ជំងឺស្រែង ជារោគផ្សិតលើស្បែកដ៏ងាយនឹងឆ្លងបំផុតមួយ។ ទោះជាយ៉ាងណាជំងឺសើរស្បែកនេះមិនសូវជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពឡើយ! (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែថាតើអ្នកគួរធ្វើបែបណា ប្រសិនបើឆ្លងជំងឺនេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់មួយចំនួនជួយព្យាបាលជំងឺស្រែង ៖
១. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមរមៀត ឬម្ស៉ៅរមៀតក្នុងតែ ឬអាហារប្រចាថ្ងៃ។ ហើយអ្នកក៏អាចលាបរមៀតដោយផ្ទាល់លើតំបន់ស្បែកដែលឆ្លងរោគផ្សិតនេះផងដែរ។ វិធីម្យ៉ាងទៀត គឺ លាយម្ស៉ៅរមៀតជាមួយទឹកធម្មតា ឬប្រេងដូង ហើយលាបល្បាយខាប់ៗនេះលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ទុកចោលឲ្យយូរបំផុតតាមដែលអាចធ្វើទៅបាន សឹមលាងសម្អាតចេញ។ រូបមន្តនេះអាចធ្វើឲ្យស្បែកឡើងពណ៌លឿង ប៉ុន្តែកុំបារម្ភ ដោយប៉ុន្មានថ្ងៃក្រោយវានឹងបាត់ទៅវិញខ្លួនឯង។
២. ទឹកខ្មេះផ្លែប៉ោម
រូបមន្តនេះជួយព្យាបាលអាការៈរមាស់ និងស្ងួតត្រង់តំបន់ស្បែកកើតស្រែង។ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម ហើយលាបលើស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច។ អនុវត្តឲ្យបាន ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។ អ្នកអាចលាងសម្អាតចេញ ប្រសិនបើអ្នកចេញក្រៅផ្ទះ ឬតំបន់ស្បែកឡើងស្រែងនោះហូរញើស។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺលាបប្រេងដូងលើតំបន់ស្បែកទទួលរងផលប៉ះពាល់ឲ្យបាន ៣ ដងក្នុងថ្ងៃ។ បន្តប្រើឲ្យបានប៉ុន្មានសប្តាហ៍ទៀត បើទោះជាជំងឺសើរស្បែកនេះសះស្បើយហើយក៏ដោយ។
៤. ខ្ទឹមស
កុំលាបខ្ទឹមសឆៅសុទ្ធដោយផ្ទាល់លើតំបន់ស្បែកឡើងស្រែង ឬឆ្លងរោគផ្សិតនេះ។ ចូរលាយខ្ទឹមសឆៅដែលកិនម៉ដ្ឋខាប់ៗជាមួយប្រេងអូលីវ ឬប្រេងដូង។ លាបល្បាយលើតំបន់ស្បែកដែលឆ្លងរោគមួយជាន់ស្ដើងដោយប្រើប្រាស់សំឡី ឬក្រណាត់ស្អាត។ ទុកចោលសម្រាប់រយៈពេល ២ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឲ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ។
– ទោះបីក្នុងករណីធ្ងន់ធ្ងរបំផុតក៏ដោយ ក៏ជំងឺស្រែងនឹងជាសះស្បើយក្នុងរយៈពេលពី ២ សប្តាហ៍ ទៅ ២០ ថ្ងៃ។ ប៉ុន្តែប្រសិនបើវាមិនជាទេនោះ អ្នកត្រូវជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម!