ទារក​របស់ខ្ញុំ​ហាក់ដូចជា​ចេះ​តែ​រសេះរសោះ​ មើលទៅ​ឃើញ​ថា​មិន​ស្រួលខ្លួន​ គឺ​ដូច​ជា​ឈឺពោះ​។​ ធ្វើ​ដូច​ម្តេច​ទើប​ខ្ញុំ​អាច​ដឹង​បាន​ថា​មាន​អ្វី​កើតឡើង​?

វា​ដូច​ជា​ពិបាក​ណាស់​នឹង​កំណត់​ថា​តើ​ទារក​ឈឺពោះ​ឬ​យ៉ាងណា​ ក៏​ប៉ុន្តែ​ការ​រសេះរសោះ​ខ្លាំង​ហួសពេក​គឺជា​សញ្ញា​មួយ​។​ សូម​យកចិត្តទុកដាក់​ពិនិត្យ​មើល​ថា​តើ​ទារក​របស់​អ្នក​មិន​ស្រួលខ្លួន​នៅ​ពេល​ណា​ (​តើ​បន្ទាប់​ពី​បញ្ចុក​ចំណីអាហារ​បាន​បន្តិច​ឬ​?)​ ក៏​ដូច​ជា​ពិនិត្យ​រក​មើល​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ ដូច​ជា​គ្រុន​ ក្អួត​ ឬ​រាគ​រូស​។​ សូម​ប្រើប្រាស់​ព័ត៌មាន​ខាង​ក្រាម​នេះ​ជា​ជំនួយ​ -​ ហើយ​បើសិនជា​ចាំបាច់​ -​ វេជ្ជបណ្ឌិត​អាច​នឹង​កំណត់​ថា​តើ​មាន​អ្វី​កើតឡើង​បាន​។​

តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពោះ​របស់​ទារក​មាន​បញ្ហា​?

បណ្តា​លក្ខ​ណ្ឌ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​រួម​ដែល​តែងតែ​ធ្វើ​ឲ្យ​ទារក​ឈឺពោះ​។​ វា​អាច​មាន​មូលហេតុ​ជា​ច្រើន​ទៀត​ គ្រាន់តែ​ថា​នោះ​មិនមែន​ជា​មូលហេតុ​រួម​ទេ​។​
បើសិនជា​ទារក​របស់​អ្នក​ស្រាប់តែ​ចាប់ឈឺ​ ហើយ​អ្នក​គិត​ថា​កូន​មាន​ឈឺ​នៅ​ក្នុង​ពោះ​ សូម​ទូរស័ព្ទ​ទៅ​សាកសួរ​គ្រូពេទ្យ​ ដើម្បី​ជៀសវាង​ការ​ធ្វើ​ខុស​។​

១​ ការ​ចុកពោះ​ (colic):

ការ​ចុកពោះ​គឺជា​ពាក្យ​ដែល​គេ​តែងតែ​យក​មក​ប្រើ​ពន្យល់​ការ​ដែល​ទារក​ឈឺពោះ​ ឬ​មាន​រោគ​សញ្ញា​ឈឺ​ចុកចាប់​ផ្សេងៗ​ទៀត​។​ តើ​ការ​ចុកពោះ​នោះ​ជា​អ្វី​ពិតប្រាកដ​ទៅ​?​ នោះ​គឺជា​ពាក្យ​ដែល​គេ​ប្រើ​អធិប្បាយ​ការ​ដែល​ទារក​ចេះ​តែ​យំ​ជាប់​ មិន​អាច​គ្រប់គ្រង​បាន​ ទោះជា​ទារក​នោះ​មាន​សុខភាព​ល្អ​ក្តី​។​ បើសិនជា​ទារក​របស់​អ្នកមាន​អាយុ​ក្រោម​៥​ខែ​ ហើយ​ចេះ​តែ​យំ​យ៉ាង​ខ្លាំង​លើស​ពី​៣​ម៉ោង​ក្នុង​១​ថ្ងៃ​ លើស​ពី​៣​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ និង​ជាប់​យ៉ាងតិច​៣​ស​ប្តា​ហ៍​ ហើយ​មិន​មានការ​ពន្យល់​ខាង​វេជ្ជសាស្ត្រ​ណាមួយ​ទេ​ចំពោះ​ទុក្ខ​អាសន្ន​នោះ​ គេ​អាច​និយាយ​បាន​ថា​កូន​របស់​អ្នកមាន​ចុកពោះ​ហើយ​។​

