ត្រប់វែង គឺជាបន្លែមួយប្រភេទ ដែលមានសាច់ និងរសជាតិប្លែកគេមួយ ហើយអាចរកទិញបាន នៅលើទីផ្សារគ្រប់រដូវកាលតែម្តង។ នៅពេលយើងនិយាយពីត្រប់វែង គេតែងដឹងថាវាមានពណ៌ស្វាយ វែង និងអាចមានទំហំតូចផងដែរ។ មិនខ្វល់ថាវាមានរូបរាង ឬពណ៌បែបណានោះទេ ត្រប់វែងទាំងអស់ សុទ្ធតែមានជីវជាតិដ៏មានប្រយោជន៍ សម្រាប់សុខភាពមនុស្សយើង។

បញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម
ត្រប់វែង ផ្ទុកទៅដោយសារធាតុ Chlorogenic Acid ដ៏ពិសេសមួយ ដែលត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំង នឹងរ៉ាឌីកាល់សេរីដ៏អស្ចារ្យបំផុត ក្នុងរុក្ខជាតិលើលោកនេះ។ សារធាតុមួយនេះ ក៏ត្រូវបានគេស្គាល់ទៀតថា អាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងដើរតួនាទីជាថ្នាំប្រឆាំងនឹងវីរុស មហារីក និងមេរោគផ្សេងៗទៀតផងដែរ។
អាហារខួរក្បាល
សំបកត្រប់វែងមានសារធាតុ Nasunin ដែលជា Anthocyanin និងត្រូវបានគេស្គាល់ថា ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយ សម្រាប់ការពារភ្នាស់ខ្លាញ់របស់កោសិកា ក្នុងកោសិកាខួរក្បាល ពីការខូចខាតរបស់រ៉ាឌីកាល់សេរី។
ការសិក្សាបានបង្ហាញថា Anthocyanins ចូលរួមក្នុងលំហូរឈាម ទៅក្នុងខួរក្បាល និងទប់ស្កាត់ ការរលាកសរសៃប្រសាទ។ វាក៏ជួយក្នុងការបង្ការ ជំងឺផ្លូវចិត្តដែលទាក់ទងនឹងអាយុ និងពង្រឹងដល់ការចងចាំផងដែរ។

មហារីក
ត្រប់វែងមានសារធាតុ Polyphenols ដែលត្រូវបានគេរកឃើញថា មានប្រសិទ្ធប្រឆាំងនឹងមហារីក។ សារធាតុ Chlorogenic Acid និង Anthocyanin ធ្វើការជាសារធាតុប្រឆាំងនឹងការរលាក និងអង់ទីអុកស៊ីដង់។
វាជួយការពារកោសិការាងកាយ ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី បង្ការការលូតលាស់ដុំសាច់មហារីក និងកោសិកាមហារីករាលដាល។ វាក៏ជំរុញដល់ការស្លាប់ របស់កោសិកាមហារីក និងភ្ញោចដល់ការច្រោះជាតិពុលផងដែរ។
ទឹកនោមផ្អែម
ត្រប់វែង ត្រូវបានគេប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម។ ការសិក្សាជាច្រើន ក៏បានគាំទ្រលើមុខងារមួយនេះដែរ ដោយសារតែវាមានកាបូអ៊ីដ្រាតទាប និងជាតិសរសៃខ្ពស់តែម្តង។

សុខភាពបេះដូង
ត្រប់វែងមានជាតិប៉ូតាស្យូម សរសៃ វីតាមីន B6 វីតាមីន C និង Phytonutrients ដែលសុទ្ធសឹងតែជួយទ្រទ្រង់ ដល់សុខភាពបេះដូងទាំងអស់។ ការញ៉ាំអាហារសម្បូរសារធាតុ Flavonoids ឃើញថា ជួយកាត់បន្ថយការកើត ជំងឺបេះដូងបានយ៉ាងល្អ ហើយត្រប់វែង គឺសំបូរសារធាតុនេះរួចទៅហើយ។
គ្រប់គ្រងទម្ងន់
របបអាហារមានជាតិសរសៃ គឺជាកត្តាដ៏សំខាន់ក្នុងការសម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់ តាមរយៈការបំពេញមុខងារជា ជួយឲ្យលាមកហាប់ ក្នុងប្រព័ន្ធរំលាយអាហារ។ សារធាតុជាច្រើននឹងជួយកាត់បន្ថយការឃ្លានអាហារ និងបង្កើនការឆ្អែត ដូច្នេះ អ្នកពិតជាមិនចង់ញ៉ាំអាហារទៀតឡើយ ព្រោះញ៉ាំឆាប់ឆ្អែត។ ណាមួយ ត្រប់វែងមានកាឡូរីទាប ដែលជាផ្នែកមួយដ៏អស្ចារ្យសម្រាប់សុខភាពល្អ៕