ការថែរក្សារាងកាយ ពីជំងឺឈឺស្កាត់ គឺជារឿងមួយកាន់តែងាយស្រួល បើសិនជាអ្នកញ៉ាំអាហារ ដែលផ្តល់ផលល្អ ដល់ប្រព័ន្ធភាពស៊ាំ។ មានបន្លែ និងផ្លែឈើច្រើនណាស់ ដែលផ្ទុកទៅដោយជីវជាតិ និងសារធាតុមានប្រយោជន៍ ក្នុងការជួយអ្នកប្រឆាំងនឹងមេរោគផ្សេងៗ។
មានភេសជ្ជៈច្រើនទៀត ដែលអ្នកជំនាញនិយាយថា អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានដូចជា ៖

ទឹកក្រូចឆ្មារ
ទឹកច្របាច់ដែលថោក និងងាយស្រួលធ្វើជាងគេ ហើយល្អចំពោះប្រព័ន្ធភាពស៊ាំទៀតនោះ គឺទឹកក្រូចឆ្មារនេះឯង។ ដោយសារតែភេសជ្ជៈមួយនេះ សំបូរទៅដោយវីតាមីន C ដូច្នេះ វាពិតជាល្អខ្លាំងណាស់ ក្នុងការការពារជំងឺ។ ថ្វីបើវាជាប្រភេទភេសជ្ជៈបែបអាស៊ីត តែវាអាចផ្តល់ភាពអាល់កាឡាំងដល់រាងកាយ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។
ទឹកផ្លែប៉ោម
តាមចាស់ៗនិយាយថា ញ៉ាំផ្លែប៉ោមមួយថ្ងៃ មិនបាច់មានគ្រូពេទ្យព្យាបាលជំងឺ។ ដូច្នេះ វាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ នៅពេលយើងញ៉ាំទឹកផ្លែប៉ោមនោះ ព្រោះវាជួយជំរុញដល់ភាពខ្លាំងក្លា របស់ប្រព័ន្ធភាពស៊ាំ បានមួយកម្រិតទៀត ក្នុងការប្រឆាំងនឹងជំងឺ។ នៅពេលអ្នកធ្វើទឹកផ្លែប៉ោម ចូរប្រាកដថា អ្នកបានប្រើទាំងសម្បកវាផងដែរ ព្រោះវាមានអង់ទីអុកស៊ីដង់ខ្ពស់។
តែបៃតង
ការញ៉ាំតែបៃតងជាទៀងទាត់ ប្រហែលជាជួយបង្កើតបាន នូវប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។ នេះដោយសារតែ តែបៃតងសំបូរសារធាតុ Epigallocatechin Gallate ឬ EGCG ដែលមានមុខងារប្រឆាំងនឹងមេរោគ។ ការសិក្សាបានបង្ហាញថា សារធាតុមួយនេះ ក៏ជួយបំបាត់ជំងឺមហារីកដែរ។

ទឹកផ្លែគីវី
តើអ្នកមានដឹងទេថា ផ្លែគីវីមានវីតាមីន C ច្រើនជាងផ្លែក្រូចដែរទេ? ហេតុដូច្នេះហើយ ទើបថាការញ៉ាំទឹកផ្លែគីវីម្តង អាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យអ្នក មិនសូវកើតជំងឺឈឺស្កាត់ឡើយ។ ផ្លែមួយនេះមានវីតាមីន A ដែលល្អចំពោះភ្នែក និងវីតាមីន E ដែលល្អចំពោះស្បែក។
ទឹកប្រូខូលី
បន្លែពណ៌បៃតងមួយនេះ ផ្ទុកទៅដោយសារធាតុ ស្ពាន់ធ័រ ដែលអាចជួយបន្សាបជាតិពុលបាន ដូច្នេះ វានឹងបង្កើនមុខងារ ប្រព័ន្ធភាពស៊ាំបានមួយកម្រិតទៀត។ ដោយសារតែទឹករបស់វា មានក្លិនឈួលខ្លាំង អ្នកគួរតែកិនវាញ៉ាំ ជាមួយផ្លែឈើ និងបន្លែផ្សេងវិញទៅ ទើបស្រួលញ៉ាំ៕