ទារក​ប្រមាណ​ជា​២០​ភាគរយ​សុទ្ធតែ​ធ្លាប់​ចុកពោះ​។​ ទារក​ខ្លះ​មាន​រោគ​សញ្ញា​ ចុកពោះ​ ២៤​ម៉ោង​ក្នុង​១​ថ្ងៃ​ ៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ ខ្លះ​ទៀត​យំ​នៅ​ម៉ោង​ដដែលៗ​ជា​រៀងរាល់ថ្ងៃ​ ជា​រឿយៗ​ គឺ​នៅ​ក្នុង​ពេល​រសៀល​ឬ​ពេល​ព្រលប់​។​ ការ​ចុកពោះ​នេះ​មិនមែន​ជា​ជំងឺ​មួយ​ទេ​ ហើយ​វា​ក៏​មិន​បង្ក​ អន្តរាយ​អ្វី​យូរអង្វែង​ដល់​ទារក​របស់​អ្នក​ដែរ​។​ ក៏​ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​លេង​ សើច​ចំពោះ​រូប​ អ្នក​ ឬ​កូន​ដែរ​។​
បើ​ទារក​របស់​អ្នកមាន​ចុកពោះ​ អ្នក​អាច​សង្កេត​ឃើញ​ថា​ពោះ​របស់​វា​ដូច​ជា​ឡើង​ធំ​បន្តិច​។​ វា​អាច​ទធាក់ជើង​ ធ្វើ​ឲ្យ​លេច​ផោម​នៅ​ពេល​ដែល​វា​ស្រែកយំ​។​ តាម​ពិត​ទៅ​ កាលណា​វា​យំ​ វា​ លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​កាន់តែ​ឈឺ​ខ្លាំង​ឡើង​។​
ជា​អកុសល​ គ្មាន​អ្វី​សម្រាប់​ព្យាបាល​ការ​ចុកពោះ​ទេ​។​ បើ​ទោះជា​យ៉ាងណា​ក្តី​ មាតាបិតា​និង​ គ្រូពេទ្យ​មានការ​ណែនាំ​ជា​ច្រើន​ដើម្បី​សាកល្បង​បន្ធូរបន្ថយ​ទឹកភ្នែក​និង​ការ​ឈឺចាប់​។​ ព័ត៌មាន​ដែល​ ល្អ​គឺ​ទារក​ភាគច្រើន​អាច​បាន​ធូរស្រាល​ច្រើន​មក​វិញ​ក្នុង​ចន្លោះ​ពី​៣​ទៅ​៤​ខែ​ ហើយ​ឈប់​មាន​ចុកពោះ​ តទៅ​ទៀត​ហើយ​ កាលណា​វា​មាន​អាយុ​លើស​ពី​៥​ខែ​ទៅ​។​

២​ ដំណើរការ​ច្រាល់​ត្រលប់​វិញ​ក្នុង​ក្រពះ​-​បំពង់ក​(gastroesophageal​ reflux)

ទារក​ភាគច្រើនៗ​តែ​ក្អែរ​បន្តិច​បន្ទាប់​ពី​បៅ​រួច​  ឬ​ជួនកាល​ក្អួត​តែ​ម្តង​។​ បើសិនជា​ទារក​របស់​អ្នក​ក្អែរ​ញឹកញាប់​ គេ​និយាយ​ថា​វា​មានដំណើរ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​ហើយ​។​ ទារក​ណា​ដែល​មានដំណើរ​ត្រលប់​នេះ​ ក្អែរ​កាន់តែ​ច្រើន​ឡើងៗ​ ក្នុង​១​ឆ្នាំ​ដំបូង​។​

ក៏​ប៉ុន្តែ​បើសិនជា​ទារក​របស់​អ្នកមាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជាមួយនឹង​ការ​ក្អែរ​ឬ​ក្អួត​ ដូច​ជា​មាន​សញ្ញា​ឈឺពោះ​ (​ចំកោង​ខ្នង​ លើកជើង​)​ ឬ​ក្អក​ ឬ​ឈ្លក់​ពេល​បៅ​ នោះ​គេ​អាច​នឹង​មានការ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​នេះ​ហើយ​ ដែល​គេ​សរសេរ​កាត់​ថា​ GERD​ (gastroesophageal​ reflux​ disease)​។​


ចំពោះ​ទារក​ណា​ដែល​មាន​ GERD​ ចំណីអាហារ​និង​ទឹក​រំលាយ​អាហារ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​បំពង់ក​ ធ្វើ​ឲ្យ​រមាស់​ដល់​ស្បែក​បំពង់ក​។​ វេទនារម្មណ៍​ឈឺចាប់​នេះ​វា​ដូច​គ្នា​ទៅ​នឹង​ការ​ឆ្អល់ចុងដង្ហើម​ (heartburn)​ ចំពោះ​មនុស្ស​ចាស់​។​ GERD​ អាច​ធ្វើ​ឲ្យ​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​ និង​បញ្ហា​ផ្សេងៗ​ទៀត​ ដូច​ជា​ការ​ខ្សោះ​ជាតិ​ទឹកជា​ដើម​។​ ដូច្នេះ​អ្នក​គួរ​យក​ទារក​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ កាលណា​អ្នក​សង្ស័យ​ថា​កូន​មាន​ជំងឺ​នេះ​។​ គ្រូពេទ្យ​ជា​ច្រើន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ GERD​ ងាយស្រួល​ជាង​ជំងឺ​ឈឺពោះ​ឯទៀតៗ​ ព្រោះ​ទារក​ដែល​មាន​ជំងឺ​នេះ​បញ្ចេញ​សកម្មភាព​ដូចៗ​គ្នា​:​ ទារក​ឃ្លាន​ ខ្លាំង​ណាស់​ ម្ល៉ោះហើយ​ប្រតោង​ដោះ​ឬ​ដប​ទឹកដោះ​ជាប់​ រួច​បឺត​យ៉ាង​ខ្លាំង​ចំនួន​១៥​ទៅ​២០​នាទី​។​ បន្ទាប់​មក​វា​ចាប់​ចំកោង​ខ្នង​ ទធាក់​ខ្លួន​ចេញ​រួច​ចាប់​យំ​។​ ទារក​ទធាក់​ខ្លួន​ចេញ​ ហើយ​យំ​ នៅ​ពេល​ ដែល​ដំណើរការ​ច្រាល់​(reflux)​ចាប់ផ្តើម​ឡើង​។​

បើ​គ្រូពេទ្យ​សង្ស័យ​ថា​ទារក​របស់​អ្នកមាន​ GERD​ គាត់​នឹង​ធ្វើតេស្ត​មួយ​ចំនួន​ រួច​ឲ្យ​ឱសថ​មួយ​ក្នុង​ចំណោម​ឱសថ​ឯទៀត​ បន្ថែម​ពីលើ​យុទ្ធសាស្ត្រ​បំបៅ​កូន​មួយ​ចំនួន​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុកចាប់​បាន​។​

៣​ ជំងឺ​រលាក​ក្រពះ​-​ពោះវៀន​ (gastroenteritis)​ ឬ​ហៅ​ថា​ “​គ្រុន​ក្រពះ​”​ (stomach​ flu)

