យោងតាមការធ្វើស្ថិតិជាច្រើនបានបង្ហាញឲ្យដឹងថា មនុស្សសឹងតែគ្រប់រូបចំណាយពេល ១ ឆ្នាំកន្លះនៃជីវិតនៅក្នុងបន្ទប់ទឹក។ ហើយចំណាយពេលប្រមាណជា ៦ ខែ ដើម្បីងួតទឹក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយចំពោះការពិតនេះ ក៏ព្រោះអនាម័យដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់បានដឹងអំពី រឿងខ្លះ ឬសកម្មភាពមួយចំនួនដែលយើងតែងធ្វើខុសក្នុងបន្ទប់ទឹក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីកំហុសទូទៅបំផុតដែលមនុស្សសឹងតែគ្រប់គ្នាបានធ្វើនៅពេលងួតទឹក ៖

១. មិនងូតទឹកបន្ទាប់ពីហាត់ប្រាណរួច

មនុស្សមួយចំនួនគិតថា ហេតុផលតែមួយគត់ដែលពួកគេគួរងួតទឹកបន្ទាប់ពីហាត់ប្រាណ គឺដើម្បីបំបាត់ក្លិនមិនល្អពីរាងកាយ។ ប៉ុន្តែតាមពិតទៅ នៅមានហេតុផលមួយចំនួនផ្សេងទៀតដូចជា ញើសរំញោចការផលិតបាក់តេរីនៅលើស្បែកដែលអាចបណ្តាលឲ្យឡើងរោលកន្ទួលក្រហម។ ដួច្នេះហើយដើម្បីជាការប្រសើរអ្នកគួរតែងួតទឹកឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីហាត់ប្រាណ។

២. ងូតទឹក និងកក់សក់ជារៀងរាល់ថ្ងៃ

ចំពោះអ្នកដែលមានសក់ស្ដើងមិនរឹងមាំគួរជៀសវាងការកក់សក់រៀងរាល់ថ្ងៃ។ រយៈពេលដ៏ល្អបំផុតដើម្បីកក់សក់ គឺ ២ដងក្នុងមួយសប្តាហ៍ ដូច្នេះទើបសំណើមក្នុងសក់នៅតែមានតុល្យភាព។ ហើយក៏កុំភ្លេចថា ការងូតទឹកញឹកញាប់ពេកធ្វើឲ្យស្បែករលាក ហើយខ្សោះជាតិទឹក ខណៈដែលទឹកលាងជម្រះនូវបាក់តេរីល្អៗចេញ។ សកម្មភាពនេះអាចនាំឲ្យឱកាសនៃការឆ្លងមេរោគលើស្បែកកើនឡើង។

៣. រុំសក់សើមក្នុងកន្សែង

បន្ទាប់ពីត្រូវទឹកសើម សក់នឹងប្រែជាទន់ខ្សោយងាយនឹងបាក់ ឬជ្រុះ។ ដើម្បីជៀសវាងបញ្ហាកើតឡើងនោះអ្នកមិនគួរយកកន្សែងមករុំសក់បន្ទាប់ពីងូតទឹករួចឡើយ។ ហើយក៏ព្រោះកម្ដៅ ក្រពេញ sebaceous នឹងចាប់ផ្តើមដំណើរការកាន់តែសកម្មដែលធ្វើឱ្យសក់មើលទៅមិនស្អាតរញ៉េរញ៉ៃ។

៤. ភ្លេចសម្អាតក្បាលផ្កាឈូកងូតទឹក

ប្រសិនបើអ្នកប្រើប្រាស់ក្បាលផ្កាឈូកងូតទឹកយូរមកហើយនោះ អ្នកអាចនឹងសម្គាល់ឃើញវាហាក់ដូចជាមានប្រលាក់ជាប់បន្ទះលោហៈមួយចំនួនពីលើ ហើយវាអាចនឹងផ្ដល់គ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពរបស់អ្នក។ អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា អ្វីដែលអ្នកបានឃើញនោះអាចជាពពួកបាក់តេរីនៅលើក្បាលផ្កាឈូកដែលបង្កឲ្យកើតមានជំងឺសួត។

៥. ប្រើប្រាស់កន្សែងជូតខ្លួនតែមួយរយៈពេលយូរ

កុំប្រើប្រាស់កន្សែងជូតខ្លួនដដែលៗសម្រាប់រយៈពេលយូរ។ ប្រសិនបើអ្នកប្រើប្រាស់កន្សែងដែលនៅសើមតិចៗ គឺអាចមានពពួកបាក់តេរីជាប់នៅលើនោះ។ អ្នកឯកទេសមីក្រូជីវវិទូបានផ្តល់ដំបូន្មានថា កុំប្រើកន្សែងពោះគោតែមួយលើសពី ៣ ដង មុនពេលបោកសម្អាតវា។

៦. ទុកស្បៃដុសខ្លួនចោលក្នុងបន្ទប់ទឹក

ដោយការទុកស្បៃដុសខ្លួនចោលក្នុងបន្ទប់ទឹកនោះ វាហាក់ដូចជាអ្នកកំពុងផ្ដល់ឱកាសឲ្យពពួកបាក់តេរីលូតលាស់បានកាន់តែលឿនក្នុងស្ថានភាពសើម។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថាស្បៃដុសខ្លួនស្អាត ហើយបានរក្សានៅកន្លែងដែលស្ងួត។

៧. មិនលាងសម្អាតជើង

មនុស្សមួយចំនួនមិនបានដុសសម្អាតជើងរបស់ពួកគេឡើយ នៅខណៈពេលងូតទឹក ដោយគិតថាសាប៊ូ និងទឹកដែលហូរចុះក្រោមនឹងលាងសម្អាតជើង។ ប៉ុន្តែវាមិនពិតឡើយ ប្រសិនបើអ្នកមិនដុសសម្អាតប្រអប់ជើងបានត្រឹមត្រូវទេនោះ អ្នកអាចនឹងឆ្លងរោគផ្សិតលើក្រចកជើងជាក់ជាមិនខាន។

៨. ទុកប្រដាប់កោររោមចោលក្នុងបន្ទប់ទឹក

ដើម្បីការពារបាក់តេរីមិនឲ្យលូតលាស់នៅលើប្រដាប់កោររោម ចូររក្សាទុកវានៅលើកន្សែងស្ងួតស្អាត។ ហើយអ្នកក៏គួរតែឧស្សាហ៍ផ្លាស់ប្ដូរឡាមឲ្យបានទៀងទាត់ផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង