោះជាសះស្បើយអស់ហើយ អ្នកគួរប្តូរច្រាស់ថ្មីម្តងទៀត។ គាត់និយាយថា អ្នកជំងឺដែលអនុវត្តតាមវិធីសាស្ត្រនេះនិយាយថាពួកគេពិតជាអាចកាត់បន្ថយពងបែកដែលកើតមានពិតមែន។
មិនត្រូវទុកច្រាស់ដុសធ្មេញរបស់អ្នកក្នុងបន្ទប់ទឹកនោះទេ៖ ច្រាស់ទទឹកដែលស្ថិតក្នុងបរិយាកាសសំណើម ដូចជាក្នុងបន្ទប់ទឹក គឺជាបរិយាកាសល្អបំផុតសម្រាប់មេរោគពងបែក។ បរិយាកាសសំណើមនោះជួយពន្យារជីវិតរបស់មេរោគឱ្យរស់លើច្រាស់របស់អ្នកបានកាន់តែយូរ។ ដូច្នេះហើយទើបវេជ្ជបណ្ឌិត គ្លាស ណែនាំឱ្យទុកច្រាស់របស់អ្នកនៅកន្លែងស្ងួត។
ប្រើថ្នាំដុសធ្មេញបំពង់តូច៖ វេជ្ជបណ្ឌិត គ្លាស និយាយថា ថ្នាំដុសធ្មេញក៏អាចចម្លងមេរោគបានដែរ។ ដូច្នេះអ្នកគួរទិញថ្នាំដុសធ្មេញបំពង់តូច ដែលអ្នកអាចឆាប់ប្តូរថ្មី។

ការពារដោយប្រើប្រេង petroleum jelly៖ អ្នកអាចការពារពងបែកដោយលាបប្រេង petroleum jelly ពីលើវា។ ប៉ុន្តែអ្នកមិនត្រូវយកម្រាមដៃដែលប៉ះពងបែកនោះទៅជ្រលក់ក្នុងក្រឡរប្រេងម្តងទៀតនោះទេ។ បើមិនដូច្នោះ អ្នកអាចប្រើដុំសំឡីជំនួស។
សម្លាប់វាដោយស័ង្កស៊ី៖ ការសិក្សាមួយចំនួនបង្ហាញថា សូលុយស្យុងស័ង្កសីអាចជួយឱ្យអ្នកឆាប់ជាសះស្បើយដោយលាបវាភ្លាមៗនៅពេលដែលមានអារម្មណ៍ថាស្កៀបឬរមាស់។
ប្រើប្រូតេអ៊ីនលីសីន៖ វេជ្ជបណ្ឌិត ម៉ាក មេកខាន់ (Mark A. McCune) ណែនាំឱ្យអ្នកជំងឺដែលកើតពងបែកបបូរមាត់ច្រើនជាងបីដងក្នុងមួយឆ្នាំឱ្យបន្ថែមអាស៊ីតអាមីណូលីសីន (amino acid lysine) ពី ២.០០០ ទៅ ៣.០០០មីលីក្រាម ក្នុងអាហារជារៀងរាល់ថ្ងៃ។ គាត់ក៏ណែនាំឱ្យបន្ថែមចំនួនវាគុណនឹងពីរនៅពេលដែលអ្នកមានអារម្មណ៍រមាស់និងស្កៀបដែលជាសញ្ញានៃការជិតឡើងពងបែកថ្មី។ ប៉ុន្តែមិនត្រូវប្រើអាស៊ីតអាមីណូដោយគ្មានការណែនាំពីគ្រូពេទ្យនោះទេ។
ប្រភពនៃលីសីនមានដូចជា ផលិតផលទឹកដោះគោ និងដំឡូង។
សង្កេតមើលដំណើរការរបស់វា៖ តើមានអ្វីកើតឡើងនៅមុនពេលវាកើតឡើង? ចុះចំណែកពងបែកដែលកើតមុនេះ? ប្រសិនបើអ្នកបានធ្វើអ្វី អ្នកប្រហែលជាអាចដឹងថាកត្តាអ្វីដែលធ្វើឱ្យអ្នកមានពងបែកនោះ។ មូលហេតុទូទៅគឺបង្ករដោយភាពតានតឹងនិងម្ហូបអាហារមួយចំនួន។
ប្រើភាពត្រជាក់៖ អ្នកជំងឺរបស់វេជ្ជបណ្ឌិត រ៉ូននី មួយចំនួនបានប្រើទឹកកកនៅពេលពួកគេមានអារម្មណ៍ថាស្កៀប។ គាត់និយាយថា “ខ្ញុំមិនប្រាកដថាវាមានប្រសិទ្ធភាពឬអត់នោះទេ ប៉ុន្តែទឹកកកអាចកាត់បន្ថយការហើម។ ហើយប្រសិនបើការហើមនោះជាសារធាតុធ្វើឱ្យដំណើរការនៃពងបែកកើតឡើងនោះ វាប្រហែលជាមានប្រសិទ្ធភាព”។
បំបែកវា៖ វេជ្ជបណ្ឌិត រ៉ូននី និយាយថា “អ្នកជំងឺខ្លះអះអាងថាការបំបែកពងបែកហើយយកអាល់កុលមកលាបពីលើដើម្បីឱ្យស្ងួតអាចមានប្រសិទ្ធភាព”។
ប្រើក្រែម Abreva៖ Abreva គឺជាថ្នាំដែលអាចរកទិញបានដោយគ្មានវេជ្ជបញ្ជា ដែលផ្សំឡើងពី docosanol។ វាមានប្រសិទ្ធភាពដោយការការពារកោសិកាល្អពីកោសិកាដែលឆ្លងមេរោគ។

វេជ្ជបណ្ឌិត ដេវីត អេមម៊ឺត (David H. Emmert) ណែនាំឱ្យប្រើក្រែមនេះប្រាំដងក្នុងមួយថ្ងៃនៅពេលដែលអ្នកមានអារម្មណ៍ថាចេញរោគសញ្ញាដំបូង។ វាអាចជួយឱ្យពងបែកនេះជាលឿនជាងមួយឬពីរថ្ងៃមុន។
ធ្វើឱ្យវាស្ពឹក៖ ផលិតផលដែលរកទិញបានដោយគ្មានវេជ្ជបញ្ជាភាគច្រើនមានសារធាតុ emollient ដើម្បីជួយឱ្យកន្លែងរបួសទន់និងមិនសូវឈឺ និងសារធាតុធ្វើឱ្យស្ពឹក ដូចជា phenol និង camphor។
ការពារពីកម្តៅថ្ងៃនិងខ្យល់៖ អ្នកត្រូវការពារបបូរមាត់របស់ពីកម្តៅថ្ងៃឬខ្យល់ ដើម្បីការពារពីការឡើងពងបែកបបូរមាត់។
ជៀសវាងការញ៉ាំអាហារសម្បូរ arginine៖ មេរោគនេះត្រូវការ arginine (អាមីណូអាស៊ីតដែលជួយថ្លើមផលិតជាតិអ៊ុយរ៉េ) ជាខ្លាំងក្នុងការបំលែងអាហាររបស់វា។ ដូច្នេះអ្នកត្រូវកាត់បន្ថយការញ៉ាំអាហារសម្បូរ arginine ដូចជា សូកូឡា គ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ សណ្តែកដី គ្រាប់ស្វាយចន្ទី និងស្រាបៀរ។
ហ្វឹកហាត់ការប្រឈមមុខនឹងស្ត្រេស៖ វេជ្ជបណ្ឌិត ខល វេនឌើរភ្លេត (Cal Vanderplate) និយាយថា ការសិក្សាមួយចំនួនបានបង្ហាញថា ស្ត្រេសគឺជាកត្តាមួយដែលអាចធ្វើឱ្យកើតមានមេរោគពងបែកនេះឡើងវិញ។ ដូច្នេះ វិធីដែលអ្នកប្រឈមមុខនឹងស្ត្រេសគឺជាអ្វីដែលសំខាន់”។
សម្រាក៖ វេជ្ជបណ្ឌិត វេនឌើរភ្លេត និយាយថា “នៅពេលដែលរោគសញ្ញាលេចចេញឡើង វាយឺតពេលហើយក្នុងការកាត់បន្ថយស្ត្រេស។ ប៉ុន្តែអ្នកអាចកាត់បន្ថយភាពធ្ងន់ធ្ងររបស់វាបានដោយប្រើវិធីសាស្ត្រធ្វើឱ្យអារម្មណ៍ស្ងប់ ដូចជា ការតាំងសមាធិ។
ហាត់ប្រាណ៖ វេជ្ជបណ្ឌិត វេនឌើរភ្លេត និយាយថា “មានភស្តុតាងមួយចំនួនដែលបង្ហាញថា ការហាត់ប្រាណជួយគាំទ្រប្រព័ន្ធភាពស៊ាំ ដែលវាអាចជួយអ្នកប្រឆាំងនឹងមេរោគ។ ការហាត់ប្រាណក៏ជាវិធីសាស្ត្រមួយក្នុងការធ្វើអារម្មណ៍ឱ្យស្ងប់ដែរ”។
ផ្លាស់ប្តូរគំនិតរបស់អ្នក៖ គ្មាននរណាម្នាក់ចង់ឱ្យឡើងពងបែកលើបបូរមាត់នោះទេ។ ប៉ុន្តែប្រសិនបើអ្នកកើតវាហើយ អ្នកគួរផ្តោតទៅលើការព្យាបាលវា ហើយការបារម្ភពីសម្រស់របស់អ្នកនឹងធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ អ្នកគួរចាត់ទុកថា វាគ្រាន់តែជាមុនតែប៉ុណ្ណោះ វាមិនអាចប៉ះពាល់ដល់ជីវិតរបស់អ្នកនោះទេ។
ករណីត្រូវរកគ្រូពេទ្យ៖ ប្រសិនបើពងបែកលើបបូរមាត់របស់អ្នក មានឡើងខ្ទុះ អ្នកត្រូវតែទៅរកគ្រូពេទ្យ។ អ្នកប្រហែលជាមានការឆ្លងមេរោគ ដែលប្រហែលជាអាចព្យាបាលបានដោយការប្រើអង់ទីប៊ីយ៉ូទិច។