តើ​ទារក​របស់​អ្នកមាន​ក្អួត​ ឬ​រាគ​ដែរ​ឬទេ​?​ បើ​មាន​ដូច្នេះ​មែន​ គេ​អាច​មាន​ជំងឺ​រលាក​ក្រពះ​-​ពោះវៀន​ហើយ​ ដែល​គេ​ច្រើន​តែ​ហៅ​ថា​ “​គ្រុន​ក្រពះ​”​។​ គឺជា​ជំងឺ​ដែល​មាន​ច្រើន​ជាងគេ​ទី​២​នៅ​ក្នុង​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ជំងឺ​រលាក​បំពង់​ដង្ហើម​ខាងលើ​។​

គ្រូពេទ្យ​ប្រើ​ពាក្យ​រលាក​ក្រពះ​-​ពោះវៀន​ចំពោះ​រាល់​ការ​រលាក​ក្រពះ​-​រលាក​ពោះវៀន​ បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​វីរុស​ឬ​បាក់តេរី​។​ វីរុស​ជា​មេរោគ​ច្រើន​ជាងគេ​ មាន​ដូច​ជា​ rotavirus,​ adenovirus,​ calicivirus​ និង​ astrovirus​ ជាដើម​។​

ជំងឺ​រលាក​ក្រពះ​-​ពោះវៀន​ក៏​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី​បាន​ដែរ​ ដូច​ជា​ salmonella,​ shigella,​ staphylococcus,​ campylobacter​ ឬ​ E.coli​ ជាដើម​។​ ហើយ​ក៏​មាន​ជំងឺ​រលាក​ ក្រពះ​-​ពោះវៀន​ដែល​បណ្តាល​មក​ពី​ប៉ា​រា​ស៊ី​ត​ផង​ដែរ​ ដូច​ជា​ giardia​ ជាដើម​។​ ទារក​អាច​មាន​រោគ​សញ្ញា​ស្រាល​ឬ​ធ្ងន់ធ្ងរ​ អស់​ពេល​ពីរ​បី​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​ អាស្រ័យ​ទៅ​តាម​មូលហេតុ​។​

ដោយ​ជំងឺ​រលាក​ក្រពះ​និង​ពោះវៀន​ភាគច្រើន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស​ អ្នក​មិន​អាច​ប្រើ​អង់​ទី​ប៊ី​យ៉ូ​ទិច​ព្យាបាល​វា​បាន​ទេ​។​ និយាយ​ដូច្នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​អង្គុយ​ចុះ​ រង់ចាំ​ឲ្យ​ការ​ឈឺចាប់​បាត់​ទៅ​វិញ​នោះ​ទេ​។​ ព្រោះថា​បើសិនជា​វា​ធ្វើ​ឲ្យ​ទារក​ក្អួត​ឬ​រាគ​ ជាមួយនឹង​គ្រុន​ហើយ​មិន​ចង់​បរិភោគ​ចំណី​ផង​នោះ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់រហ័ស​។​

ដូច្នេះ​សំខាន់​គឺ​ត្រូវ​ផ្តល់​ជាតិ​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​គ្រប់គ្រាន់​ (​ទឹកដោះ​តាម​រូបមន្ត​ផ្សេងៗ​ ឬ​ទឹកដោះ​ម្តាយ​)​ នៅ​ក្នុង​ពេល​ដែល​គេ​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​។​ សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​ទារក​។​ គាត់​អាច​ផ្តល់​យោបល់​ឲ្យ​បន្តក់​សូលុយស្យុង​អេ​ឡិ​ក​ត្រូ​លី​ត​ណាមួយ​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន​ ដើម្បី​ជំនួស​ទឹក​ រ៉ែ​ និង​អំបិល​ដែល​ទារក​បាន​បាត់បង់​ទៅ​ ជា​ពិសេស​កាលណា​គេ​មិន​អាច​បៅ​បាន​។​

សូម​ពិនិត្យ​រក​មើល​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ ហើយ​សូម​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​កាលណា​អ្នក​គិត​ថា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក​។​ ហើយ​បើសិនជា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ សូម​នាំ​កូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ភ្លាម​។​

តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ អ្នក​អាច​ចង់​ឲ្យ​កូន​បែរមក​រក​របប​ហូប​ចុក​ធម្មតា​ឡើង​វិញ​ (​រួម​ទាំង​ចំណី​រឹង​ផង​ដែរ​បើសិនជា​គេ​បាន​ចាប់​ញ៉ាំ​ហើយ​)​ ប៉ុន្តែ​សូមកុំ​ឲ្យ​ចំណី​មាន​ជាតិ​ខ្លាញ់​ឲ្យ​សោះ​។​

ដើម្បី​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​ព្យាបាល​ សូម​អាន​:

-​ ការ​រាគ​
-​ ​ការ​ក្អួត​
-​ ការ​ខ្សោះ​ជាតិ​ទឹក​។​

៤​ ប្រតិកម្ម​ចំពោះ​ទឹកដោះ​ (milk​ allergy)​ ឬ​ការ​មិន​ទទួល​ឡាក់​តូ​ស​ (lactose​ intolerance)

ទារក​របស់​អ្នកមាន​ប្រតិកម្មរ​ (allergy)​ ចំពោះ​ទឹកដោះ​កាលណា​ប្រព័ន្ធ​អ៊ី​មុ​យ​នី​តេ​(immunity)​ ឬ​ប្រ​ព័​ន្ឋ​ភាពស៊ាំ​ របស់​វា​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​មាននៅ​ក្នុង​ទឹកដោះ​នោះ​។​ ប្រតិកម្ម​ចំពោះ​ទឹកដោះ​ច្រើន​កើត​មាន​ចំពោះ​ទារក​និង​កុមារ​។​

ការ​មិន​ទទួល​ឡាក់​តូ​ស​ -​ ដែល​មាន​ន័យ​ថា​រាង​កាយ​របស់​ទារក​មិន​បាន​ផលិត​អង់​ហ្ស៊ី​ម​ចាំបាច់​សម្រាប់​រំលាយ​ឡាក់​តូ​ស​ ដែល​ជា​ជាតិ​ស្ករ​ទី​១​នៅ​ក្នុង​ទឹកដោះ​ -​ មិនសូវ​កើត​មាន​លើ​ទារក​ទេ​។​ វា​ច្រើន​តែ​កើត​មាននៅ​ពេល​ក្រោយ​ ក្នុង​កុមារភាព​ឬ​នៅ​ក្នុង​វ័យ​ជំទង់​។​

ពិត​ណាស់​ថា​លោក​អ្នក​មិន​ត្រូវ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ទេ​ កាលណា​គេ​មាន​អាយុ​មិន​ទាន់​គ្រប់​១​ខួប​។​ ក៏​ប៉ុន្តែ​បើសិនជា​ទារក​មាន​ប្រតិកម្មរ​ ហើយ​លោក​អ្នក​ឲ្យ​គេ​បៅ​រូបមន្ត​ទឹកដោះ​ណាមួយ​ នោះ​ទារក​អាច​នឹង​មាន​ប្រតិកម្ម​ជា​មិន​ខាន​ទេ​។​ សូ​ម្បី​តែ​អ្នក​ឲ្យ​កូន​បៅដោះ​ក៏​ដោយ​ ប៉ុន្តែ​បើសិនជា​អ្នក​​ទទួលទាន​ផលិតផល​ទឹកដោះគោ​ នោះ​ក៏​ធ្វើ​ឲ្យ​ទារក​មាន​ប្រតិកម្មរ​បាន​ដែរ​។​

រោគ​សញ្ញា​នៃ​ប្រតិកម្មរ​ចំពោះ​ទឹកដោះ​ និង​ការ​មិន​ទទួល​ឡាក់​តូ​ស​រួម​មានការ​ក្អួត​ រាគ​រូស​ និង​ឈឺពោះ​។​ ក្នុង​ករណី​មាន​ប្រតិកម្មរ​ខ្លាំង​ចំពោះ​ទឹកដោះ​ ទារក​អាច​ជួបនឹង​ប្រតិកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​បាន​ ដែល​គេ​ហៅ​ថា​សុក​អាណា​ហ្វ៊ី​ឡាក់​ទិច​ (anaphylactic​ shock)​។​

