មនុស្សពេញវ័យប្រហែលមួយភាគរយ បានប្រាប់ថា ពួកគេឈឺក្បាល ហើយជួនកាលឈឺខ្លាំង ក្នុងអំឡុងពេលរួមភេទ។ គ្រូពេទ្យឯកទេសបាននិយាយថា ការឈឺក្បាលអំឡុងពេលរួមភេទអាចកើតមានឡើងជាធម្មតា។ ការឈឺក្បាលពេលកំពុងរួមភេទ អាចឈឺខ្លាំង និងគួរអោយខ្លាច។ ការឈឺក្បាលភាគច្រើនដែលទាក់ទងនឹងការរួមភេទ គឺមិនប៉ះពាល់ដល់សុខភាពអ្វីនោះទេ។ ប៉ុន្តែ ការឈឺក្បាលមួយចំនួនអាចជាសញ្ញានៃបញ្ហាដែលគម្រាមកំហែងដល់អាយុជីវិតដូចជា ការហូរឈាមក្នុងខួរក្បាល ការរីកធំនៃសរសៃឈាមនៅខួរក្បាល ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគ្រោះថ្នាក់ខួរក្បាលដទៃទៀត។

អ្នកដែលឈឺក្បាលពេលរួមភេទ គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើអោយប្រាកដថា វាជាការឈឺចាប់ធម្មតា ឬជាបញ្ហាធំដែលអាចគម្រាមកំហែងដល់អាយុជីវិត។ ជាពិសេស នៅពេលដែលការឈឺក្បាលឧស្សាហ៍កើតមានសារជាថ្មី។ បុរសប្រឈមមុខ ៣ ដងច្រើនជាងស្ត្រីទៅនឹងការឈឺក្បាលអំឡុងពេលរួមភេទ។




ប្រភេទនៃការឈឺក្បាលទាំង ៣ ដែលទាក់ទងទៅនឹងការរួមភេទ ៖
- ការឈឺក្បាលបែបតឹងៗ ដែលចាប់ផ្តើមនៅក្បាល និងក មុនពេលឈានដល់ចំនុចកំពូល និងរឹតតែឈឺខ្លាំងពេលអ្នកមានអារម្មណ៍ស្រើបស្រាល
- ការឈឺក្បាលខ្លាំងមែនទែន ដោយចាប់ផ្តើមអំឡុងពេលដល់ចំនុចកំពូល។ ការឈឺក្បាលនេះអាចមានរយៈពេលជាច្រើនម៉ោង
- ការឈឺក្បាលដែលចាប់ផ្តើមមានក្រោយពេលរួមភេទ និងអាចឈឺពីតិចទៅខ្លាំង។ ការឈឺក្បាលនេះរឹតតែខ្លាំងទៅៗ នៅពេលដែលមនុស្សក្រោកឈរ។ ការឈឺក្បាលនេះត្រូវបានបង្កឡើងដោយការជ្រាបទឹកខួរឆ្អឹងខ្នង។
ដូចនេះ អ្វីដែលអាចជួយអ្នកបាន? ក្នុងករណីមួយចំនួន ថ្នាំអាចជួយបំបាត់ការឈឺចាប់បាន។ ក្រៅពីនេះ អ្នកគួរតែហាត់ប្រាណ ជៀសវាងការផឹកស្រា និងរក្សាទម្ងន់អោយបានល្អ។ ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ជាកត្តាមួយដែលអ្នកមិនគួរមើលរំលងឡើយ៕