ការមករដូវ គឺជារឿងធម្មតា ហើយក៏ជាផ្នែកមួយធម្មជាតិរបស់មនុស្សស្រីដែរ។ ក្មេងស្រីដែលទើបតែជួបបញ្ហានេះច្រើនតែជាសញ្ញាដំបូងនៃការឈានដល់ភាពពេញវ័យហើយ (ជាពេលវេលាមួយដែលពួកគេចាប់ផ្តើមយល់ថាខ្លួនឯងខ្ពស់ជាងមុន និងសុដន់ចាប់ផ្តើមលូតលាស់) ប៉ុន្តែវាមិនដូចគ្នាទាំងអស់នោះទេ។

ស្ថិតត្រង់ចំណុចនេះដែរ ក៏មានក្មេងស្រីៗជាច្រើនសួរមកខាងយើងខ្ញុំថា ពេលមករដូវម្តងៗ តើត្រូវបាត់បង់ឈាមអស់ប៉ុន្មានលីត្រទៅ?
រឿងនេះបើស្តាប់ទៅគឺទំនងណាស់ ហើយក៏មានមនុស្សជាច្រើនចង់ដឹងដែរ ប៉ុន្តែគ្រាន់តែមិនហ៊ានសួរប៉ុណ្ណោះ។ សូមបញ្ជាក់ថា ឈាមដែលធ្លាក់មកក្នុងពេលមករដូវនោះភាគច្រើនគឺជាឈាមមែន ប៉ុន្តែធាតុផ្សំរបស់វាគឺទឹករំអិល និងជាលិកាផ្សេងៗទៀតដែលកើតចេញពីភ្នាសកម្រាលរបស់ស្បូនប៉ុណ្ណោះ។
ពេលខ្លះវាហាក់បីដូចជា មានឈាមច្រើនមែន ប៉ុន្តែជាធម្មតាវាមានចំនួនមិនដល់ ១០០មីលីលីត្រឡើយ។ បើសិនជាអ្នកធាត់រហូតដល់ ៥០គីឡូក្រាម អ្នកនឹងអាចមានឈាមក្នុងខ្លួនរហូតដល់ ៣,៥លីត្រ ដូច្នេះការបាត់បង់ឈាមត្រឹម ១០០មីលីលីត្រនឹងមិនបង្កជាបញ្ហាអ្វីដល់អ្នកឡើយ ព្រោះឈាមដែលបាត់បង់នោះនឹងជំនួសវិញដោយការបង្កើតថ្មីពីខួរឆ្អឹងយ៉ាងលឿន។
ករណីខ្លះ ស្ត្រីអាចនឹងធ្លាក់ឈាមរដូវច្រើន ហើយក៏បាត់បង់ឈាមច្រើនដែរ។ ករណីបាត់បង់ឈាមច្រើនបែបនេះ នាងអាចនឹងមានជំងឺកង្វះគ្រាប់ឈាម និងត្រូវការជាតិដែកបន្ថែមពីក្នុងរបបអាហារ ឬថ្នាំគ្រាប់ដើម្បីជួយបង្កើតគ្រាប់ឈាមឡើងវិញ។ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកសម្គាល់ឃើញថា ការមករដូវអ្នកមានលក្ខណៈធ្ងន់ធ្ងរ និងមកច្រើនៗ៕