បើយោងទៅតាមការសិក្សាមួយក្នុងសារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា បញ្ហាងាប់លិង្គមិនត្រឹមតែត្រូវព្យាបាលដោយប្រើថ្នាំតែមួយមុខនោះទេ តាមពិត មានកត្តាច្រើនណាស់ ដែលអាចជួយពង្រឹងដល់មុខងារឡើងរឹងរបស់លិង្គបាន ដូចជា ទម្ងន់ ការគេង ហាត់ប្រាណ របបអាហារ និងការទទួលទានជាតិស្រា។
អ្នកស្រាវជ្រាវបានវិភាគទៅលើបុរសចំនួន ៧៦៥ នាក់ ដែលមានអាយុចាប់ពី ៣៥ ទៅ ៨០ ឆ្នាំ ក្នុងប្រទេសអូស្ត្រាលី។ ពួកគេបានប្រើតារាងសំណួរមួយ ដើម្បីប្រមូលយកទិន្នន័យអំពីចំណង់ផ្លូវភេទ សកម្មភាពផ្លូវភេទ និងការត្រៀមខ្លួនសម្រាប់ការរួមភេទរបស់បុរសទាំងនោះ។ បន្ទាប់មក ពួកគេវាយតម្លៃទៅលើមុខងារឡើងរឹងរបស់លិង្គ ដោយប្រើតារាងសំណួរមួយផ្សេងទៀត។ អ្នកចូលរួមសិក្សានេះក៏ត្រូវបានសួរអំពីសុខភាពទូទៅដែរ ដូចជា ទម្ងន់ ការទទួលទានស្រា សកម្មភាពរាងកាយ ការបាក់ទឹកចិត្ត និងការគេង។ ក្នុងរយៈពេល ៥ ឆ្នាំ ពួកគេបានរកឃើញថា បុរសដែលមានទម្លាប់ និងសុខភាពកាន់តែល្អ នោះមុខងារផ្លូវភេទក៏ល្អតាមគ្នាដែរ។
វេជ្ជបណ្ឌិត ដារីស ប៉ាដុច (Darius Paduch) អ្នកឯកទេសខាងរោគផ្លូវតម្រងនោម និងជំងឺផ្លូវភេទបុរសនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York-Presbyterian បាននិយាយថា ទោះបីជាការសិក្សានេះភាគច្រើនសម្តៅទៅលើបុរសវ័យចំណាស់ក៏ដោយ ក៏ជាលិកាធ្វើអោយលិង្គឡើងរឹងក៏ច្រើនតែកើតមានលើបុរសវ័យក្មេងដែរ។
លោកបានបន្តទៀតថា “ស្ថិតក្នុងករណីដូចពួកគេបែបនេះ ខ្ញុំតែងតែណែនាំអោយពួកគេផ្លាស់ប្តូររបៀបរស់នៅ”។ បុរសដែលមានបញ្ហាងាប់លិង្គច្រើនតែបណ្តាលមកពីរឿងមួយចំនួន ដែលវាក៏អាចគម្រាមកំហែងដល់អាយុជីវិតបានដែរ នោះគឺបញ្ហាបេះដូង-សរសៃឈាមតែម្តង។
គាត់បានបន្តទៀតថា “ខ្ញុំសង្កេតឃើញមុខងារផ្លូវភេទរបស់អ្នកជំងឺ បែរជារីកចម្រើនវិញ នៅពេលដែលមានការផ្លាស់ប្តូររបៀបរស់នៅដែលផ្តល់សុខភាព និងទម្លាប់រស់នៅល្អ។ បុរសទាំងនេះច្រើនតែអាចរស់នៅដោយមិនបាច់ប្រើថ្នាំសម្រាប់សម្រួលដល់មុខងារផ្លូវភេទពួកគេទេ”៕