មានហេតុផលមួយដែលគ្រូពេទ្យអ្នកត្រូវការមើលអណ្តាតក្នុងពេលពិនិត្យសុខភាព ថាតើវាហើមឬអត់។ កាលណាអណ្តាតអ្នកប្រែពណ៌ទៅជាពណ៌ផ្សេង វាអាចបញ្ជាក់បានថា កំពុងតែមានរឿងមួយ ឬពីរកើតឡើងលើសុខភាពអ្នកជាមិនខានទេ។
លោក Laurence Kirk មកពីមហាវិទ្យាល័យ British College ផ្នែក Naturopath និង Osteopathy និយាយថា មានរឿងច្រើនណាស់ដែលមនុស្សម្នាក់អាចសិក្សាដឹងអំពីការពិនិត្យសុខភាពអណ្តាត។ គាត់បានបន្ថែមថា “អណ្តាតសម្បូរទៅដោយការផ្គត់ផ្គង់សរសៃឈាម ព្រមទាំងមានលំហូរទឹកមាត់ជាប់រហូតដើម្បីជាវិធីលាងសម្អាតបាក់តេរីអាក្រក់ៗចេញពីក្នុងមាត់។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជា មនុស្សម្នាក់មិនមានសុខភាពល្អទេនោះ បញ្ហាមួយអាចរកឃើញតាមរយៈការមើលអណ្តាតនេះឯង”។
ការប្រែប្រួលរូបរាងខាងក្រៅរបស់អណ្តាតអាចមានអត្ថន័យខុសៗគ្នាចាប់តាំងពី កង្វះវីតាមីន រហូតដល់អនាម័យមាត់ធ្មេញ។ ប៉ុន្តែមានពេលវេលាច្រើនណាស់ដែលការប្រែប្រួលនេះអាចបញ្ជាក់ថាអ្នកត្រូវការគ្រូពេទ្យពិនិត្យជាបន្ទាន់។ ដើម្បីស្រាយចម្ងល់អំពីរឿងនេះ ចូរស្វែងយល់អំពីអត្ថន័យនៃការប្រែប្រួលពណ៌របស់អណ្តាតដូចខាងក្រោមនេះ៖
ពណ៌ខ្មៅ
អណ្តាតដែលមានប្រតាកខ្មៅៗ ជាពិសេសនៅតាមបណ្តោយផ្ទៃកណ្តាលរបស់អណ្តាតអាចបញ្ជាក់ឱ្យដឹងថា វាអាចជាកន្លែងតាំងនៅរបស់បាក់តេរី និងមេរោគផ្សិតជាច្រើន។ របបអាហារ និងទម្លាប់ដូចជា ការជក់បារីក៏ធ្វើឱ្យតំបន់នេះខ្មៅដែរ។ ថ្នាំមួយចំនួនដូចជា ថ្នាំផ្សះក៏អាចប្រែពណ៌អណ្តាតទៅជាខ្មៅ ដែរ។ ការខ្សោះជាតិទឹកដោយសារការញ៉ាំកាហ្វេច្រើនពេក និងជក់បារីសុទ្ធតែជាដើមហេតុនៃរឿងនេះ។ សរុបមក ពណ៌ខ្មៅច្រើនតែបញ្ជាក់ថា បុគ្គលនោះកង្វះអនាម័យមាត់ធ្មេញ។
ពណ៌លឿង
អណ្តាតពណ៌លឿងក៏ស្រដៀងគ្នានឹងពណ៌ខ្មៅដែរ ហើយច្រើនកើតមាននៅពេលមានការប្រមូលផ្តុំបាក់តេរីនៅលើផ្ទៃរបស់អណ្តាតតែម្តង។ រឿងមួយដែលខុសគ្នានោះគឺថា បាក់តេរីដែលនៅទីនោះគឺមិនដូចគ្នាទេ។ ការរលាកដោយសារការខ្សោះជាតិទឹកដោយសារជក់បារីក៏អាចជាដើមហេតុមួយដែរ។
ពណ៌ស