ដើម្បី​ឲ្យ​ប្រាកដ​អំពី​បញ្ហា​ គ្រូពេទ្យ​អាច​សំណូមពរ​ឲ្យ​អ្នក​កាត់​ផ្តាច់​ផលិតផល​ទឹកដោះ​ពី​របប​ហូប​ចុក​របស់​ទារក​ចំនួន​ពីរ​ឬ​បី​ថ្ងៃ​សិន​ រួច​សឹម​ដាក់​បញ្ចូល​មក​វិញ​បន្តិច​ម្តងៗ​។​ បើ​កូន​បៅដោះ​របស់​អ្នក​ អ្នក​អាច​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ឈប់​បរិភោគ​ផលិតផល​ទឹកដោះ​ខ្លួនឯង​ ព្រោះ​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​អាច​ឆ្លងកាត់​ដោះ​អ្នក​ចូល​ទៅ​ក្នុង​ទឹកដោះ​ដែល​កូន​បៅ​បាន​។​ បើសិនជា​ការ​ផ្លាស់​ប្តូរ​របប​ហូប​ចុក​បាន​ធ្វើ​ឲ្យ​ទារក​មានការ​ធូរស្រាល​ អ្នក​ត្រូវ​តែ​ឈប់​បរិភោគ​ផលិតផល​ទឹកដោះ​ ឬ​កាត់​បន្ថយ​សិន​ រហូត​ទាល់តែ​ដល់​ពេល​ផ្តាច់ដោះ​កូន​។​

បើសិនជា​អ្នក​ឲ្យ​កូន​បៅ​រូបមន្ត​ទឹកដោះ​ណាមួយ​ អ្នក​ត្រូវ​ប្តូរ​ម៉ា​ករក​រូបមន្ត​ថ្មី​ណាមួយ​ រហូត​ទាល់តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ទារក​របស់​អ្នក​។​ អ្នក​អាច​ធ្លាប់​បានឮ​គេ​និយាយ​ថា​ទឹក​សណ្តែក​គឺជា​ដំណោះស្រាយ​ ក៏​ប៉ុន្តែ​៥​ទៅ​១០​ភាគរយ​នៃ​កុមារ​ដែល​មាន​ប្រតិកម្ម​ចំពោះ ទឹកដោះ គោ​អាច​មាន​ប្រតិកម្ម​ចំពោះ​ទឹក​សណ្តែក​ដែរ​។​

៥​ ការ​ទល់លាមក​ និង​ការ​ផ្លាស់​ប្តូរ​របប​ហូប​ចុក

ទារក​ភាគច្រើន​ចាប់​ទទួលទាន​អាហារ​រឹង​នៅ​ចន្លោះ​ពី​៤​ដល់​៦​ខែ​។​ រយ​:​ពេល​នោះ​គឺជា​ពេល​ចំបង​ដែល​ ទារក​មានការ​ឈឺក្រពះ​ដោយសារ​ចំណីអាហារ​។​ ឧទាហរណ៍​ដូច​ជា​សណ្តែកបារាំង​ (peas)​ ធ្វើ​ឲ្យ​ទារក​ មាន​ផោម​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​គេ​ចាប់​បរិភោគ​វា​ ក៏​ប៉ុន្តែ​នោះ​គឺ​មួយ​រយ​:​កាល​តែ​ប៉ុណ្ណោះ​។​

