តាំងពីវ័យកុមារមក យើងត្រូវបានបង្រៀនឲ្យធ្វើការលាងសម្អាតអ្វីគ្រប់យ៉ាងនៅមុនពេលយើងទទួលទានវា។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលបានដឹងថាជួនកាលទម្លាប់នេះ គឺផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ការលាងសម្អាតអាហារមួយចំនួនអាចនាំឲ្យបាក់តេរីរីករាលដាល ហើយបង្កផលវិបាកអវិជ្ជមានជាច្រើនផ្សេងទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរបៀបត្រឹមត្រូវក្នុងការរៀបចំអាហារដើម្បីចម្អិន និងកំហុសដែលយើងធ្វើជារៀងរាល់ថ្ងៃ ៖

– ប្រភេទនៃអាហារដែលមិនគួរលាងសម្អាត

១. ស៊ុត

សារធាតុពិសេសមួយ គឺតែងត្រូវបានដាក់នៅលើស៊ុតដើម្បីការពារវាពីការឆ្លងមេរោគដោយបាក់តេរី។ ទឹកបំផ្លាញការការពារនេះ ដូច្នេះអ្នកមិនគូរលាងសម្អាតស៊ុតឡើយ។

២. មាន់

បាក់តេរីនៅលើសាច់មាន់ស្រស់ គឺគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព។ មនុស្សភាគច្រើនគិតថា ការលាងសម្អាតសាច់មាន់នៅមុនពេលចម្អិន គឺជួយកម្ចាត់នូវមេរោគបាក់តេរីប៉ុន្តែវាមិនពិតឡើយ។ នៅពេលអ្នកលាងសម្អាតមាន់ នោះទឹកដែលអ្នកប្រើប្រាស់នឹងជួយបាក់តេរីឲ្យរីករាលដាលជាប់ពេញដៃ និងកន្លែងលាងសម្អាតជាមិនខាន។ ប្រសិនបើអ្នកចាប់ផ្ដើមចម្អិនភ្លាមតែម្ដងដោយមិនលាងសម្អាតនោះ បាក់តេរីទាំងអស់នឹងងាប់។ ដើម្បីជាការប្រសើរចូលស្ងោរមាន់ពីរដង គឺបន្ទាប់ពីស្ងោរលើកទី១រួច ចូរផ្លាស់ប្ដូរទឹក ហើយស្ងោរឲ្យពុះម្ដងទៀត។

៣. សាច់គ្រប់ប្រភេទ

ក៏ដូចនឹងសាច់មាន់ដែរ អ្នកមិនគួរលាងសម្អាតសាច់ឆៅ ឬសាច់ស្រស់ឡើយ ក៏ព្រោះការលាងសម្អាតជួយឲ្យបាក់តេរីរាលដាលពេញកន្លែងលាងសម្អាត និងដៃរបស់អ្នក។ អ្នកអាចកម្ចាត់បាក់តេរីជាមួយនឹងសីតុណ្ហភាពខ្ពស់។ នៅមុនពេលចម្អិន ចូរយកកូនកន្សែងមកជូតសម្អាតទឹកសាច់ពីផ្ទៃខាងក្រៅនៃសាច់។ បន្ទាប់មកកុំភ្លេចលាងសម្អាតដៃជាមួយសាប៊ូ និងទឹកក្ដៅ។

៤. ផាស្តា

អ្នកមិនគួរលាងសម្អាតផាស្តានៅមុនពេលចម្អិនឡើយ ក៏ព្រោះទឹកលាងជម្រះនូវជាតិម្ស៉ៅដែលនឹងធ្វើឲ្យផាស្តាបាត់បង់រសជាតិមិនអាចស្រូបយកទឹកជ្រលក់បានល្អ។ អ្នកអាចលាងសម្អាតផាស្តាបានតែបន្ទាប់ពីចម្អិនរួច ក្នុងករណីអ្នកចង់ប្រើវានៅក្នុងសាឡាដ។

