Join with Health.com.kh on Telegram

​បើសិន​ជា​អ្នក​ចង់​មាន​អារម្មណ៍ល្អ​ចាប់ពី​ពេលព្រឹករ​ហូ​ដល់​យប់​នោះ​តើ​មាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អាច​អនុវត្ត​តាម​ទៅ​?​វេជ្ជបណ្ឌិត ដេវីត រ៉ា​គែល (David Rakel, MD) បាន​ចំណាយ​ពេលវេលា​ជាច្រើន​ថ្ងៃ​របស់​គាត់​ដើម្បី​ជួយ​អោយ​មនុស្ស​យើង​អាច​ដោះស្រាយ​សំណួរ​ខាងលើ​នេះ​បាន​។ គាត់​គិតថា​ការ​ដែល​មាន​អារម្មណ៍ល្អ​មានន័យ​ថា រាងកាយ និង​ចិត្ត​កំពុងតែធ្វើការ​នៅក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​ទូទៅ​ស្រស់​ដែរ​។​

​ដើម្បី​ទទួលបាន​អារម្មណ៍ល្អ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន គាត់​បាន​ណែនាំ​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម​នេះ​៖

 ​ទទួលយក​ពន្លឺព្រះអាទិត្យ​នៅ​ពេល​ថ្ងៃ​
ពន្លឺព្រះអាទិត្យ​ជួយ​ភ្ញោ​ច​ទៅដល់​សារធាតុ Serotonin ចេញពី​ខួរក្បាល​ដើម្បី​បំពេញ​មុខងារ​ធ្វើអោយ​អ្នក​សប្បាយចិត្ត​។​

​ខណៈ​ពេល​អ្នក​នៅ​ខាងក្រៅ​ផ្ទះ និង​ស្ថិត​ក្រោម​ពន្លឺព្រះអាទិត្យ ចូរ​ប្រើប្រាស់​ពេលវេលា​នោះ​ហាត់ប្រាណ​ដើម្បី​ទទួលបាន​ថាមពល​បន្ថែម​។ ការស្រាវជ្រាវ​បាន​រកឃើញថា ការធ្វើ​សកម្មភាព​រាង​កាយ​អាចមាន​ប្រសិទ្ធភាព​ដូច​គ្នា​នឹង​ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​អា​ការៈបាក់​ទឹកចិត្ត​ពី​កម្រិត​ស្រាល​ដល់​មធ្យម​ដែរ ហើយ​វា​ប្រហែលជា​មាន​ប្រសិទ្ធភាព​ល្អ​ជាង​ថ្នាំ​សម្រាប់​បង្ការ​ការបាក់​ទឹកចិត្ត​កុំអោយ​ត្រឡប់​មក​វិញ​ទៀត​ផង​។ វា​ក៏​អាច​ជួយ​អ្នក​ពី​ការ​ថប់​អារម្មណ៍​ដែរ​។​

 ​ធ្វើអោយ​ខ្លួន​ឯង​ដេក​លក់​អោយ​បាន​ស្រួល​
ល្ងាច​ឡើង នៅ​ពេល​មេឃ​ចាប់ផ្តើម​ងងឹង ខួរក្បាល​អ្នក​នឹង​បង្កើត​អ័រម៉ូន​មួយ​ឈ្មោះថា Melatonin សម្រាប់​ជួយ​ធ្វើអោយ​អ្នក​ងងុយដេក​។ ជម្រើស​មួយ​ចំនួន​នៅ​ពេល​ថ្ងៃ និង​ល្ងាច​អាច​ប៉ះពាល់​ដល់​កម្រិត Melatonin បាន ដែល​អាច​ដើរតួនាទី​ជួយ​អោយ​ដេក​លក់​បាន​កាន់តែ​ស្រួល​ទៀត​។ រ៉ា​គែល បាន​ណែនាំ​ថា​៖

  • ចូរ​ប្រាកដថា​អ្នក​បាន​ហាត់ប្រាណ​រាល់ថ្ងៃ​ក្រោម​ពន្លឺព្រះអាទិត្យ ព្រោះ​វា​ជួយ​អោយ​អ្នក​ដេក​លក់​បាន​ស្រួល​នៅពេល​យប់​។ នោះ​ដោយសារ​តែ​កម្រិត Melatonin ជាប់​ទាក់ទង​នឹង​ចំនួន Serotonin ដែល​អ្នកមាន​
  • បន្ថយកម្តៅ​ក្នុង​ខ្លួន​។ អ្នក​អាច​បង្កើត Melatonin បាន​នៅពេល​រាងកាយ​ចាប់​ត្រជាក់ ដូច្នេះ​អ្នក​នឹងមាន​អារម្មណ៍​ថា​អាច​ដេក​លក់​បាន​យ៉ាង​ល្អ​បើសិនជា​រាងកាយ​មិន​ក្តៅ​ពេក​។​
  • បិទ​ភ្លើង​។ បើសិនជា​បន្ទប់ដេក​មិន​មាន​ភាព​ងងឹត​ទេ អ្នក​នឹង​មិន​អាច​បង្កើត Melatonin បាន​ច្រើន​ឡើយ​។

​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​អារម្មណ៍ល្អ​
​ចូរ​ធ្វើតាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​៖

  • ផ្តោត​សំខាន់​ទៅលើ​អាហារ​ទាំងឡាយណា​ដែល​មាន​ពណ៌​ចម្រុះ​។ មានន័យ​ថា គឺជា​បន្លែស្រស់​, ផ្លែឈើ និង​សណ្តែក សម្រាប់​ជំនួស​នូវ​អាហារ​កែច្នៃ​។​
  • ចូរ​ញ៉ាំ​បន្លែ​ដូចជា ផ្កា​ខាត់ណា Broccoli, ផ្កា​ខាត់ណា​ពណ៌​ស​, ស្ពៃក្តោប​ជាដើម ព្រោះ​អាហារ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ដែល​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​។ វា​គឺជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ល្អ​។​
  • ចូរ​ចៀសវាង​អាហារ​ដែល​ធ្វើអោយ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដូចជា ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ម្បូរ​ជាតិ​ស្ករ និង​នំ​ផ្អែមៗ​។ ការកើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​មិនល្អ​ចំពោះ​សុខភាព​, ការ​ផ្ចង់អារម្មណ៍ ឬ​ថាមពល​ឡើយ​៕