បញ្ហា​ក្រពះ​ដែល​ច្រើន​កើត​មាន​ចំពោះ​ទារក​ដែល​ចាប់ផ្តើម​បរិភោគ​ចំណីអាហារ​រឹង​ គឺ​ការ​ទល់​ លាមក​។​ ការ​ទល់លាមក​ត្រូវ​បាន​គេ​ឲ្យ​និយម​ន័យ​ថា​ គឺជា​ការ​ដែល​ទារក​មិន​បន្ទោ​របង់​លាមក​(bowel​ movement)​ ចំនួន​ពីរ​ឬ​បី​ថ្ងៃ​ បន្ទាប់​មក​បន្ទោ​របង់​លាមក​មក​រឹង​។​ បើសិន​នេះ​គឺជា​ករណី​របស់​ទារក​លោក​អ្នក​ សូម​ឧស្សាហ៍​ដាក់​កូន​ឲ្យ​អង្គុយ​ឲ្យ​បាន​ជាប់​ (​លើ​កន្ថោរ​)​ ។​ ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​ ប្រព័ន្ធ​រំលាយ​អាហារ​របស់​វា​នឹង​ដំណើរការ​តម្រូវ​ទៅ​តាម​របប​ហូប​ចុក​ហើយៗ​វា​ក៏​នឹង​ចាប់​មាន​ចលនា​ពោះវៀន​ទៀងទាត់​ឡើង​វិញ​ជា​មិន​ខាន​ទេ​។​

បើ​ទារក​ចាប់​បរិភោគ​ចំណី​រឹង​ អ្នក​អាច​ជួយ​បាន​ដោយ​ផ្តល់​ឲ្យ​នូវ​ចំណី​ណា​ដែល​ធ្វើ​ឲ្យ​លាមក​ទន់ជ្រាយ​ ដូច​ជា​សណ្តែកបារាំង​និង​ល្ហុង​ទុំ​ លាយឡំ​ជាមួយនឹង​ចំណី​ដែល​ធ្វើ​ឲ្យ​លាមក​រឹង​ (​ដូច​ជា​ចេក​ ប៉ោម​ និង​ទឹក​ប៉ោម​ ការ៉ុត​ និង​បាយ​។​ ការ​ឲ្យ​កូន​ផឹកទឹក​ឲ្យ​ច្រើន​ក៏​អាច​ជួយ​បាន​ដែរ​។​

បន្ថែម​ពីលើ​នោះ​ ការ​ហាត់ប្រាណ​ក៏​ជួយ​ដល់​ការ​ធ្វើ​ចលនា​របស់​ពោះវៀន​ផង​ដែរ​។​ សូម​សាកល្បង​ដាក់​ទារក​ផ្តេក​លើ​ខ្នង​ រួច​ចាប់ជើង​វា​ឲ្យ​ធ្វើ​ចលនា​ដូច​ជា​ធាក់​កង់​។

៦​ ការ​ស្ទះ​ពោះវៀន​ Intestinal​ blockage

សូមកុំ​បង្អង់​រង់ចាំ​មើល​អ្វី​ បើសិនជា​ទារក​របស់​លោក​អ្នក​នៅ​ជា​ល្អ​ទេ​ ស្រាប់តែ​ចាប់ឈឺ​ចុកចាប់​ភ្លាមៗ​ ទធាក់ជើង​ឡើង​លើ​ រួច​ស្រែកយំ​យ៉ាង​ខ្លាំង​។​ ការ​ឈឺ​ចុកចាប់​នេះ​វា​លើស​ពី​ការ​ចុកពោះ​ទៅ​ទៀត​ ជា​ពិសេស​កាលណា​កូន​ឈឺ​កាន់តែ​ខ្លាំង​ឡើងៗ​ និង​កាន់តែ​ញាប់​ឡើងៗ​ ហើយ​មាន​ក្អួត​ផង​។​

នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ ការ​ស្ទះ​ពោះវៀន​(​ intussusception​ )​ ដែល​ច្រើន​កើត​មាន​លើ​ទារក​ដែល​មាន​អាយុ​ចាប់ពី​៥​ខែ​ដល់​២​ខួប​។​ ជំងឺ​នេះ​មិនសូវ​កើត​មាន​ទេ​ ក៏​ប៉ុន្តែ​វា​អាច​គម្រាម​ដល់​ជីវិត​បាន​ ដូច្នេះ​សូម​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ភ្លាម​។​ បើ​មិន​អាច​ទាក់ទង​គ្រូពេទ្យ​បាន​ទេ​ សូម​យក​ទារក​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់​ ព្រោះ​គេ​អាច​ត្រូវការ​ការ​វះកាត់​។ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង