អ័រម៉ូនផ្លូវភេទដ៏សំខាន់របស់បុរសគឺជាអ័រម៉ូនតេស្តូស្តេរ៉ូន។ ទោះបីជាអ័រម៉ូនមួយនេះមានទាំងបុរស និងស្ត្រីក៏ដោយ ក៏វាត្រូវបានគេសម្គាល់យ៉ាងទូលំទូលាយថាជាអ័រម៉ូនភេទរបស់បុរស។ ចំពោះមនុស្សប្រុស អ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានផលិតចេញពីពងស្វាស និងមាននាទីទាក់ទងនឹងការលូតលាស់លិង្គ, ពងស្វាស, រោម និងភាពពេញវ័យរបស់មនុស្សប្រុស។ ជាមួយគ្នានេះដែរ វាក៏ទទួលខុសត្រូវលើមុខងារផ្លូវភេទដែរដូចជា ការផលិតមេជីវិតឈ្មោល, ចំណង់ផ្លូវភេទ, ការឡើងរឹងរបស់លិង្គ។ល។

ប៉ុន្តែ នៅពេលមនុស្សប្រុសអាយុកាន់តែច្រើន ចំនួនអ័រម៉ូនតេស្តូស្តេរ៉ូននឹងចាប់ផ្តើមថយចុះ និងធ្វើអោយមានការផ្លាស់ប្តូរជាច្រើនទាំងសុខភាពផ្លូវកាយ និងចិត្ត។ ដូច្នេះតើមានសញ្ញាប្រកាសអាសន្នអ្វីខ្លះដែលបញ្ជាក់ថាបុរសម្នាក់ខ្សោយអ័រម៉ូនភេទ?
ខ្សោយចំណង់ផ្លូវភេទ
អ័រម៉ូនតេស្តូស្តេរ៉ូនដើរតួនាទីយ៉ាងសំខាន់ចំពោះចំណង់ផ្លូវភេទបុរស។ ការថយចុះរបស់វានឹងធ្វើអោយចំណង់ផ្លូវភេទថយចុះ។ ខណៈពេលបុរសវ័យកាន់តែច្រើន ចំណង់ផ្លូវភេទកាន់តែថយជារឿងធម្មតានោះ ការបាត់បង់ចំណាប់អារម្មណ៍ខាងផ្លូវភេទខ្លាំងក្លានឹងក្លាយទៅជាសញ្ញាមួយនឹងការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូន។
ងាប់លិង្គ
នៅពេលអ័រម៉ូនតេស្តូស្តេរ៉ូនភ្ញោចអោយមានចំណង់ផ្លូវភេទ វាក៏ទៅភ្ញោចជាប្រយោលបន្ថែមអោយមានការឡើងរឹងរបស់លិង្គទៀត។ នេះជាលទ្ធផលនៃការភ្ញោចដល់កន្លែងទទួលរំញោចនៅខួរក្បាលដែលទៅផលិតជាមូលេគុល Nitric Oxide ដែធ្វើអោយលិង្គរឹងបាន។ ដូច្នេះ ចូរសង្កេតមើលភាពខ្សោយនៃការឡើងរឹងរបស់លិង្គផង ព្រោះវាជាសញ្ញានៃការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូន។
ទឹកកាមតិច
អ័រម៉ូនតេស្តូស្តេរ៉ូនក៏មានឥទ្ធិពលទៅលើការផលិតទឹកកាមរបស់បុរសដែរ។ កាលណាអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែច្រើន ការផលិតទឹកកាមក៏កាន់តែច្រើនដែរ។ ដូច្នេះ បើសិនជាអ្នកសម្គាល់ឃើញថារាល់ការបាញ់ទឹកកាមម្តងៗ មានចំនួនតិចនោះ ចូរប្រុងប្រយ័ត្នផង។
ពងស្វាសស្វិត
អ័រម៉ូនតេស្តូស្តេរ៉ូនតិចអាចមានផលវិបាកដល់មុខងារផ្លូវភេទរបស់បុរសបាន ព្រោះវាប៉ះពាល់ដល់ពងស្វាស និងធ្វើអោយទៅជាស្វិត និងទន់បាន។
អស់កម្លាំង
ការអស់កម្លាំងក៏មានទំនាក់ទំនងនឹងការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូនដែរ។ រឿងនេះនឹងធ្វើអោយបុរសមានអារម្មណ៍ថាអស់នឿយហត់ និងអស់កម្លាំងក្រោយពីដេកបានគ្រប់គ្រាន់ហើយក៏ដោយ។ វាក៏នឹងរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់គាត់ដែរ។
ជ្រុះសក់
អ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានគេស្គាល់ថាជាជំនួយមួយសម្រាប់ការបណ្តុះរោមលើរាងកាយនៅពេលឈានដល់ពេញវ័យ។ ដូច្នេះ នៅពេលបុរសអាយុកាន់តែច្រើន ពួកគេនឹងចាប់ផ្តើមជ្រុះសក់ទាល់តែអស់ព្រោះតែការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាមនុស្សម្នាក់សម្គាល់ឃើញថាមានការផ្លាស់ប្តូរអ្វីទៅលើការជ្រុះពុកមាត់ ឬរោមលើរាងកាយ វាអាចជាសញ្ញាមួយនៃការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូនហើយ។
ពិបាកដេក
អ័រម៉ូនតេស្តូស្តេរ៉ូនទាបជាមួយនឹងការអស់កម្លាំងនឹងប៉ះពាល់ដល់គុណភាពនៃការដេក និងធ្វើអោយដេកមិនលក់ទៀតផង។ ការដេកមិនបានគ្រប់គ្រាន់ក៏បណ្តាលអោយអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបដែរ។
ការរំខានខាងផ្លូវអារម្មណ៍
ក្រៅពីការប្រែប្រួលខាងផ្លូវកាយ ការចុះទាបរបស់អ័រម៉ូនតេស្តូស្តេរ៉ូនក៏ត្រូវបានគេស្គាល់ថាអាចប៉ះពាល់ដល់ផ្លូវចិត្តបុរសដែរដូចជា ការបាក់ទឹកចិត្ត និងកើតទុកជាមួយនឹងបញ្ហាផ្សេងៗដូចជាមិនសប្បាយចិត្តនឹងខ្លួនឯង និងពិបាកផ្ចង់អារម្មណ៍៕