តាំ​ពី​កើតមក​ សរសៃឈាម​អាក់ទែ​របស់​អ្នក​គឺ​ស្អាត​ បើកចំហរ​ និង​មាន​ភាពយឺត​ ។​ លុះ​ពេល​យើង​អាយុ​កាន់តែ​ច្រើន​ ដំណើរ​នៃ​ការ​ស្ទះ​សរសៃឈាម​អាក់ទែរ​ដែល​មានឈ្មោះ​ថា​ ការ​ក្រិន​សរសៃឈាម​ (Atherosclerosis)​ ឬ​ជំងឺ​សរសៃឈាម​បេះដូង​ Coronary​ ចាប់ផ្តើម​កើត​មាន​ ។​ ស្នាម​ឆ្នូតៗ​របស់​ខ្លាញ់​ឃើញ​កើត​មាននៅ​ក្នុង​ និង​ក្រោម​ស្រទាប់​កោសិការ​ដែល​ពាស​ពីលើ​ជញ្ជាំង​ខាងក្នុង​របស់​សរសៃ​អាក់ទែរ​ ។​

ក្នុង​រយៈ​យូរៗ​ទៅ​ស្នាម​ឆ្នូតៗ​របស់​ខ្លាញ់​ទាំងនោះ​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​ Plaque​ (​គឺជា​សន្លាក​ជាលិការ​ខ្លាញ់​ដែល​ផ្តុំ​គ្នា​នៅ​ក្នុង​សរសៃឈាម​អាក់ទែរ​)​ ហើយ​ធ្វើ​អោយ​ស្ទះ​ជិត​ដល់​លំហូរ​ឈាម​ទៀត​ផង​ ។​ ប្រសិនបើ​មាន​អ្វីមួយ​នៃ​ Plaque​ ទាំងនេះ​ដាច់​ចេញ​មក​ នឹង​បង្ក​អោយ​មាន​យន្តការ​នៃ​ការ​កកឈាម​កើត​មាន​ឡើង​ ។​ ប្រសិនបើ​កំនក​ឈាម​នោះ​ធំ​គ្រប់គ្រាន់​ វា​អាច​ទៅ​ស្ទះ​ដល់​លំហូរ​ឈាម​សំរាប់​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ ពេល​នោះ​អ្នកជំងឺ​នឹង​កើត​មាន​បញ្ហា​គាំងបេះដូង​ភ្លាម​ ។​

កាលណា​លំហូរ​ឈាម​មានការ​ថយ​ចុះ​ក៏​អាច​ធ្វើ​អោយ​ចង្វាក់បេះដូង​លោត​មិន​ដូច​ធម្មតា​ដែរ​ (Tachycardia​ និង​ Fibrillation)​ ហើយ​ពេល​ខ្លះ​ក៏​បង្ក​អោយ​ស្លាប់​ភ្លាមៗ​ទៀត​ផង​ ។​ ប្រសិនបើ​សរសៃឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រូវ​បាន​រាំងស្ទះ​ ឬ​កាត់​ផ្តាច់​ អ្នក​នឹង​អាច​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ។​
អ្វី​ដែល​អ្នក​បរិភោគ​គឺជា​ការ​កំណត់​ដ៏​សំខាន់​មួយ​ថា​តើ​ការ​ស្ទះ​សរសៃឈាម​របស់​អ្នក​វា​លឿន​ និង​ធ្ងន់ធ្ងរ​ដល់​កំរិត​ណា​ ។​ ការ​ទទួលទាន​នូវ​របប​អាហារ​ដែល​ត្រឹមត្រូវ​អាច​ជួយ​អោយ​សរសៃឈាម​របស់​អ្នក​បើកចំហរ​ មិន​មាន​គ្រោះថ្នាក់​ដោយសារ​កំនក​ឈាម​ និង​ធ្វើ​អោយ​លំហូរ​ឈាម​របស់​អ្នកមាន​ភាព​បត់បែន​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។​ អាហារ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយសារ​តែ​វា​ទៅ​ប្រឆាំង​ការ​កើនឡើង​នៃ​ជាតិ​ខ្លាញ់​ Cholesterol​ និង​ខ្លាញ់​ផ្សេងៗ​ទៀត​កុំអោយ​កក​ក្នុង​សរសៃឈាម​ និយាយ​រួម​គឺ​ទប់​កុំអោយ​មានការ​បង្កបង្កើត​កំនក​ឈាម​ ។

