បើមានប្រាក់ខែច្រើនទោះចាយរៀងទូលាយបន្តិចក៏មិនសូវព្រួយបារម្ភ រឿងដាច់លុយចុងខែដែរ។ អ្វីដែលជាបញ្ហានោះ គឺមានប្រាក់ខែល្មមតែមួយចាយ បើហ៊ានបើកដៃតែតិច ច្បាស់ជាវេទនាចុងខែហើយ។ តទៅនេះ គឺជាវិធីចែកលុយចាយប្រចាំខែ របស់លោកសាស្ត្រាចារ្យសេដ្ឋកិច្ច សុខ ម៉េងហៀង បង្រៀននៅសាកលវិទ្យាល័យឯកជនមួយ កាលលោកមានប្រាក់ខែត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ។
១. លុយសម្រាប់រយៈពេល៥ថ្ងៃដំបូង
បើកប្រាក់ខែ ត្រូវមានការចំណាយចាំបាច់នានា ដោយជៀសមិនផុត។ ដូច្នេះគួរដកលុយមួយកញ្ចប់សម្រាប់ការចំណាយតែចាំបាច់ប៉ុណ្ណោះ កុំទាន់អាលយកការចំណាយណាដែលមិនសូវចាំបាច់មកលូកលាន់។ រយៈពេល៥ថ្ងៃដំបូងគួរជម្រះបញ្ជីឲ្យហើយ ជាមួយថ្លៃទឹក-ភ្លើង ថ្លៃបន្ទប់ស្នាក់ ថ្លៃសាលា ឲ្យចប់សព្វគ្រប់។ បើយកការចំណាយអត់បានការផ្សេងទៀត មកឡូកឡំនៅដើមខែ ច្បាស់ណាស់ប្រាកដជាចាយអត់ដឹងមុខ មិនដឹងថាអស់លើអ្វីឡើយ។
២. លុយសម្រាប់រយៈពេល១០ក្រោយ
ក្រោយជម្រះបញ្ជីទៅលើការចំណាយសំខាន់ៗហើយ យើងនឹងឃើញចំនួនទឹកប្រាក់ដែលនៅសេសសល់។ ទឹកប្រាក់នេះ គឺសម្រាប់ចិញ្ចឹមក្រពះ និងការចំណាយផ្សេងៗរាប់ជំពូកទៀត។ ដូចនេះដើម្បីងាយស្រួល គួរដកលុយចេញពីកុងធនាគារ ហើយកំណត់ថ្ងៃចាយវិញ។ គួរដកលុយមួយកញ្ចប់ សម្រាប់ការចាយរយៈពេល១០ថ្ងៃបន្ទាប់។ ទំហំលុយ និងថ្ងៃសម្រាប់ការចាយ គឺអាស្រ័យលើប្រាក់ខែយើងផ្ទាល់ លៃលកយ៉ាងណាឲ្យសមរម្យតាមលទ្ធភាពខ្លួន។ ត្រូវកំណត់ខ្លួនឯងថា មួយថ្ងៃត្រូវចាយប៉ុន្មាន? ហើយចាយលើអ្វីខ្លះ? ធ្វើយ៉ាងណាត្រូវប្រើលុយនោះឲ្យគ្រប់១០ថ្ងៃ។
៣. លុយសម្រាប់១០បន្ទាប់ទៀត
រយៈពេល១៥ថ្ងៃផុតទៅ លុយក៏ចាប់ផ្ដើមថមថយកាន់តែខ្លាំង។ ដូច្នេះរយៈពេល១០ថ្ងៃនេះ ការចាយលុយក៏កាន់តែបន្ថយថែមទៀត ព្រោះពេលនោះយើងអាចស្មានខ្លួនឯងហើយថា ទំហំលុយដែលនៅសល់ និងថ្ងៃដែលត្រូវចំណាយ គួរដកប៉ុន្មានទើបមិនអស់លុយនៅចុងខែ។ លុយមួយកញ្ចប់សម្រាប់ពាក់កណ្ដាលខែនេះ ត្រូវសម្រិតសម្រាំងជាងមុន អាហារក្រៅផ្ទះគួរកាត់បន្ថយ ជួបមិត្តក៏ត្រូវបន្ថយ កម្មវិធីណាដែលចោលបានគួរតែចោល និងការចំណាយផ្សេងទៀត ដែលមិនចាំបាច់ជាងបាយ និងម្ហូបចោលបានគួរតែចោល។ បើពាក់កណ្ដាលខែហើយ មិនបង្អង់ល្បឿនដកលុយទេ កុំថាឡើយមានជាងពាន់ដុល្លារក៏មិនសល់ដែរ។
៤. លុយសម្រាប់៥ថ្ងៃចុងក្រោយ
រយៈពេល២៥ថ្ងៃបានកន្លងផុតទៅ បើបានចែកលុយចាយតាមថ្ងៃដូចវិធីខាងលើ យើងរំភើបត្រេកអរព្រើត បើទោះជាមិនសល់ទាំងរយដុល្លារ តែយ៉ាងណាក៏មានលុយចាយគ្រប់គ្រាន់ ដើម្បីរង់ចាំខែថ្មី។ បើអ្នកមានប្រាក់ខែច្រើន ប្រាកដជាសល់ទោះតិច ឬច្រើនក្ដី។ ៥ថ្ងៃចុងក្រោយនេះ គឺជាពេលដែលត្រូវធ្វើចិត្តដាច់ ចំពោះអ្វីដែលយើងចង់ចំណាយ មិនថាសំលៀកបំពាក់ មើលកុន ដើរលេង ត្រូវគ្រវាត់ចោល។ អ្វីដែលត្រូវចាយ៥ថ្ងៃចុងក្រោយនេះ គឺថ្លៃម្ហូប និងថ្លៃសាំងប៉ុណ្ណោះ។
សូមបញ្ជាក់ថា វិធីសាស្ត្រនេះ គឺអាស្រ័យលើប្រាក់ខែលោកអ្នកផ្ទាល់ រយៈពេល៥ដំបូង ២០ថ្ងៃក្រោយ និង៥ថ្ងៃក្រោយ អាចដកលុយទំហំប៉ុណ្ណា អាចលៃលកទៅតាមទំហំនៃការចាយវាយប្រចាំថ្ងៃ។ ប្រសិនបើមិនបែងចែកថ្ងៃចំណាយបែបនេះទេ ប្រាកដជាចាយលុយមិនដឹងមុខ ច្របូកច្របល់គ្នា មិនងាយនឹងសល់លុយឡើយ៕
ប្រភព៖ sabay.com.kh