តើអ្នកចង់កាត់បន្ថយ ការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងដែរទេ? ពេលខ្លះ ការផ្លាស់ប្តូរធម្មតាៗ និងងាយៗក្នុងរបៀបរស់នៅ អាចនឹងជួយដោះស្រាយ បញ្ហាបានច្រើនណាស់។
ញ៉ាំរបបអាហារ បែបអ្នករស់នៅតំបន់ មេឌីទែរ៉ាណេ
របបអាហារតំបន់មេឌីទែរ៉ាណេ អាចជួយកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូង និងជំងឺទូទៅបានយ៉ាងល្អ។ នេះដោយសារតែ របបអាហារពួកគេ សម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីត្រី និងទឹកដោះគោតិច។

ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ នឹងជួយបេះដូង ឲ្យមានសុខភាពល្អ។ អ្នកអាចហាត់ប្រាណ យ៉ាងហោចណាស់កន្លះម៉ោង ចំនួនបីដងក្នុងមួយសប្តាហ៍។ ប៉ុន្តែ ការហាត់ប្រាណខ្លាំងពេក ពិតជាមិនល្អ ចំពោះសុខភាពឡើយ។
បន្ថយកូឡេស្តេរ៉ុល
កាលណាកូឡេស្តេរ៉ុល ក្នុងឈាមឡើងខ្ពស់ ការប្រឈមនឹងជំងឺ សរសៃឈាមបេះដូង កាន់តែច្រើនខ្ពស់។ កូឡេស្តេរ៉ុលច្រើនក្នុងឈាម នឹងបណ្តាលឲ្យ ជញ្ជាំងសរសៃឈាមអាកទែ កាន់ទែក្រាស់ ដូច្នេះបំពង់សរសៃឈាមនឹងរួមតូច ដែលជាហេតុនាំឲ្យ ឈាមទៅចិញ្ចឹមសាច់ដុំបេះដូង មិនបានច្រើនឡើយ។
គួរតែធ្វើយ៉ាងណា ឲ្យកូឡេស្តេរ៉ុលសរុប មក ២០០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ mg/dL កូឡេស្តេរ៉ុលអាក្រក់ ក្រោម ១៣០ មីលីក្រាម ក្នុងមួយដេស៊ីលីត្រ និងកូឡេស្តេរ៉ុលល្អ ចាប់ពី ៣៥ មីលីក្រាមក្នុងមួយដេស៊ីលីត្រ។
រក្សាទម្ងន់ឲ្យមានសុខភាពល្អ
ភាពធាត់ជ្រុល និងរបៀបរស់នៅបែបស៊ីដេកៗ ច្រើនកំពុងតែកើតមានច្រើន ហើយវាក៏ជាហេតុ នាំឲ្យប្រឈមកាន់តែខ្លាំង នឹងជំងឺបេះដូងសរសៃឈាមដែរ។

ឈប់ជក់បារី
បើសិនជាអ្នកជក់បារី សូមឈប់ទៅ។ បើសិនជាអ្នក មិនអាចធ្វើដោយខ្លួនឯងទេ ចូរប្រើរបស់ជំនួយ ឬសុំជំនួយពីគ្រូពេទ្យ។ ការសិក្សថ្មីមួយ បានបញ្ជាក់ថា ការដែលមិនជក់បារី អាចកាត់បន្ថយការប្រឈមនឹង ជំងឺគាំងបេះដូង ច្រើនជាងមួយភាគបីនៃករណីឯណោះ។
រក្សារាង
ការដែលមានជាតិខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេស ការដុះក្បាលពោះនោះ គឺជាកត្តាប្រឈមមុខធំមួយ របស់ជំងឺបេះដូង។ ដូច្នេះហើយ យកល្អ គួរតែញ៉ាំអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូវ។
ចូលរួមសកម្មភាពសង្គម
កត្តាចិត្តសាស្ត្រក្នុងសង្គម ដើរតួនាទីដ៏សំខាន់មួយ ក្នុងការកាត់បន្ថយជំងឺបេះដូង។ ការថប់បារម្ភ ស្ត្រេស និងការបាក់ទឹកចិត្ត គឺជាកត្តាប្រឈមមុខដ៏ខ្លាំង។ ដូច្នេះ យកល្អ គួរតែមានបណ្តាញគាំទ្រ ពីសង្គមរស់នៅ ឲ្យបានខ្លាំងដូចជា គ្រួសារ មិត្តភក្តិ និងអ្នកធ្វើការជាមួយគ្នា៕