ការព្យាបាលចំពោះអ្នកដែលញៀននឹងសុរាអាចធ្វើទៅបានអាស្រ័យទៅលើស្ថានភាពរបស់អ្នករងគ្រោះ ព្រមទាំងខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត, ដែលការព្យាបាលទាំង នោះមានដូចជា ៖
- ការព្យាបាលតាមបែបចិត្តសាស្ត្រ Psychological treatment
- ការព្យាបាលតាមបែបសង្គមសាស្ត្រ Social treatment
- ការព្យាបាលផ្នែករាងកាយ Physical treatment ។ ល ។

ការព្យាបាលតាមបែបចិត្តសាស្ត្រ (psychological treatment) គឺទាក់ទងទៅនឹងការព្យាបាលផ្នែករោគចិត្តសាស្ត្រដែលភាសាបច្ចេកទេសគេហៅថា Psychotherapy ។
ការព្យាបាលតាមបែបសង្គមសាស្ត្រ (social treatment) និយាយអំពីការជួយសំរួលបញ្ហានៅកន្លែងសិក្សា, កន្លែងធ្វើការ ឬ ផ្ទះសំបែង - ហើយដែលទាមទារការយកចិត្តទុកដាក់ និង លើកកំលាំងចិត្តពីសមាជិកក្រុមគ្រួសាររបស់អ្នករងគ្រោះដោយសារគ្រឿងស្រវឹងនោះ ។
ការព្យាបាលផ្នែករាងកាយ (physical treatment) ចាំបាច់ និង សំរាប់តែអ្នកដែលញៀន ឬ ងប់ងល់នឹងជាតិសុរាអត់មិនបានប៉ុណ្ណោះ (alcoholics) ។ ជាទូទៅ, ពពួកថ្នាំដែលគេយកមកប្រើញឹកញាប់ជាងគេនោះគឹ Disulfiram ។ Disulfiram ជាថ្នាំម្យ៉ាងធ្វើអោយអ្នកផឹកស្រាហាក់ដូចជាភ្ញាក់ ឬ មិនត្រូវគ្នានឹងជាតិអាល់កុល (ដែលធ្វើអោយអ្នកផឹកស្រាខ្លាច និង មិនហ៊ានផឹកស្រា ពីព្រោះតែផលប៉ះពាល់អាក្រក់របស់ជាតិអាល់កុលមកលើរាងកាយរបស់ពួកគាត់) ។
កន្លែងបន្សាបគ្រឿងស្រវឹង Detox Clinic
អ្នកដែលងប់ងល់នឹងសុរា (alcoholics) មួយភាគធំទាមទារជំនួយផ្នែកវេជ្ជសាស្ត្រ ដើម្បីជួយ បន្ធូរបន្ថយ ឬ យកឈ្នះរោគសញ្ញាមួយចំនួនដែលអាចនឹងកើតឡើង ក្រោយពេលដែលពួក គេឈប់ផឹកស្រា - នេះហើយដែលមានន័យថា អ្នករងគ្រោះទាំងនោះត្រូវសំរាក ឬ ស្ថិតនៅក្រោមការតាមដាន ជួយជ្រោមជ្រែងពីគ្លីនិកបន្សាបជាតិស្រវឹង (Detox Clinic) ក្នុងរយៈពេលពីរបីថ្ងៃ ឬ ច្រើនជាងនេះ (ប្រសិនចាំបាច់ខ្លាំង) ។ យ៉ាងណាមិញ, ដំណើរការនេះត្រូវការពេលវេលាដើម្បីតាមដាន និង យកចិត្តមើលថែរក្សាបន្ថែមទៀត អាស្រ័យទៅលើតំរូវការ និង ស្ថានភាពរបស់ជនរងគ្រោះទាំងនោះ ។ ឧទាហរណ៍ដូចជា, មនុស្សខ្លះបានធូរស្បើយ ឬ គ្រាន់បើដោយសារការព្យាបាលតាមបែបចិត្តសាស្ត្រ (psychotherapy) ដូច្នេះ ពួកគេត្រូវការការជួបជុំ ឬ ពិភាក្សាជាមួយមនុស្សក្នុងក្រុមផ្សេងទៀត (carry out in group) ។
អ្នកដែលញៀននឹងសុរាអាចទទួលផលវិបាកផ្សេងៗជាច្រើន ជាពិសេសនោះគឺការខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយ (nutritional deficiency) ។ ការសិក្សាមួយបានបង្ហាញថា សារធាតុ ឬ ចំណីអាហារបំប៉ននៃជាតិស័ង្កសី, វីតាមីន C និង E អាចជួយបង្កើន-លើកកំពស់ការកំចាត់ជាតិពុលនៃអាល់កុល ព្រមទាំងការពារការខូចខាតថ្លើម (liver damage) ថែមទៀតផង ។
Naxtrexone
ការអភិវឌ្ឍន៍ និង ការរកឃើញនៃរបកគំហើញថ្មីក្នុងការព្យាបាលអ្នកងប់ងល់នឹងគ្រឿងស្រវឹងឈ្មោះថា Naxtrexone ត្រូវបានលាតត្រដាងឡើង ដើម្បីអនុញ្ញាតអោយអ្នករងគ្រោះទាំងអស់នោះអាចបន្តការផឹកស្រាតទៅទៀត ក្នុងអំឡុងពេល និង បន្ទាប់ពីការព្យាបាលរួចហើយក៏ដោយ ។ របកគំហើញដែលគេកំពុងសាកល្បងនេះហាក់ដូចជាមានប្រសិទ្ធភាពល្អបំផុត ។ នៅក្នុងប្រទេស ហ្វាំងឡង់, ៧៨ ភាគរយនៃអ្នកជំងឺទាំងអស់មិនទាន់លាប់ឡើងវិញនោះទេ បន្ទាប់ពីការព្យាបាលបានក្នុងរយៈពេល ៣ ឆ្នាំ ។ Naxtrexone មិនទាន់មានអញ្ញាប័ណ្ណអោយប្រើប្រាស់សំរាប់ព្យាបាលអ្នកញៀននឹងគ្រឿងស្រវឹងនៅក្នុងចក្រភពអង់គ្លេសនៅឡើយទេ, ប៉ុន្តែ គេឃើញមានការចេញវេជ្ជបញ្ជាអោយប្រើប្រាស់ពីគ្លីនិកឯកជនមួយចំនួន ។