នរណាម្នាក់ក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ ប៉ុន្តែមានរូបមន្តបែបធម្មជាតិជាច្រើនដែលអាចជួយដោះស្រាយបញ្ហាសក់ជ្រុះយ៉ាងមានប្រសិទ្ធិភាព ដោយមិនផ្ដល់ផលប៉ះពាល់គីមីគ្រោះថ្នាក់ថែមទៀត។ រូបមន្តពិសេសមួយក្នុងចំណោមនោះដែលអ្នកគួរសាកល្បង គឺការប្រើប្រាស់ស្លឹកត្របែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការប្រើប្រាស់ស្លឹកត្របែកលាបលើសក់អាចជួយឲ្យសក់ប្រែជាទន់រលោង ហើយរស់រវើក។ ប៉ុន្តែសម្រាប់អ្នកដែលជ្រុះសក់ ស្លឹកត្របែកអាចជួយធ្វើឲ្យសក់ប្រែជាក្រាស់ និងមានទម្ងន់។ ស្លឹកត្របែកមានឥទ្ធិពលជម្រុញដល់ការលូតលាស់នៃសក់ ដោយវាជួយព្យាបាលបញ្ហាផ្សេងៗនៃស្បែកក្បាល ដែលជាទូទៅបណ្ដាលឲ្យសក់ជ្រុះ។ ស្លឹកត្របែកមានលក្ខណៈសម្បត្តិក្នុងការព្យាបាលដូចជា ប្រឆាំងនឹងការរលាក, ប្រឆាំងនឹងអុកស៊ីតកម្ម, ជាថ្នាំបំបាត់ការឈឺចាប់ និងកម្ចាត់បាក់តេរី ហើយលក្ខណៈសម្បត្តិទាំងអស់នេះ គឺរួមចំណែកធ្វើឱ្យសុខភាពស្បែកក្បាលល្អប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអ្វីដែលអ្នកត្រូវការ និងរបៀបក្នុងប្រើប្រាស់ស្លឹកត្របែកបញ្ឈប់បញ្ហាសក់ជ្រុះ ៖

១. អ្វីដែលអ្នកត្រូវការ ៖

– ស្លឹកត្របែកស្រស់ ១ ក្ដាប់ដៃពេញ
– ទឹកធម្មតា ១ លីត្រ
– កន្ត្រក ឬសម្រាប់ត្រង
– ឆ្នាំង ១

២. របៀបអនុវត្ត

– ចាក់ទឹក ១ លីត្រ ចូលក្នុងឆ្នាំង
– ដាក់ដាំទឹកក្នុងឆ្នាំងនោះ
– នៅពេលទឹកពុះ បន្ថែមស្លឹកត្របែកចូល
– បន្តដាំស្លឹកត្របែកក្នុងទឹកសម្រាប់រយៈពេល ២០ នាទី
– ចាក់ស្រងស្លឹកត្របែកចេញ ដើម្បីយកទឹក។
– ទុកឲ្យទឹកនៃស្លឹកត្របែកចុះត្រជាក់សិន សឹមលាបវាលើស្បែកក្បាលរបស់អ្នក។

ត្រូវប្រាកដថា អ្នកបានកក់សម្អាតសក់ស្អាតរួចរាល់ហើយ នៅមុនពេលប្រើប្រាស់ទឹកស្លឹកត្របែក។ អ្នកអាចប្រើប្រាស់សាប៊ូកក់សក់ដូចធម្មតា និងទុកឲ្យសក់ស្ងួតសិនបន្ទាប់ពីកក់ ហើយសឹមលាបទឹកស្លឹកត្របែកលើស្បែកក្បាល។ ដើម្បីឲ្យកាន់តែងាយស្រួល អ្នកអាចធ្វើការវែកសក់ ខណៈពេលលាបទឹកស្លឹកត្របែកក្នុងសក់។ ចាប់ផ្ដើមម៉ាស្សាឲ្យចូលស្បែកក្បាលសម្រាប់រយៈពេលប្រហែលជា ១០ នាទី ឬយូរជាងនេះតាមចិត្តរបស់អ្នក។ លាងសម្អាតសក់ចេញនៅរយៈពេល ២ ម៉ោងបន្ទាប់ ឬទុកចោលមួយយប់ សឹមលាងចេញនៅព្រឹកបន្ទាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង