យើងមិនអាចរស់នៅដោយមិនញ៉ាំអាហារបានទេ ហើយយើងក៏មិនអាចផ្តល់ក្តីស្រឡាញ់ដោយគ្មានអាហារដែរ។ ការទទួលទានអាហារបានត្រឹមត្រូវអាចពង្រឹងដល់ជីវិតដ៏រ៉ូម៉ែនទិចរបស់អ្នកបានច្រើនរបៀបដូចជា ធ្វើអោយស្បែកលូតលាស់ល្អ ពង្រឹងដល់របត់ឈាមរត់ក្នុងរាងកាយ ផ្តល់សុភមង្គលក្នុងជីវិតគូ និងថាមពលដែលអ្នកត្រូវការ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរតែញ៉ាំ ដើម្បីពង្រឹងដល់ជីវិតដ៏រ៉ូម៉ែនទិចរបស់អ្នក។
ផ្លែបឺរីពណ៌ខៀវ
ការទទួលទានផ្លែបឺរីពណ៌ខៀវមួយពែងម្តងក្នុងមួយថ្ងៃ ប្រហែលជាជួយបង្កើនជីវិតស្នេហារបស់អ្នកបាន។ បើយោងទៅតាមអ្នកជំនាញខាងអាហាររូបត្ថម្ភបានអោយដឹងថា ផ្លែឈើប្រភេទបឺរីផ្ទុកទៅដោយសារធាតុ Proanthocyanidins ដែលជាសារធាតុគីមីរុក្ខជាតិសម្រាប់ជួយធ្វើអោយសរសៃឈាមអាចបត់បែនបានយ៉ាងល្អ និងបង្កើនលំហូរឈាមនៅជុំវិញរាងកាយ ដែលទាំងនេះសុទ្ធតែមានផលល្អចំពោះជីវិតដ៏រ៉ូម៉ែនទិចទាំងអស់។
ផ្លែចេក
ផ្លែចេកមិនត្រឹមតែជាផ្លែឈើដ៏ល្អបំផុតដែលគេណែនាំអោយទទួលទានគ្រប់ពេលនោះទេ តែវាក៏សម្បូរទៅដោយជីវជាតិជាច្រើនសម្រាប់ជួយផលិតអ័រម៉ូនភេទដែរ។ ផ្លែចេកផ្ទុកទៅដោយជាតិរ៉ែ និងអង់ស៊ីមជម្រុញដល់ចំណង់ផ្លូវភេទបុរស និងសម្រួលដល់ការបញ្ចេញអ័រម៉ូន Serotonin ដើម្បីជួយអោយមានអារម្មណ៍ល្អក្រោយពីរួមភេទរួច។ វាក៏ជួយបង្កើនជាតិគ្លុយកូសក្នុងឈាម ដើម្បីអោយអ្នកមានកម្លាំងដែរក្រោយពីទទួលទានរួច។
ស្រាក្រហម
ស្រាក្រហមមិនត្រឹមតែជួយអោយអ្នកមើលទៅនៅក្មេងទេ តែវាក៏ជួយបង្កើនចំណង់ផ្លូវភេទទាំងបុរស និងស្ត្រីដែរ។ ការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីដែលទទួលទានស្រាក្រហមមួយកែវជាទៀងទាត់ គឺមានចំណង់ផ្លូវភេទល្អជាងស្ត្រីដែលមិនបានញ៉ាំ។ ក្រៅពីនេះ វត្តមានរបស់សារធាតុ Flavonoids ក្នុងស្រាក្រហមជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូង-សរសៃឈាម នៅពេលទទួលទានក្នុងកម្រិតមធ្យម។ ស្រាក្រហម ក៏ត្រូវបានគេស្គាល់ថាជួយសម្រួលដល់ភាពតានតឹងក្នុងចិត្ត និងផ្តល់ការសប្បាយរីករាយ។
សូកូឡាខ្មៅ
ដោយសារតែសូកូឡាខ្មៅផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើន ដូច្នេះ វាក៏មានផលល្អចំពោះសុខភាពផ្លូវភេទដែរ។ សូកូឡាខ្មៅជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងធ្វើអោយអ្នកសប្បាយចិត្ត។ វាផ្ទុកទៅដោយសារធាតុគីមីធ្វើអោយមានអារម្មណ៍ល្អ និង Phenylethylamine (PEA) ដែលជាធាតុគីមីបញ្ជាក់អំពីក្តីស្រឡាញ់។ PEA នឹងឡើងខ្ពស់ក្នុងពេលឈានដល់ចំណុចកំពូល និងជម្រុញអោយមានអារម្មណ៍នៃការទាក់ទាញ និងអារម្មណ៍សប្បាយចិត្ត តាមរយៈការបញ្ចេញសារធាតុ Dopamine ក្នុងខួរក្បាល៕