ខណៈពេលដែលវា អាចជារបួសតិចតួច នៅពេលកោររោមនោះ ការរបួសដោយសាររលាក ពេលចម្អិនអាហារ ឬក្រោយពេលវះកាត់នោះ បញ្ហាដ៏ធំបំផុត គឺតែងតែចោទថាតើ វាជាទៅវិញលឿនដែរឬអត់ របួសមួយហ្នឹង។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអំពី គន្លឹះងាយៗ ដែលអាចជួយឲ្យរបួសអ្នក ឆាប់ជាឡើងវិញ។
បន្ថយស្ត្រេស និងការថប់អារម្មណ៍
ការសិក្សាបានរកឃើញថា បញ្ហាស្ត្រេសផ្លូវចិត្ត ដែលបណ្តាលមកពី ការថប់បារម្ភ អាចបន្ថយដំណើរការណ៍ នៃការជាសះរបួសលើអ្នកជំងឺ ក្រោយវះកាត់បាន ដូច្នេះ វាក៏ធ្វើឲ្យពួកគេ ត្រូវការគេងពេទ្យយូរដែរ។ ចូរព្យាយាមប្រើតិចនិចបន្ធូរអារម្មណ៍ និងការហាត់ប្រាណ ដើម្បីបំបាត់ស្ត្រេស និងការថប់អារម្មណ៍ទៅ។ ដូច្នេះ របួសអ្នក ក៏នឹងឆាប់ជាវិញដែរ។
បង្កើនការញ៉ាំវីតាមីន C
វីតាមីន C ឬហៅថា Ascorbic Acid សុទ្ធតែចូលរួម ក្នុងដំណាក់កាល នៃការជាសះរបួសទាំងអស់ ហើយការបង្កើនការញ៉ាំវា ក៏នឹងបង្កើនល្បឿន នៃការជាសះរបួសដែរ។ បន្លែដូចជា ម្ទេសប្លោក ប្រូខូលី ឬស្ពៃក្តោប សុទ្ធតែជាប្រភពដ៏អស្ចារ្យ នៃវីតាមីន C ទាំងអស់។ អ្នកក៏គួរតែបញ្ចូលទឹកក្រូចឆ្មារ និងក្រូចក្នុងរបបអាហារផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ដូចគ្នា។
ប្រើប្រទាលកន្ទុយក្រពើ
បើសិនជាអ្នក កំពុងតែមានរបួស ដោយសាររបស់ក្តៅ ចូរព្យាយាមប្រើប្រទាលកន្ទុយក្រពើ ដើម្បីបំបាត់ការឈឺចាប់ខ្លះទៅ។ វាក៏អាចបង្កើនល្បឿន នៃការជាសះរបួសរលាក សើរស្បែកបានដែរ។
ទឹកឃ្មុំ
ការប្រើទឹកឃ្មុំ ត្រូវបានគេប្រើប្រាស់អស់រយៈពេល ច្រើនឆ្នាំមកហើយ ក្នុងការជួយឲ្យរបួសឆាប់ជា ជាពិសេស របួសដោយការរលាក និងដំបៅលើស្បែក។ អ្នកអាចប្រើទឹកឃ្មុំ លាបលើរបួសសើរៗស្បែកបាន។
ជាតិស័ង្គសី
សមាសធាតុរ៉ែដ៏សំខាន់មួយនេះ ត្រូវបានគេរកឃើញថា កាលណាវាមានចំនួនតិចជាងធម្មតា ច្រើនតែធ្វើឲ្យរបួស ក្រជាសះណាស់។ យ៉ាងណាមិញ អ្នកគួរតែស្វែងរក ថ្នាំលាបប្រភេទស័ង្គសីនេះ លាបលើស្បែកដែលមានរបួសវិញទៅ ដើម្បីឆាប់ជា។
របបអាហារសម្បូរប្រូតេអ៊ីន
បើសិនជាអ្នក នឹងត្រូវជារបួសពីការវះកាត់ អ្នកត្រូតែធ្វើយ៉ាងណា ញ៉ាំអាហារសម្បូរប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ដើម្បីអាចជួយឲ្យរបួសឆាប់ជា។ នេះដោយសារតែ ចំនួនរបស់អាស៊ីតអាមីណេ មានឥទ្ធិពលទៅលើ ការជួសជុលរបួស និងមុខងារប្រព័ន្ធភាពស៊ាំ៕