អណ្តាតពណ៌សអាចមានហេតុផលច្រើននៅពីក្រោយរឿងនេះដូចជា៖
ការខ្សោះជាតិទឹក
មានជំងឺផ្សិតនៅលើអណ្តាត ដែលភាគច្រើនកើតលើទារកទើបនឹងកើត និងមនុស្សចាស់ និងបង្កឡើងដោយផ្សិតឈ្មោះថា Candida
ជំងឺអណ្តាត Leukoplakia ដែលមានន័យថា មានការលូតលាស់កោសិកាច្រើនជ្រុលក្នុងមាត់ និងអណ្តាត។ វាគឺជាប្រតិកម្មអវិជ្ជមានមួយដែលកើតមានជាញឹកញាប់ចំពោះអ្នកជក់បារី។ ករណីខ្លះ វាក៏ជាប់ទាក់ទងនឹងជំងឺមហារីកមាត់ដែរ។
ពណ៌ក្រហមដូចស្ត្របឺរី
អ្នកខ្លះប្រហែលជាយល់ថា កាលណាមានអណ្តាតក្រហមគឺទាក់ទាញ ប៉ុន្តែករណីក្រហមស្រស់បែបនេះ វាអាចជាសញ្ញានៃជំងឺមួយចំនួនទៅវិញទេ។ អណ្តាតអាចប្រែពណ៌ទៅជាក្រហមស្រស់ ឬពណ៌ដូចស្ត្របឺរីនៅពេលកោសិកាទទួលស្រង់រសជាតិទៅជាហើម ហើយវាក៏មិនមែនជារឿងល្អអ្វីដែរ។
កង្វះវីតាមីន ជាពិសេសវីតាមីន B9 និង B12 និងជាតិរ៉ែ
ជំងឺ Scarlet Fever ដែលបង្កឡើងដោយបាក់តេរីឈ្មោះ Streptococcus។ ជំងឺនេះច្រើនតែក្តៅខ្លួនខ្លាំង និងមានអណ្តាតក្រហម
ជំងឺ Kawasaki Disease ដែលវាជាជំងឺច្រើនកើតលើក្មេងអាយុចាប់ពី៥ឆ្នាំចុះក្រោម ប៉ុន្តែក្មេងធំៗដល់វ័យជំទង់ក៏អាចកើតមានដែរ។ ជំងឺនេះតែងធ្វើឱ្យសរសៃឈាមក្នុងរាងកាយរីកធំ ដូច្នេះក៏អាចនាំឱ្យអណ្តាតទៅជាក្រហមស្រស់ដែរ។
ពណ៌ត្នោត
អណ្តាតពណ៌ត្នោតអាចបញ្ជាក់ថា អ្នកកំពុងតែស្ថិតក្នុងជំងឺមហារីកស្បែកប្រភេទ Melanoma ដំណាក់កាលដំបូង។ ដូច្នេះគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗទៅ។
របៀបនៃការថែរក្សាអណ្តាត
ឈប់ជក់បារី និងលះបង់ចោលនូវការប្រើប្រាស់ផលិតផលជាថ្នាំជក់គ្រប់ប្រភេទ
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ញ៉ាំយ៉ាអួអរកានិច ឬញ៉ាំភេសជ្ជៈដែលមានសារធាតុ Probiotics ធម្មជាតិជាទៀងទាត់
ដុសសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ និងប្រើអំបោះសម្អាតធ្មេញជាទៀងទាត់
ប្រើទឹកខ្ពុរមាត់ប្រភេទអ័រកានិច
បើសិនជាអ្នកមិនដុសសម្អាតធ្មេញក្រោយញ៉ាំអាហាររួចទេនោះ ចូរប្រាកដថាអ្នកបានខ្ពុរមាត់ចេញរួចហើយ៕