ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​អាច​ឆក់​យកអាយុ​ជីវិត​របស់​ស្ត្រី​បាន​យ៉ាង​ងាយ​គួរ​ឱ្យ​បារម្ភ​! ថា តើ​ជំងឺ​នេះ​អាច​បង្ក​អាកា​រៈ​អ្វីខ្លះ​ឱ្យ​លេចឡើង? ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រោគ​សញ្ញា​ដែល​អាច​លេចឡើង​នៅ​ពេល​មាន​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ ៖

១. ស្រក​ទម្ងន់​លឿន​ខុស​ប្រក្រតី

ការ​ស្រក​ទម្ងន់​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ទាំង​ដែល​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ​និង​តម​អាហារ គឺ​អាច​ជា​អាកា​រៈ ឬ​រោគ​សញ្ញា​គួរ​ឱ្យ​បារម្ភ​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​ដំណាក់កាល​ដំបូង​។ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យ​បាន​ឆាប់​នៅ​ពេល​ជួប​ប្រទះ​អាកា​រៈ​ស្រក​ទម្ងន់​លឿន​ខុស​ប្រក្រតី ឬ​ដោយ​មិន​បាន​រំពឹង​ទុក​។

២. នោម​ញឹក

ការ​មាន​អារម្មណ៍​ចេះ​តែ​ចង់ទៅ​នោម ឬ​ការ​នោម​ញឹក​ក៏​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​ផង​ដែរ​។ នេះ​រួម​បញ្ចូល​ទាំង​ភាព​មិន​អាច​ទ្រាំ​ទប់​នោម​បាន ឬ​បាត់បង់​ការ​គ្រប់គ្រង​លើ​ផ្លោ​ក​នោម​តែ​ម្ដង​។ ទោះបីជា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង​ដូច​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូ​វ​នោម ប៉ុន្តែ​ក៏​អាច​ជា​អាកា​រៈ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​មិន​គួរ​ធ្វេសប្រហែស​ឡើយ​!

៣. ឈឺ​ខ្នង​ផ្នែក​ខាងក្រោម

ការ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​ហាក់ដូចជា​ឈឺ​រាល​ទៅ​តំបន់​អាង​ត្រគាក ជា​ពិសេស​ប្រសិនបើ​អាកា​រៈ​នេះ​មិន​បាត់​ទៅ​វិញ​សោះ​។

៤. ឈឺ​ក្នុង​ពោះ​និង​ហើមពោះ

ទំហំ​ពោះ​របស់​អ្នក​ហាក់ដូចជា​រីក​ជាង​មុន​នាំ​ឱ្យ​មាន​អារម្មណ៍​ហើមពោះ​និង​តឹង​ពេញ​ដោយ​ហ្គា​ស​។ អ្នកជំងឺ​ភាគច្រើន​លើក​ឡើង​ពី​អាកា​រៈ​ឈឺចាប់​ក្នុង​ពោះ​ដែល​មាន​រយៈពេល​យូរ​ជាង ២​ស​ប្តា​ហ៍​និង​ដោយ​គ្មាន​អម​មក​ជាមួយ​នូវ​អាកា​រៈ​រាគ​, មក​រដូវ ឬ​គ្រុនពោះវៀន​អ្វី​ឡើយ​។ អ្នក​ក៏​អាច​នឹង​សម្គាល់​ឃើញ​ថា​សម្លៀក​បំពាក់​អាច​មាន​អារម្មណ៍​តឹង​ជាង​មុន​នៅ​ជុំវិញ​ត្រគាក​និង​ចង្កេះ​។

៥. ភាព​ប្រែប្រួល​នៃ​ចលនា​ពោះវៀន

រាគ​, ទល់លាមក និង​ភាព​ប្រែប្រួល​នៃ​ចលនា​ពោះវៀន​ជា​ញឹកញយ​ផ្សារ​ភ្ជាប់​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​គួរ​ឱ្យ​កត់សម្គាល់​។ ស្ថានភាព​នេះ​កើតឡើង​នៅ​ពេល​ដុំ​សាច់​ក្រពេញ​អូ​វ៉ែ​ហើម ហើយ​ដាក់​សម្ពាធ​លើ​ផ្លោ​ក​នោម​, ពោះវៀន និង​ក្រពះ​។

៦. ពិបាក​រំលាយ​អាហារ

ក្រហាយ​ទ្រូង​, បញ្ហា​ពាក់ព័ន្ធ​ក្រពះ​ពោះវៀន​, ចង្អោរ​ចង់​ក្អួត​, ហ្គា​ស​ក្នុង​ពោះ និង​ពិបាក​រំលាយ​អាហារ​មិន​ឈប់ គឺជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។

៧. ការ​ហូរ​ឈាម​ទ្វារមាស

ការ​ហូរ​ឈាម​ពី​ទ្វារមាស់​ខុស​ប្រក្រតី ឬ​ដែល​មិនមែន​មក​ពី​ការ​មក​រដូវ គឺជា​រោគ​សញ្ញា​គួរ​ឱ្យ​កត់សម្គាល់​មួយ​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ នេះ​រួម​បញ្ចូល​ទាំង​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​នៃ​ទ្វារមាស​ដូច​ជា​ឡើង​ពងបែក ឬ​ឈឺចាប់​ក្នុង​តំបន់​ទ្វារមាស និង​ភាព​ប្រែប្រួល​នៃ​ស្បែក​ត្រង់​តំបន់​នេះ​។

៨. អស់កម្លាំង

ការ​ជួប​ប្រទះ​អាកា​រៈ​អស់កម្លាំង​ខ្លាំង​និង​ខ្សោយកម្លាំង គឺជា​រោគ​សញ្ញា​គួរ​ឱ្យ​កត់សម្គាល់​មួយទៀត​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។

ចំណាំ​៖ នេះ​មិនមែន​មាន​ន័យ​ថា ទាល់តែ​មាន​គ្រប់​រោគ​សញ្ញា ឬ​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ​ទើប​អ្នក​អាច​បញ្ហា​សុខភាព​។ ការ​មាន​ត្រឹមតែ​មួយ​រោគ​សញ្ញា​ក៏​អាច​មាន​ន័យ​ថា មាន​អ្វីមួយ​មិន​ស្រួល ឬ​ខុស​ប្រក្រតី​កើតឡើង​ហើយ​។ ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​សម្រាប់​រយៈពេល​យូរ​ជាង ២​ស​ប្តា​ហ៍ ឬ​ច្រើន​ជាង​នេះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

កំណត់សម្គាល់​៖ នេះ​ជា​អត្ថបទ​ស្រាវជ្រាវ​ដែល​មាន​បំណង​ផ្តល់​ជូន​នូវ​ព័ត៌មាន និង​ចែករំលែក​ចំណេះដឹង មិនមែន​សម្រាប់​ជំនួស​ឱ្យ​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​ឡើយ​។ វេ​ប​សាយ​សុខភាព Health.com.kh សូម​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​តាម​អត្ថបទ​ខាងលើ​នោះ​ទេ​។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព ឬ​ការ​សង្ស័យ​ពាក់ព័ន្ធ​ណាមួយ សូម​ធ្វើការ​ណាត់ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​ប្រសើរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង