ស្ត្រីមានផ្ទៃពោះត្រូវតែយកចិត្តទុកដាក់លើការញ៉ាំអាហារជាចាំបាច់ ហើយត្រូវតែជ្រើសរើសអាហារណាដែលមានប្រយោជន៍ចំពោះសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ ។ អាហារណាដែលល្អនឹងជួយចិញ្ចឹម រួមទាំង ជួយបំប៉នដល់សុខភាពរបស់ទារក ប៉ុន្តែប្រសិនបើ ម្តាយចង់ឱ្យស្បែកកូនសស្អាត និងមានសុខភាពស្បែកល្អ ម្ដាយត្រូវតែញាំអាហារទាំងនេះ
១. ផ្លែដូង
ដូង គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ជាច្រើនដូចជា កាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីន B អាស៊ីតអាមីណូ និង មានផ្ទុកអរម៉ូនអ៊ឺស្ត្រូសែនខ្ពស់ផងដែរ ដែលជួយរំញោចដល់ការផលិតកូឡាជែន Collagen និង អេលីហ្សិន Elastin នៅលើស្បែក ដែលជួយឱ្យស្បែកភ្លឺថ្លា ទន់ និង រលោង ហើយក៏ជួយជំរុញកាកសំណល់ផ្សេងៗចេញពីរាងកាយ អាចនិយាយបានថាញ៉ាំហើយគឺល្អដល់ម្តាយ និង ទារកក្នុងផ្ទៃទៀត ។

២. ផ្លែឈើដែលមានរសជូរ
មានដូចជា ក្រូច ក្រូចឆ្មា ពពួកផ្លែស្ត្របឺរី ផ្លែម្នាស់ ផ្លែទំពាំងបាយជូរជាដើម ។ ផ្លែឈើមានជាតិជូរទាំងអស់សុទ្ធតែមានវីតាមីន C ខ្ពស់ ហើយមានផ្ទុកអាស៊ីត AHA ដែលជួយបំប៉នស្បែកដោយផ្ទាល់ និង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជំរុញការផលិតកូឡាជែន (Collagen) ជួយបំប៉នស្បែកឱ្យស និង ជួយឱ្យកោសិកាស្បែកមានសុខភាពល្អ ។
៣. សាច់ត្រី
នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និង រាងកាយងាយយកទៅប្រើ ។ ជួយពង្រឹងរចនាសម្ព័ន្ធរបស់ស្បែកឱ្យរឹងមាំង ហើយមានផ្ទុកខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលជួយឱ្យស្បែកមានសុខភាពល្អ និង មានសំណើម ម្យ៉ាងទៀតក៏ជួយបំប៉នដល់ខួរក្បាលទាំងម្តាយ និង ទារកក្នុងផ្ទៃផងដែរ ។
៤. សណ្តែកសៀង និង ផលិតផលដែលធ្វើពីសណ្តែកសៀង
សណ្តែកសៀងសម្បូរទៅដោយ Isoflavone និង មានផ្ទុកអាស៊ីតអាមីណូ (Amino acid) ដែលជួយទប់ទល់នឹងការបំពុលផ្សេងៗ ធ្វើឱ្យស្បែកមានសុខភាពល្អ និង ភ្លឺថ្លា ។ សណ្តែកសៀងក៏អាចជួយបង្កើនការលូតលាស់របស់ទារកក្នុងផ្ទៃទៀតផង ។

៥. គ្រាប់ធញ្ញជាតិផ្សេងៗ
ប្រូតេអ៊ីននៅក្នុងគ្រាប់ធញ្ញជាតិ និង ស៊ុតរួមគ្នាជាមួយនឹងប្រូតេអ៊ីន Keratin ជួយការពារស្បែកពីការបំពុលផ្សេងៗ ជួសជុលជាលិកា ប្រយុទ្ធប្រឆាំងនឹងបាក់តេរី ធ្វើឱ្យស្បែកមានសុខភាពល្អ និង ជួយឱ្យស្បែកអាចទប់ទល់ជាមួយអាកាសធាតុក្តៅទៀតផង ។
៦. រមៀត
យើងទាំងអស់គ្នាច្បាស់ជាដឹងហើយថា រមៀតមានគុណសម្បត្តិធ្វើឱ្យស្បែកមានសុខភាពល្អ ដោយសារតែមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ជួយឱ្យស្បែករលោង និង ស្រស់ស្អាត ។ វាក៏ជួយកាត់បន្ថយអាការចាញ់កូនរបស់ម្តាយបានទៀតផង ហើយវាក៏ជួយបណ្តេញទឹកដោះម្ដាយ ក្រោយពេលសម្រាលកូនរួចទៀតផង ៕