Join with Health.com.kh on Telegram

ការ​ឈឺ​ដើមទ្រូង​,​ ក្តៅខ្លួន​ខ្លាំង​,​ និង​ហូរ​ឈាម​ច្រើន​ គឺជា​រោគ​សញ្ញា​ដែល​ងាយ​នឹង​សំគាល់​ឱ្យ​យើង​ដឹង​ថា​មាន​អ្វី​ខុស​ប្រក្រតី​ និង​ជា​ពេល​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ​។​ ប៉ុន្តែ​ពេល​ខ្លះ​ រាង​កាយ​របស់​យើង​លេច​សញ្ញា​ដែល​មិន​ច្បាស់លាស់​ដូច​ជា​ អាកា​រៈ​ចាក់​ដោត​នៅ​ដៃ​ និង​ការ​ឈឺក្បាល​ម្តងម្កាល​។​ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ទាំង​ ១០​ ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​របស់​អ្នក​។​ដូច្នេះ​តើ​សុភាព​នារី​ទាំងអស់​គួរ​ធ្វើ​ដូច​ម្តេច​? សូម​អញ្ជើញ​ពិនិត្យ​មើល​ដោយ​យកចិត្តទុកដាក់​អំ​បី​សញ្ញា​ខាងក្រោម​នេះ​ដែល​កើត​មាន​ញឹកញាប់​ចំពោះ​ស្ត្រី​។​

សុដន់​ហើម​និង​ប្តូរ​ពណ៌

​វា​ជា​រឿង​ធម្មតា​ដែល​សុដន់​ឡើង​ធំ​បន្តិច​ (​ពេល​ខ្លះ​ហើម​ខ្លាំង​)​ មុន​ពេល​អ្នកមាន​ឈាន​រដូវ​ និង​ពេល​អ្នក​កំពុង​មានគភ៌​។​ ប៉ុន្តែ​ការ​ហើម​ឬ​ប្តូរ​ពណ៌​លឿន​ខុសធម្មតា​ (​ស្វាយ​ឬ​ឡើង​អុជ​ក្រហម​)​ អាច​ជា​សញ្ញា​នៃ​មហារីក​ហើម​សុដន់​ (inflammatory​ breast​ cancer)​ ដែល​ជា​ប្រភេទ​មហារីក​កម្រ​ដែល​មានការ​វិវត្តន៍​យ៉ាង​រហ័ស​។​ នៅ​ពេល​មាន​រោគ​សញ្ញា​បែប​នេះ​កើតឡើង​ សូម​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​របស់​អ្នក​ក្រែង​មាន​ជំងឺ​សុដន់​ណាមួយ​។​

ការ​ហើមពោះ 

​ស្ត្រី​ជា​ច្រើន​ដែល​មានការ​ហើម​ដោយសារ​ការ​មាន​រដូវ​ និង​ប្រតិកម្ម​ជាមួយ​អាហារ​អាច​ហើមពោះ​ក្នុង​រយៈពេល​ ១​ ទៅ​ ២​ថ្ងៃ​។​ ប៉ុន្តែ​ ការ​ហើមពោះ​ដែល​មាន​យូរ​ជាង​ ១​ស​ប្តា​ហ៍​អាច​ជា​សញ្ញា​ដំបូង​នៃ​មហារីក​ក្រពេញ​អូ​វ៉ែ​ (ovarian​ cancer)​។​ រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​ រហ័ស​ឆ្អែត​ឬ​ពិបាក​ក្នុង​ការ​ទទួលទាន​,​ ឧស្សាហ៍​បត់ជើងតូច​,​ និង​អស់កំលាំង​មិន​ឈប់​ឈរ​។​ ដោយសារ​តែ​រោគ​សញ្ញា​នៃ​មហារីក​អូ​វ៉ែ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ដែល​បណ្តាល​ឱ្យ​យើង​មិន​ចាប់អារម្មណ៍​ ដូច្នេះ​ហើយ​ករណី​នៃ​មហារីក​នេះ​ភាគច្រើន​មិន​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា​ឡើយ​។​ពេល​ខ្លះ​គេ​រក​ឃើញ​វា​នៅ​ដំណាក់កាល​ចុង​ក្រោយ​។​ ប្រសិនបើ​អ្នក​ហើមពោះ​ខុសធម្មតា​ ឬ​មិន​ឈប់​ឈរ​ អ្នក​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​រោគ​ស្ត្រី​។​

លាមក​មាន​ឈាម​ ឬ​ខ្មៅ 

​លាមក​ប្តូរ​ពណ៌​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ​តាម​អាហារ​និង​ថ្នាំ​ដែល​អ្នក​ទទួលទាន​ (​ឧទាហរណ៍​៖​ ថ្នាំ​បន្ថែម​ជាតិ​ដែក​អាច​ធ្វើ​ឱ្យ​លាមក​របស់​អ្នកមាន​ពណ៌​ខ្មៅ​)​។​ បើ​លាមក​ពណ៌​ត្នោត​ឬ​បៃតង​ វា​ជា​រឿង​ធម្មតា​ ប៉ុន្តែ​សំរាប់​លាមក​មាន​ឈាម​ឬ​ខ្មៅ​ វា​កម្រ​នឹង​មិន​មាន​បញ្ហា​ណាស់​។​ លាមក​ខ្មៅ​មាន​ន័យ​ថា​ ប្រដាប់​រំលាយ​អាហារ​របស់​អ្នក​នៅ​ផ្នែក​ខាងលើ​(upper​ gastrointestinal​ (GI)​ tract​ )​ របស់​អ្នក​ មាន​ហូរ​ឈាម​។​ អ្នក​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​រោគវិនិច្ឆ័យ​នៃ​ការ​ហូរ​ឈាម​នោះ​នៅ​តាម​ផ្លូវ​រំលាយ​អាហារ​ដូ​ជា​ជំងឺ​ដំបៅ​ក្រពះ​ជំងឺមហារីក​និង​ជំងឺ​ឬ​ស​ដូង​បាត​ជាដើម​។​

ដកដង្ហើម​ដង្ហក់​ខុសធម្មតា 

​ការ​ដើរ​ឡើង​ជ​ណ្តី​រ​ខ្ពស់​ ឬ​ចំណោត​ខ្លាំង​ធ្វើ​ឱ្យ​មានការ​ពិបាក​ដង្ហើម​។​ ប៉ុន្តែ​ការ​ដកដង្ហើម​ដង្ហក់​ឬ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ បន្ទាប់​ពី​ការ​ដើរ​រយៈពេល​ខ្លី​ ដូច​ជា​ការ​ដើរទៅ​ចំណតរថយន្ត​អាច​ជា​សញ្ញា​ដំបូង​នៃ​កង្វះខាត​ឈាម​ដែល​ទៅ​ចិញ្ចឹម​បេះដូង​ (coronary​ ischemia)​ដោយសារ​ការ​ស្ទះ​ត្រង់​ណាមួយ​នៃ​សរសៃឈាម​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​។​ ការ​ស្ទះ​សរសៃឈាម​ទាំងស្រុង​ អាច​បណ្តាល​ឱ្យទៅ​ជា​គាំងបេះដូង​។​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ភាព​ពិបាក​ដកដង្ហើម​។​ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ ឈឺ​ឬ​មិន​ស្រួល​ក្នុង​ទ្រូង​,​ ចង់​ក្អួត​,​ សូម​ប្រញាប់​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

អស់កម្លាំង​មិន​ឈប់​ឈរ 

​ជីវិត​សម័យកាល​ទំនើប​នេះ​នាំ​អោយ​ការ​កាត់​បន្ថយ​ការ​គេង​និង​បង្កើន​អស់កម្លាំង​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ស្រួលខ្លួន​ទេ​នោះ​ (​ទោះបីជា​បន្ទាប់​ពី​ការ​គេង​លក់​ដ៏​ស្រួល​)​ ភាព​ង​ស់​កម្លាំង​របស់​អ្នក​អាច​ជា​សញ្ញា​នៃ​សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្លាក់​ចុះ​(hypothyroidism)​។​ នៅ​ពេល​ដែល​ដំណើរការ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ថយ​ចុះ​ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​អស់កំលាំង​។​ រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ស្ថានភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ រួម​មាន​ ការ​ធ្លាក់​ទឹកចិត្ត​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​កម្លាំង​សាច់ដុំ​ធ្លាក់​ចុះ​។​ អ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង​។​ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​កំរិត​អ័រម៉ូន​របស់​អ្នក​ និង​ពិនិត្យ​រក​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ ការ​គេង​អត់​ដកដង្ហើម​ (sleep​ apnea)​។​

ការ​ស្រក​ទម្ងន់ 

​ការ​ស្រក​ទំងន់​ដោយ​ខ្លួនឯង​គឺជា​រឿង​គួរ​ឱ្យ​បារ​ម្ម​ណ៍​ លើកលែងតែ​អ្នក​ព្យាយាម​សំរក​ទម្ងន់​។​ សញ្ញា​គ្រោះថ្នាក់​ ១​ ក្នុង​ចំណោម​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ មហារីក​ គឺ​ការ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​។​ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​សញ្ញា​បែប​នេះ​។​

រោម​ទ្រូង​ឬ​មុខ 

​កម្រិត​ឡើង​ខ្ពស់​នៃ​ androgens​ (​អរ​ម៉ូ​ន​បុរស​)​ អាច​ធ្វើ​ឱ្យ​រោម​ដុះ​ច្រើន​ និង​អាច​ជា​សញ្ញា​នៃ​ polycystic​ ovary​ syndrome​ (PCOS)​ ដែល​ជា​ជំងឺ​អរ​ម៉ូ​ន​ញឹកញាប់​បំផុត​ក្នុង​ចំ​ណើ​ម​ស្ត្រី​ក្ន​ងុ​វ័យ​បង្ករ​កំនើត​។​ សញ្ញា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ PCOS​ មាន​ដូច​ជា​ ចេញ​មុន​ លើស​ទម្ងន់​ មក​រដូវ​មិន​ទៀងទាត់​ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

បញ្ហា​ពោះ 

​ការ​ឈឺ​ឬ​ចុកពោះ​ញឹកញាប់​ ការ​រាគ​ និង​/​ឬ​ ការ​ទល់លាមក​ អាច​ជា​សញ្ញា​នៃ​រោគ​រលាក​ពោះវៀន​ (irritable​ bowel​ syndrome​ (IBS))​ ដែល​ជា​ប្រជុំ​សញ្ញា​មួយ​ដែល​កើតឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។​ វា​ងាយស្រួល​នឹង​មើល​រំលង​ឬ​បាត់​រោគ​សញ្ញា​ទៅ​វិញ​ ដូច​ជា​ការ​មិន​ស្រួល​ពោះ​ (upset​ stomach)​ ឬ​ ការ​ទទួលទាន​អាហារ​មិន​ស្អាត​ ប៉ុន្តែ​រោគ​រលាក​ពោះវៀន​អាច​ព្យាបាល​បាន​ដោយ​ការ​ប្តូរ​អាហារ​ប្រចាំ​ថ្ងៃ​ របៀប​រស់នៅ​ និង​ការ​គ្រប់គ្រង​ភាព​តានតឹង​អារម្មណ៍​ (stress​ management)​។​ ការ​ទទួលទាន​ថ្នាំ​អាច​ជួយ​បំបាត់រោគ​សញ្ញា​។​រាល់​ការ​ប្រើ​ថ្នាំ​គួរតែ​មានការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

ហូរ​ឈាម​តាន​យោនី​បន្ទាប់​ពី​វ័យ​អស់​ឈាមរដូវ 

​ការ​ហូរ​ឈាម​នេះ​មិនមែន​ធម្មតា​ទេ​ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។​ ការ​ហូរ​ឈាម​អាច​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ ដូច​ជា​ មហារីក​។​

អស់កម្លាំង​ ឈឺក្បាល​ វិលមុខ​ បាត់បង់​លទ្ធភាព​មើល​ឬ​និយាយ 

​ប្រសិនបើ​រោគ​សញ្ញា​មួយ​ឬ​ច្រើន​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​អស់នេះ​កើតឡើង​ធ្ងន់ធ្ងរ​ភ្លាមៗ​និង​មិន​ដោយ​មិនដឹង​មូលហេតុ​អ្នក​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ពិនិត្យ​និង​ព្យាបាល​។​ វា​អាច​ជា​សញ្ញា​នៃ​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។