ជំងឺផ្តាសាយគឺជាការបង្ករោគមួយនៅលើផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលមកពីការវីរុស។ វាមិនមែណជាជំងឺដែលគម្រាមគំហែងដល់អាយុជីវិតទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល និងពិបាកក្នុងខ្លួនខ្លាំង។ ការដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយនឹងធ្វើឱ្យអ្នកងាយនឹងកើតជំងឺផ្តាសាយណាស់។ សំណាងដែរ មានអាហារជាច្រើនដែលអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺនេះ។ ការញ៉ាំអាហារទាំងនេះនៅពេលអ្នកកើតជំងឺនេះរួច ក៏ជារឿងល្អដែរ ព្រោះវានឹងជួយឱ្យអ្នកឆាប់ជាវិញ។

ផ្លែឈើជូរៗ
ពិតណាស់ ផ្លែឈើជូរៗដូចជា ក្រូច និងក្រូចឆ្មាគឺផ្ទុកទៅដោយវីតាមីន C ដែលជាជីវជាតិម្យ៉ងអាចជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំបាន។ ផ្លែឈើទាំងនេះក៏មានសារធាតុ Flavonoids ដែលជាសារធាតុបំពាក់ពណ៌របស់រុក្ខជាតិ ហើយក៏មានសមាសធាតុជាអង់ទីអុកស៊ីដង់ពិសេសដែលអាចពន្លឿនជំងឺផ្តាសាយបាន។
អាហារហិរ
ការញ៉ាំអាហារហិរនឹងធ្វើឱ្យអ្នកហៀរសំបោរ ដូច្នេះវានឹងជួយសម្រួលដល់ការតឹងច្រមុះបាន។ អាហារនេះក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។ ដូច្នេះមិនខ្វល់ថាអ្នកមានជំងឺផ្តាសាយ ឬអត់ទេ ចូរញ៉ាំអាហារនេះទៅ។

ស៊ុបមាន់
គ្មាននរណាម្នាក់ដឹងហេតុអ្វីបានជាស៊ុបមាន់អាចបន្ថយរោគសញ្ញាជំងឺផ្តាសាយទេ ប៉ុន្តែមិនបាច់ខ្វល់ឡើយ។ អ្នកវិទ្យាសាស្ត្រជឿថា បន្លែដែលប្រើចូលគ្នាក្នុងស៊ុបមាន់គឺជារបស់ដ៏ល្អមួយសម្រាប់ដោះស្រាយបញ្ហាផ្តាសាយនេះ។ ជាមួយគ្នានេះដែរ វានឹងជួយឱ្យអ្នកញ៉ាំទឹកបានកាន់តែច្រើន ដែលជារឿងល្អសម្រាប់អ្នកជំងឺផ្តាសាយដែរ។
ខ្ទឹមស និងខ្ទឹមបារាំង
វាគឺជាគំនិងដ៏អស្ចារ្យមួយដែលជ្រើសរើសយកអាហារដែលមានខ្ទឹមស និងខ្ទឹមបារាំងមកញ៉ាំនៅពេលមានជំងឺផ្តាសាយ។ នោះដោយសារតែ អាហារទាំងពីរនេះមានសមត្ថភាពសម្លាប់មេរោគដ៏ពូកែ។ វាក៏ធ្វើឱ្យប្រព័ន្ធភាពកាន់តែរឹងមាំដែរ ដូច្នេះវានឹងកាត់បន្ថយការប្រឈមនឹងការបង្ករោគដែរ។ ខ្ទឹមសជួយបើកផ្លូវដល់ប្រហោងឆ្អឹងក្នុងមុខ និងបង្ហូរអ្វីដែលកំពុងតែស្ទះចេញបាន។
តែខ្ញី
ការញ៉ាំតែខ្ញីនៅពេលមានជំងឺផ្តាសាយអាចនឹងជួយដោះស្រាយជំងឺណេះបាន។ ដំបូងឡើយ វានឹងបន្ធូរដល់អាការៈរមាស់ក្នុងបំពង់ក។ ទីពីរ ខ្ញីមានសមត្ថភាពប្រឆាំងនឹងការរលាក ដូច្នេះវាអាចបន្ធូរផ្លូវដង្ហើម និងដកដង្ហើមបានកាន់តែស្រួល។ ទីបី វាជួយបំបាត់ការឈឺចាប់បានតិចតួច និងមានឥទ្ធិពលងងុយគេងខ្លះដែរ។
ទឹកឃ្មុំ
ការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយពេលមានជំងឺផ្តាសាយពិតជារឿងមួយអស្ចារ្យណាស់។ នេះដោយសារតែទឹកឃ្មុំមានសមត្ថភាពប្រឆាំងនឹងមេរោគ ដែលអាចជួយសម្លាប់វីរុសដែលបង្កជំងឺផ្តាសាយនោះបាន។ វាក៏ជួយបំបាត់ការរមាស់ក្នុងបំពង់កដែរ។ យ៉ាងណាមិញ ក្មេងអាយុក្រោម មួយឆ្នាំមិនគួរឱ្យញ៉ាំទឹកឃ្មុំឡើយ៕