មានជំនឿមិនត្រឹមត្រូវជាច្រើនដែលថាពេលណាទើបស្ត្រីរួមភេទទៅមានផ្ទៃពោះ និងពេលណានាងមិនអាចមាន។ ភាគច្រើនស្ត្រីជឿជាក់ថា ការរួមភេទក្នុងពេលវេលាណាមួយក្នុងពេលមករដូវសុទ្ធតែធ្វើអោយមានផ្ទៃពោះទាំងអស់។ ប៉ុន្តែការរួមភេទក្នុងពេលផ្ទុះបែកអូវុលទេទើបជាពេលវេលាដ៏ល្អបំផុតដើម្បីអាចអោយមានផ្ទៃពោះបាន។ បើសិនជាអ្នកកំពុងតែព្យាយាមចង់អោយមានផ្ទៃពោះ យកល្អគួរតែយកចិត្តទុកដាក់ចំពោះការប្រែប្រួលរាងកាយរបស់អ្នកផង។ អ្នកពិតជាងាយនឹងរកឃើញនូវរោគសញ្ញាខាងរាងកាយដែលបញ្ជាក់អំពីការផ្ទុះបែកអូវុលណាស់។
កំណត់អំពីពេលវេលាដែលត្រូវផ្ទុះបែកអូវុល
អ្នកត្រូវតែរកអោយឃើញសញ្ញានៃការផ្ទុះបែកអូវុលជាសិនមុនពេលរៀបគម្រោងចង់មានផ្ទៃពោះ ហើយពេលវេលារួមភេទក៏ត្រូវតែធ្វើទៅតាមវាផងដែរ។ ជារៀងរាល់ខែ បម្រែបម្រួលអ័រម៉ូនក្នុងរាងកាយរបស់មនុស្សស្រីធ្វើអោយបញ្ចេញមេជីវិតញីមួយគ្រាប់។ បន្ទាប់មក មេជីវិតនេះធ្វើដំណើរពីក្នុងបំពង់ដៃស្បូនចូលក្នុងស្បូន។ ដំណាក់កាលនេះត្រូវបានសម្គាល់ថាជាដំណើរការនៃការផ្ទុះបែកអូវុល។ មានមធ្យោបាយជាច្រើនដើម្បីដឹងអំពីពេលវេលាដែលពងមេជីវិតញីនេះផ្ទុះចេញពីក្រពេញអូវ៉ែ (ផ្ទុះបែកអូវុល)។
ស្ត្រីដែលមករដូវទៀងទាត់៖ ស្ត្រីដែលមករដូវទៀងទាត់អាចគុណគូរ ឬព្យាករណ៍ពេលវេលាផ្ទុះបែកអូវុលធម្មតាបាន។ ជាមធ្យម រយៈពេលនៃវដ្តរដូវរបស់មនុស្សស្រីគឺ ២៨ថ្ងៃ ចំណែកឯថ្ងៃផ្ទុះបែកអូវុលកឺកើតឡើងមុនមករដូវថ្ងៃដំបូង ១៤ថ្ងៃ។ ដូច្នេះអ្នកអាចកំណត់ពេលវេលាថ្ងៃផ្ទុះអូវុលនេះបានយ៉ាងងាយតាមរយៈការដករយៈពេល ១៤ថ្ងៃចេញនៃវដ្តរដូវនោះ។
ស្ត្រីដែលមករដូវមិនទៀងទាត់៖ ក្នុងករណីស្ត្រីដែលមករដូវមិនទៀងទាត់ ពួកគេអាចដឹងពីពេលវេលានៃការផ្ទុះបែកអូវុលបានតាមរយៈការប្រើប្រាស់ផលិតផលធ្វើតេស្តរកមើលសញ្ញាផ្ទុះអូវុល, ការតាមដានសីតុណ្ហភាពរាងកាយ និងការប្រែប្រួលក្នុងទឹករំអិលរបស់មាត់ស្បូន។
មិនខ្វល់ថាអ្នកមករដូវទៀងទាត់ ឬមិនទៀងទាត់ទេ ពេលវេលាដ៏ល្អបំផុតដើម្បីរួមភេទហើយមានផ្ទៃពោះបានគឺជានៅពេលដែលទឹករំអិលក្នុងទ្វារមាសទៅជារអិលៗ, ខាប់ និងថ្លា។ ចំណុះទឹករំអិលគួរតែមានចំនួនច្រើនពេលកម្រិតអ័រម៉ូន Estrogen ឡើងខ្ពស់។
ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ North Carolina ដែលជាអ្នកព្យាករណ៍ទៅលើការរួមភេទធ្វើអោយមានផ្ទៃពោះបានអោយដឹងថា ថ្ងៃដែលអ្នកសម្គាល់ដឹងថាមានទឹករំអិលចេញពីមាត់ស្បូនហើយ នោះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់រួមភេទអោយមានផ្ទៃពោះបានហើយ។ នេះដោយសារតែវាជួយបន្ថែមដល់ការស់រានមានជីវិតរបស់មេជីវិតឈ្មោល និងបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។ បើយោងទៅតាមការស្រាវជ្រាវមួយចំនួនបានអោយដឹងថា ការរួមភេទមុនពេលថ្ងៃផ្ទុះបែកអូវុល៦ថ្ងៃ អាចបង្កើនឱកាសដល់ការមានផ្ទៃពោះកាន់តែច្រើន។
គូស្វាមីភរិយាភាគច្រើនដែលកំពុងព្យាយាមចង់បានកូន គឺពួកគេរួមភេទតែក្នុងពេលផ្ទុះបែកអូវុលទេ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានអោយដឹងថា ដើម្បីទទួលបានគុណភាព និងបរិមាណរបស់មេជីវិតឈ្មោល ដែលមានកម្រិតខ្ពស់បំផុតនោះគឺត្រូវតមរួមភេទអោយមួយទៅពីថ្ងៃ ប៉ុន្តែវានឹងថយចុះវិញបើសិនជាតមរហូតដល់ ១០ថ្ងៃ។ ដូច្នេះបើសិនជាអ្នកកំពុងតែរងចាំមើលសញ្ញានៃការផ្ទុះបែកអូវុល ហើយមិនបានរួមភេទជាច្រើនថ្ងៃទៀត នោះមេជីវិតឈ្មោលរបស់ខាងប្រុងប្រហែលជាមិនអាចមានសមត្ថភាពក្នុងការបង្កកំណើតឡើយ៕