មានការធ្វើតេស្ត និងការប្រុងប្រយ័ត្នច្រើនណាស់ ដែលអ្នកត្រូវតែធ្វើ ក្នុងពេលមានផ្ទៃពោះ។ ហើយរឿងដ៏សំខាន់បំផុត ដែលស្ត្រីត្រូវធ្វើនោះ គឺការចាក់វ៉ាក់សាំងតេតាណូស ក្នុងត្រីមាសទីពីរ។ ការចាក់វ៉ាក់សាំងនេះ គោលបំណងគឺ ដើម្បីផ្តល់សុវត្ថិភាពទាំងម្តាយ និងកូនក្នុងផ្ទៃពោះ ពីជំងឺតេតាណូស។

ហេតុអ្វីបានជាវ៉ាក់សាំងនេះសំខាន់?
ជំងឺតេតាណូស ប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ហើយអាចគ្រោះថ្នាក់ ដល់ជីវិតទៀត។ យ៉ាងណាមិញ វ៉ាក់សាំងនេះ អាចជួយបង្ការជំងឺនេះបាន។ ចំពោះអង់ទីគ័រ ដែលបង្កើតឡើងក្នុងខ្លួន ក្រោយពីចាក់វ៉ាក់សាំងរួច គឺត្រូវបញ្ជូនទៅឲ្យកូន ដើម្បីការពារគេតែម្តង ហើយក៏អាចមានប្រសិទ្ធភាពការពារ ក្រោយពីសម្រាលបានពីរបីខែផងដែរ។ បាក់តេរីបង្កជំងឺតេតាណូស ចូលក្នុងខ្លួនយើង តាមរយៈរបួសបើកមុខ ដូចជាការដាច់ដោចស្បែក រលាកភ្លើង ដំបៅ ឬការអេះស្បែករហូតដល់រហែកក៏មាន៕