៥. ផ្សិត

អ្នកមិនអាចទុកផ្សិតនៅក្រោមទឹកយូរបានឡើយ ក៏ព្រោះផ្សិត គឺងាយនឹងស្រូបទឹកខ្លាំងណាស់។ ដូច្នេះចូរលាងសម្អាតឲ្យលឿន និងប្រើប្រាស់ក្រដាសមកជូតឲ្យស្ងួត។ អ្នកគួរតែធ្វើបែបនេះភ្លាមៗនៅមុនពេលចម្អិន។ បើមិនដូច្នោះទេ ផ្សិតនឹងខូច ហើយបាត់បង់ភាពយឺតរបស់វា។

– ប្រភេទដែលត្រូវតែលាងសម្អាត

១. ផ្លែឈើ និងបន្លែដែលមានសំបកអាចបរិភោគបាន

ប្រសិនបើអ្នកឃើញផ្លែឈើ ឬបន្លែដែលអាចទទួលទានទាំងសំបកបានមានរួបរាងស្អាត ហើយភ្លឺៗ នោះវាមិនមែនបានន័យថាអ្នកមិនចាំបាច់លាងសម្អាតមុនពេលទទួលទានឡើយ។ អ្នកចាំបាច់ត្រូវតែលាងសម្អាត! មិនចាំបាច់ប្រើប្រាស់សាប៊ូទេ គឺគ្រាន់តែជូតសម្ងួតអាហារទាងនេះជាមួយក្រដាស ឬកន្សែងស្អាត បន្ទាប់ពីលាងជាមួយទឹកត្រជាក់រួចទៅបានហើយ។

២. អាហារកំប៉ុង

ពិតណាស់ បាក់តេរីមិនអាចចួលទៅខាងក្នុងកំប៉ុងបានឡើយ ប៉ុន្តែវាក៏អាចនឹងចួលបានប្រសិនបើអ្នកមិនលាងសម្អាតកំប៉ុងអាហារ ឬភេសជ្ជៈនៅមុនពេលបើកគម្រប។

៣. ផ្លែឈើ និងបន្លែដែលមិនអាចបរិភោគបានទាំងសំបក

បើទោះជាអ្នកបានចិត ឬបកសំបកចេញបានស្អាតហើយក៏ដោយ ក៏បាក់តេរីដែលមាននៅសំបកនឹងអាចជ្រៀតចូលផ្នែកដែលអាចទទួលទានបាន។ ដូច្នេះហើយទើបអ្នកគួរតែលាងសម្អាតចេក, ឪឡឹក, ត្រសក់ស្រូវ និងផ្លែឈើបន្លែផ្សេងៗទៀតនៅមុនពេលទទួលទានជានិច្ច។

៤. គ្រាប់ធញ្ញជាតិ

អ្នកគួរតែលាងសម្អាតគ្រាប់ធញ្ញជាតិ ទោះបីជាប្រភេទបកសំបកហើយស្រាប់ក៏ដោយ។ យើងមិនដឹងទេថា អាហារប្រភេទនេះត្រូវបានរក្សាទុកនៅកន្លែងណា ហើយដឹកជញ្ជូនមកដោយរបៀបណា។ ក្រៅពីនេះ ការលាងសម្អាតជួយកម្ចាត់អាស៊ីត phytic ដែលគ្រាប់ធញ្ញជាតិស្រស់មានផ្ទុក។ អាស៊ីត phytic ជួយការពារគ្រាប់ធញ្ញជាតិពីពពួកប៉ារ៉ាស៊ីត ប៉ុន្តែវាផ្ដល់គ្រោះថ្នាក់ចំពោះរាងកាយមនុស្ស។

៥. ផ្លែឈើក្រៀម

ផ្លែឈើប្រភេទនេះ គឺត្រូវបានចាត់ទុកថាជាប្រភេទដែលគគ្រិចបំផុត។ ជាពិសេស គឺប្រភេទផ្លែឈើក្រៀមដែលថ្លឹងគីឡូលក់។ បើទោះបីជាអ្នកបានទិញផ្លែឈើក្រៀមដែលដាក់ក្នុងកញ្ចប់ត្រឹមត្រូវក៏ដោយ ក៏អ្នកត្រូវលាងសម្អាត ឬត្រាំវាឲ្យបានពីរម៉ោងសិនសឹមទទួលទាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង