ដុំសាច់ក្នុងស្បូន កើតមានឡើងពេលជាសិកាសាច់ដុំស្បូនដុះលូតលាស់ខុសធម្មតា។ ដុំសាច់នេះអាចមានលើសពីមួយ និងមានទំហំចាប់ពីតូចបំផុត រហូតដល់ធំបំផុត។ ស្ត្រីប្រហែលជា ៧០ ទៅ ៨០ ភាគរយនឹងកើតមានដុំសាច់ក្នុងស្បូននេះនៅអាយុ ៥០ ឆ្នាំឡើងទៅ។ ពាក្យបច្ចេកទេសពេទ្យ គេហៅដុំសាច់នេះថា Fibroid, Leiomyoma ឬ Myoma។

ដុំសាច់ក្នុងស្បូនអាចបង្កជារោគសញ្ញាតិចតួច ឬគ្មានតែម្តង។ ខាងក្រោមនេះអាចជាសញ្ញាដែលស្ត្រីគួរចាប់អារម្មណ៍ និងស្វែងយល់អោយបានច្បាស់ ៖
- មានសម្ពាធលើផ្លោកនោម ឬចុងពោះវៀនធំ
 - នោមញឹក
 - ទល់លាមក និងឈឺនៅចុងពោះវៀនធំ
 - ឈឺចង្កេះ ឬឈឺក្នុងពោះ។
 
បើសិនជាដុំសាច់ក្នុងស្បូនមានសភាពធំខ្លាំង វានឹងសង្កត់ដល់ក្រពះ ដែលអាចធ្វើអោយស្ត្រីមើលទៅដូចជាមានផ្ទៃពោះអញ្ចឹង។
 
ដុំសាច់ក្នុងស្បូនក៏ប្រហែលជាធ្វើអោយរដូវមនុស្សស្រីប្រែប្រួលផងដែរ ដូចជា៖
- មានអាការៈឈឺពោះបែបរមួល ពីឈឺចាប់តិចតួចរហូតដល់ខ្លាំង
 - ហូរឈាមរដូវច្រើនជាងមុន ហើយពេលខ្លះមានកំណកឈាមធ្លាក់មកទៀតផង
 - មករដូវយូរថ្ងៃ ឬញឹកជាងមុន
 - ហូរឈាមនៅចន្លោះពេលមករដូវ៕