ត្រី​ដើរតួរ​នាទី​យ៉ាង​សំខាន់​សំរាប់​ជា​ឱសថ​របស់​ជំងឺ​បេះដូង
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​នូវ​ការ​កើត​ជំងឺ​បេះដូង​ គឺជា​ការ​ទទួលទាន​ត្រី​ជា​ពិសេស​ខ្លាញ់ត្រី​ ព្រោះ​ខ្លាញ់​របស់​ត្រី​ពោរពេញ​ទៅ​ដោយ​ខ្លាញ់​ Omega-3​ ។​ គេ​មាន​អំណះអំណាង​យ៉ាងច្រើន​គាំទ្រ​ចំពោះ​ឥទ្ធិពល​ព្យាបាល​របស់​ត្រី​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​។​អាហារ​សមុទ្រ​ប្រហែលជា​ឱសថ​ដ៏​ចម្បង​សំរាប់​ព្យាបាល​ជំងឺ​បេះដូង​។​ នៅ​ក្នុង​ពិភពលោក​យើង​នេះ​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អាហារ​សមុទ្រ​គឺ​មិនសូវ​នឹង​មាន​ជំងឺ​បេះដូង​នោះ​ទេ​ ទោះបីជា​បរិភោគ​ក្នុង​ចំនួន​ដែល​តិចតួច​ប៉ុណ្ណា​ក៏​ដោយ​ក៏​វា​អាច​មាន​ប្រសិទ្ធភាព​ដែរ​ ។​

ការ​សិក្សា​របស់​ជនជាតិ​ហុ​ល្លង់​បាន​រក​ឃើញ​ថា​ ការ​បរិភោគ​ត្រី​ក្នុង​កំរិត​មធ្យម​ ៣០​ក្រាម​ ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ពាក់កណ្តាល​ ។​ ការ​សិក្សា​ទៅ​លើ​បុរស​ជនជាតិ​អា​មេ​រិ​ក​វ័យ​កណ្តាល​ចំនួន​ ៦០០០​នាក់​បាន​បង្ហើប​អោយ​ដឹង​ថា​ អ្នក​ដែល​បាន​បរិភោគ​ត្រី​សមុទ្រ​ Mackerel​ ៣០​ក្រាម​ ឬ​ ត្រី​ Bass​ ៨៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​ធ្វើ​អោយ​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​បាន​ ៣៦​ភាគរយ​ នេះ​បើ​យើង​ប្រៀបធៀប​នឹង​បុរស​ដែល​បរិភោគ​ត្រី​តិច​ជាង​ចំនួន​ខាងលើ​ ។​

កា​សិក្សា​មួយទៀត​ទៅ​លើ​មនុស្ស​ប្រុស​វ័យ​ ២៥​ឆ្នាំ​ ចំនួន​ ១៧០០០​នាក់​ បាន​រក​ឃើញ​ថា​ ការ​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ការ​គាំងបេះដូង​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ពួក​គេ​បាន​បរិភោគ​ត្រី​ ។​ ចំពោះ​អ្នក​ដែល​មិន​បរិភោគ​ត្រី​សោះ​អាច​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ច្រើន​ជាង​មួយ​ភាគ​បី​ ដែល​ចំនួន​នេះ​វា​ច្រើន​ជាង​អ្នក​ដែល​បាន​បរិភោគ​ត្រី​សមុទ្រ​ ៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ។​ ប្រសិនបើ​អ្នក​អាច​មើលទៅ​ខាងក្នុង​សរសៃឈាម​អាក់ទែរ​បាន​ អ្នក​នឹង​អាច​ឃើញ​នូវ​សរសៃឈាម​មួយៗ​ដែល​មាន​សុខភាព​ល្អ​បំផុត​ដោយសារ​តែ​ពួក​គេ​ជា​មនុស្ស​ទទួលទាន​ត្រី​ ហើយ​អ្នក​ដែល​ច្រើន​តែ​កើត​ជំងឺ​បេះដូង​នេះ​គឺជា​អ្នក​ដែល​មិន​ចូល​ចិត្ត​បរិភោគ​ត្រី​ ។​

ដើម្បី​ដឹង​ច្បាស់​អំពី​រឿង​នេះ​ ការ​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ​លើ​សាកសព​អាច​ធ្វើ​អោយ​អ្នកដឹង​ច្បាស​អំពី​បញ្ហា​នេះ​ ហើយ​វា​ក៏​ជា​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ជនជាតិ​ដា​ណឺ​ម៉ាក​ បាន​ធ្វើ​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​ ហើយ​ការ​ធ្វើ​ដូច្នេះ​ក៏​បង្កើត​បាន​នូវ​ចំនុច​សំគាល់​មួយ​ថ្មី​ សំរាប់​ជា​អំណះអំណាង​ដល់​ការ​គាំទ្រ​នៃ​ប្រសិទ្ធភាព​របស់​ខ្លាញ់ត្រី​ដើម្បី​បង្ការ​នឹង​ជំងឺ​ក្រិន​សរសៃឈាម​ ។​
គេ​បាន​ធ្វើការ​ពិសោធន៍​លើ​សរសៃឈាម​ និង​ជាលិការ​ខ្លាញ់​ពី​សាកសព​សំរាប់​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ​ចំនួន​ ៤០​។​ ពួក​គេ​បាន​វាស់​កំរិត​ខ្លាញ់ត្រី​នៅ​ក្នុង​ជាលិការ​ខ្លាញ់​មនុស្ស​ម្នាក់ៗ​ ។​ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ សរសៃឈាម​ដែល​រលោង​ និង​ស្អាត​បំផុត​គឺ​ស្ថិត​នៅ​ក្នុង​សាកសព​ដែល​មាន​ជាតិ​ខ្លាញ់​ Omega-3​ ច្រើន​ នៅ​ក្នុង​ជាលិការ​ខ្លាញ់​ (​មនុស្ស​ដែល​ចូល​ចិត្ត​បរិភោគ​ត្រី​)​ ។​

ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​បរិភោគ​ត្រី​បាន​ ៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ អាច​កាត់​បន្ថយ​នូវ​ឱកាស​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​បាន​ពី​មួយ​ភាគ​បី​ ទៅ​មួយ​ភាគ​ពីរ​ ។

ខ្ទឹមសរ​ជួយ​បង្វិល​ពេលវេលា​កុំអោយ​ស្ទះ​សរសៃឈាម​អាក់ទែ
លោក​ Arun​ Bordia​ អ្នកឯកទេស​ជំងឺ​បេះដូង​នៅ​ឯ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ Tagore​ ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា​ ការ​បរិភោគ​ខ្ទឹមសរ​ជា​ទៀងទាត់​អាច​ធ្វើ​អោយ​សរសៃឈាម​លែង​ស្ទះ​ ហើយ​វា​ក៏​ជា​ចំនុច​សម្គាល់​មួយ​ដែល​ថា​អាច​ធ្វើ​អោយ​ការ​ខូចខាត់​វិល​មក​រក​ដូច​ដើម​វិញ​ ជួយ​ធ្វើ​អោយ​សរសៃ​អាក់ទែរ​ជា​សះស្បើយ​ ។​ លោក​វេជ្ជបណ្ឌិត​ Bordia​ ក៏​ជា​អ្នក​ផ្តូ​ច​ផ្តើមគំនិត​ស្រាវជ្រាវ​ទៅ​លើ​ខ្ទឹមស​រដែរ​ ហើយ​លោក​បាន​រក​ឃើញ​ថា​ ការ​ចិញ្ចឹមសត្វ​ទន្សាយ​ដោយ​ប្រើ​ខ្ទឹមសរ​ ជា​លទ្ធផល​បណ្តោះអាសន្ន​ អាច​ស្តារ​សរសៃឈាម​អោយ​មាន​សុខភាព​ល្អ​បាន​ឡើង​វិញ​ ។​

បន្ទាប់​មក​លោក​បាន​ធ្វើតេស្ត​លើ​អ្នកជំងឺ​បេះដូង​ចំនួន​ ៤៣២​នាក់​ជាមួយនឹង​ខ្ទឹម​ ហើយ​ពួក​គេ​ភាគច្រើន​បែរជា​អាច​ស្រួលបួល​ឡើង​វិញ​ក្រោយ​ពី​គាំងបេះដូង​រួច​ ។​ មាន​មនុស្ស​ពាក់កណ្តាល​នៃ​ពួក​គេ​ទាំងនោះ​បាន​បរិភោគ​ខ្ទឹមសរ​នោះ​ទាំង​ឆៅ​ ឬ​ឆ្អិន​ចំនួន​ពី​ពីរ​ទៅ​បី​ក្លែប​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ ៣​ឆ្នាំ​ ។​ ពួក​គេ​បាន​យក​ខ្ទឹមស​ទាំងនោះ​ទៅ​កិន​ចំ​រ៉ា​ញ់​ទៅ​ជា​ទឹក​ហើយ​ដាក់​វា​លាយ​ជាមួយ​ទឹកដោះគោ​សំរាប់​អាហារ​ពេល​ព្រឹក​ ។​ ចំនែក​ពាក់កណ្តាល​ផ្សេង​ទៀត​មិន​បាន​បរិភោគ​ខ្ទឹមសរ​នោះ​ទេ​ ។​ រយៈពេល​មួយ​ឆ្នាំ​ក្រោយមក​ គឺ​មិន​មាន​អ្វី​ខុស​គ្នា​ពី​អត្រា​នៃ​ការ​គាំងបេះដូង​លើ​ក្រុម​ទាំង​ពីរ​ទេ​ ។​

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ឆ្នាំ​បន្ទាប់​ ការ​ស្លាប់​លើ​ចំនួន​អ្នក​ដែល​បរិភោគ​ខ្ទឹមសរ​មានការ​ធ្លាក់​ចុះ​បាន​ ៥០​ភាគរយ​ ហើយ​ដល់​ឆ្នាំ​ទី​បី​ ការ​ធ្លាក់​ចុះ​នេះ​ឈាន​ទៅ​ដល់​ ៦៦​ភាគរយ​ ហើយ​ជំងឺ​គាំងបេះដូង​ដែល​មិន​បណ្តាល​អោយ​ស្លាប់​ក៏​ធ្លាក់​ចុះ​ដល់​ ៣០​ភាគរយ​ដែរ​ក្នុង​ឆ្នាំ​ទី​ពីរ​ ហើយ​វា​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​៦០​ភាគរយ​ ក្នុង​ឆ្នាំ​ទី​បី​ទៀត​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ សម្ពាធ​ឈាម​ និង​ជាតិ​ខ្លាញ់​ Cholesterol​ ក្នុង​ឈាម​របស់​អ្នក​បរិភោគ​ខ្ទឹមសរ​មានការ​ធ្លាក់​ចុះ​បាន​ ១០​ភាគរយ​ ។​ អ្នក​បរិភោគ​ខ្ទឹមសរ​ក៏​អាច​មានការ​ឈឺទ្រូង​ក្នុង​ចំនួន​តិចតួច​ផង​ដែរ​ ។

សណ្តែក​ត្រូវ​បាន​ចាត់ទុកជា​ឱសថ​ជំនួយ​បេះដូង
បណ្ឌិត​ Gary​ Fraser​ សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ​ Loma​ Linda​ (California)​ បានអោយ​យោបល់​ថា​ ចូរ​បរិភោគ​សណ្តែក​ដើម្បី​ជា​ថ្នាំបន្សាប​ដល់​ជំងឺ​បេះដូង​ ។​ ក្នុង​ការ​សិក្សា​មួយ​ដែល​មាន​អ្នកចូលរួម​ ៣១២០៨​នាក់​ លោក​វេជ្ជបណ្ឌិត​ Fraser​ បាន​រក​ឃើញ​ថា​ សណ្តែក​ជា​អាហារ​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​មួយ​ក្នុង​ការ​បង្ការ​កុំអោយ​កើត​ជំងឺ​បេះដូង​ ។​

ចំពោះ​អ្នក​ដែល​បរិភោគ​សណ្តែក​យ៉ាងតិច​ណាស់​ប្រាំ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​នូវ​ឱកាស​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ និង​ជំងឺ​សរសៃឈាម​បេះដូង​ Coronary​ បាន​ ៥០​ភាគរយ​ ហើយ​ចំនួន​នេះ​វា​ច្រើន​ជាង​អ្នក​ដែល​បរិភោគ​សណ្តែក​តិច​ជាង​ម្តង់​ក្នុង​មួ​យស​ប្តា​ហ៍​ ។​ ទោះបីជា​អាហារ​សម្រន់​ដែល​មាន​សណ្តែក​ម្តង់​ក្ន​ង​មួ​យស​ប្តា​ហ៍​ក៏​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​បាន​ប្រហែល​ ២៥​ភាគរយ​ដែរ​ ។​ ក្នុង​នោះ​សណ្តែក​ដែល​បរិភោគ​ទាំងអស់​ប្រមាណ​ប្រហែល​ ៣២​ភាគរយ​គឺជា​សណ្តែកដី​ ២៩​ភាគរយ​គឺជា​អាល់​ម៉ុង​ ១៦​ភាគរយ​គឺជា​ Walnut​ និង​ ២៣​ភាគរយ​ទៀត​ជា​សណ្តែក​ផ្សេងៗ​ទៀត​ ។​

សណ្តែក​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​ខ្លាញ់​ប្រភេទ​ Olive​ Monounsaturated​ ដែល​គេ​ស្គាល់​ថា​ជា​ខ្លាញ់​សំរាប់​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ ។​ សណ្តែក​ក៏​ផ្សំ​ឡើង​ទៅ​ដោយ​ Antioxidants​ ជា​ច្រើន​ប្រភេទ​ដូច​ជា​ វីតាមីន​ E​ សេ​ឡេ​ញូ​ម​ (Selenium​ ជា​ប្រភេទ​សណ្តែក​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​)​ និង​អាស៊ីត​ Ellagic​ ដែល​សុទ្ធសឹងតែ​អាច​ការពារ​សរសៃឈាម​អាក់ទែរ​ ប្រឆាំង​នឹង​ការ​កកកុញ​ខ្លាញ់​ Cholesterol​ ។​

លោក​វេជ្ជបណ្ឌិត​ Fraser​ មិន​បាន​កំណត់​ថា​តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​បរិភោគ​សណ្តែក​ម្តងៗ​ប៉ុន្មាន​ទើប​គ្រប់គ្រាន់​នោះ​ទេ​ ។​ តែ​ចំនួន​ដែល​សម​ហេតុ​សម​ផល​នោះ​គឺ​យោង​ទៅ​តាម​ទំងន់​របស់​បុ​គុល​ម្នាក់ៗ​ ហើយ​ពួក​គេ​គួរតែ​បរិភោគ​ពី​ ៣០​ ទៅ​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ។​

ប្រេង​អូ​លីវ​មាន​សុវត្ថិភាព​សំរាប់​បេះដូង
តើ​អ្វី​ទៅ​ដែល​ធ្វើ​អោយ​ខ្លាញ់​ Monounsaturated​ និង​ប្រេង​អូ​លីវ​ល្អ​ចំពោះ​បេះដូង​ទៅ​?​ បើ​និយាយ​ទៅ​តាម​ធាតុគីមី​ វា​ផ្តល់​ផល​ល្អ​ណាស់​សំរាប់​សរសៃឈាម​អាក់ទែ​ ។​ វា​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ដែល​អាក្រក់​ LDL​ Cholesterol​ ប៉ុន្តែ​មិន​បញ្ចុះ​ជាតិ​ខ្លាញ់​ដែល​ល្អ​ HDL​ Cholesterol​ ចេញ​ទេ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ខ្លាញ់​ Monounsaturated​ មាន​សកម្មភាព​ជា​ Antioxidant​ សំរាប់​ថែរក្សា​ការពារ​ពី​ការ​ខូចខាត់​របស់​សរសៃឈាម​អាក់ទែ​ដោយសារ​ LDL​ Cholesterol​ ។​ ក្នុង​ប្រទេស​អ៊ី​តា​លី​ គ្រូពេទ្យ​ជា​ច្រើន​បាន​ប្រើប្រាស់​ប្រេង​អូ​លីវ​នេះ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​ធ្លាប់​គាំងបេះដូង​ ។​ ពួក​គេ​រក​ឃើញ​ថា​ អ្នកជំងឺ​ទាំងនោះ​ពិតជា​មាន​សរសៃឈាម​ពោ​ពេញ​ទៅ​ដោយ​សុខភាព​ល្អ​ និង​មិនសូវ​ងាយ​កើត​ជំងឺ​គាំងបេះដូង​ម្តងទៀត​ក្នុង​ពេល​អនាគត​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង