ខ្វិត ជាដំណាំឈើហូបផ្លែមួយប្រភេទដែលពេញនិយមណាស់ដែរក្នុងប្រទេសកម្ពុជា ហើយផ្លែឈើនេះមិនសម្បូររាល់ថ្ងៃឡើយដោយវាចេញផ្លែទៅតាមរដូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែខ្វិតអាចទទួលទានបានទាំងនៅពេលខ្ចី, ចាស់ និងទុំ គ្រាន់តែនៅពេលខ្ចីវាមានរសជាតិចត់ ហើយជូរអែមនៅពេលចាស់ ឬទុំ។ ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងធ្លាប់ទទួលទានផ្លែឈើនេះក៏ដោយ ប៉ុន្តែប្រហែលជាមិនបានគិតដល់ទេថា ផ្លែខ្វិត អាចផ្ដល់ផលល្អប្រសើរជាច្រើនចំពោះសុខភាព! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃផ្លែខ្វិត ៖

១. ល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម

ផ្លែខ្វិត មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួនដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយថែមទាំងជួយធ្វើឲ្យដំណើរការមុខងារផ្សេងៗនៃរាងកាយមានលក្ខណៈកាន់តែប្រសើរឡើងផងដែរ។ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែលជួយ​ពង្រឹង​សុខភាព​ថ្លើម ហើយសាច់នៃផ្លែឈើនេះក៏ដើរតួនាទីជាសារធាតុបន្សាបជាតិពុលផ្សេងៗបែបធម្មជាតិដែលជួយការពារសុខភាពតម្រងនោម និងថ្លើម។

២. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម (ករណីបង្កដោយ Fluoride) 

Fluoride ជាកត្តាដ៏សំខាន់បំផុតមួយដែលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម។ សារធាតុ  Fluoride ក្នុងទឹកដែលអ្នកទទួលទានបង្កើនការធន់ទៅនឹងជាតិគ្លុយកូសនៃឈាមដែលបណ្ដាលឲ្យកើតបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ផ្លែខ្វិត គឺមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសារធាតុ fluoride ដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ក៏ព្រោះសាច់នៃផ្លែឈើនេះមានផ្ទុកសមាសធាតុដូចជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែលមានប្រសិទ្ធិភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ដូច្នេះការទទួលទានផ្លែខ្វិតអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។

៣. ព្យាបាលពោះចឹក និងឃ្មុំទិច

តាំងពីសម័យបុរាណមកនៅក្នុងប្រទេសឥណ្ឌា សំបកនៃដើមខ្វិតត្រូវបានគេប្រើសម្រាប់ព្យាបាលពោះចឹក ហើយសំបកផ្លែខ្វិតវិញ គឺប្រើសម្រាប់ព្យាបាលឃ្មុំទិច។

៤. ជួយរំលាយអាហារ

ការទទួលទានផ្លែខ្វិតទុំ អាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធិភាពតាមរយៈសារធាតុ laxative ដែលវាមានផ្ទុក។ ផ្លែខ្វិត ក៏ជួយកម្ចាត់ប៉ារ៉ាសិតក្នុងពោះវៀន និងជាឱសថមួយដ៏ល្អសម្រាប់ព្យាបាលជំងឺរំលាយអាហារផងដែរ។

៥. ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ

ផ្លែខ្វិត មានផ្ទុកសម្បូរទៅដោយ Carbohydrates និង ប្រូតេអ៊ីន រួមទាំងវីតាមីន A, B, C ជាតិកាល់ស្យូម, ផូស្វ័រ ក៏ដូចជាជាតិសសៃ ដែលជួយរក្សាសុខភាពរាងកាយល្អរឹងមាំ ជៀសផុតពីជំងឺផ្សេងៗ។

ទោះជាយ៉ាងណា កុំទទួលទានច្រើនពេកក៏ព្រោះវាអាចបណ្ដាលឲ្យអ្នកហើមពោះ, ឈឺពោះ និងឈឺបំពង់កបាន!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង