Join with Health.com.kh on Telegram

មនុស្ស​ម្នាក់​ដែល​គាំងបេះដូង​ (heart​ attack)​ អាច​នឹង​មាន​អាការៈរោគ​ ដូច​ជា​ ៖
-​ សំពាធ​ឈាម​ដើរ​មិន​ស្រួល​,​ តឹង​ណែន​ទ្រូង​ ឬ​ ឈឺ​ដូច​គេ​ច្របាច់​នៅ​ចំ​កណ្តាល​ទ្រូង​
-​ មានការ​ឈឺចាប់​យូរអង្វែង​នៅ​ផ្នែក​ខាងលើ​ពោះ​ (upper​ abdomen)
-​ ដំណើរ​មិន​ស្រួល​ក្នុង​អារម្មណ៍​ ឬ​ ការ​ឈឺចាប់​រីក​រាលដាល​ចាប់ពី​ទ្រូង​ទៅ​ដល់​ស្មា​,​ ក​,​ ឆ្អឹងថ្គាម​,​ ធ្មេញ​ ឬ​ ដៃ​ម្ខាង​ ឬ​ ទាំង​សងខាង​
-​ ដំណក​ដង្ហើម​ខ្លីៗ​
-​ មមើរ​មមាយ​,​ វិលមុខ​ និង​ អស់កំលាំង​
-​ បែកញើស​ស្អិត​
-​ ចង្អោរ​ ។​

រោគ​គាំងបេះដូង​កើតឡើង​នៅ​ពេល​ដែល​សរសៃឈាម​ដែល​ដឹកនាំ​ឈាម​ (blood)​ និង​ អុក​ស៊ី​សែន​ (oxygen)​ ទៅ​ចិញ្ចឹម​បេះដូង​របស់​អ្នក​ត្រូវ​បាន​រាំងស្ទះ​ដោយ​ផ្នែក​ខ្លះៗ​ ឬ​ ទាំងស្រុង​ ។​ ការ​បាត់បង់​លំហូរ​ឈាម​ (blood​ flow)​ នេះ​បាន​ធ្វើ​អោយ​រង​គ្រោះ​ ឬ​ បំផ្លាញ​ទៅ​ដល់​ផ្នែក​ណាមួយ​នៃ​សាច់ដុំ​បេះដូង​ (heart​ muscle)​ របស់​អ្នក​ ។​ ជា​ទូទៅ​,​ រោគ​គាំងបេះដូង​បណ្តាល​អោយ​ឈឺទ្រូង​ (chest​ pain)​ ក្នុង​រយៈពេល​ ១៥​ នាទី​,​ ប៉ុន្តែ​ ពេល​ខ្លះ​វា​ក៏​អាច​គ្មាន​រោគ​សញ្ញា​អ្វី​ផង​ដែរ​ ។​

ប្រជាជន​ជា​ច្រើន​ដែល​ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​រោគ​គាំងបេះដូង​ អាច​នឹង​មាន​រោគ​សញ្ញា​ប្រាប់​ជា​មុន​ (warning​ symptoms)​ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​,​ ប៉ុន្មាន​ថ្ងៃ​ ឬ​ ប៉ុន្មាន​ស​ប្តា​ហ៍​ជា​មុន​ ។​ រោគ​សញ្ញា​នោះ​ (warning​ sign)​គឺ​ការ​ឈឺទ្រូង​អាច​នឹង​កើតឡើង​នៅ​ពេល​អ្នកជំងឺ​មាន​សកម្មភាព​រាង​កាយ​សកម្ម​ច្រើន​ពេក​ (physically​ active),​ ប៉ុន្តែ​ វា​នឹង​បាត់​ ឬ​ ធូរស្រាល​ទៅ​វិញ​នៅ​ពេល​អ្នក​សំរាក​ ។​

ប្រសិនបើ​អ្នក​ ឬ​ អ្នក​ដទៃ​ទៀត​គាំងបេះដូង​
-​ ទូរស័ព្ទ​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ​,​ ឬ​គ្លីនិក​ឯកជន​ សូមកុំ​ទុក​អោយ​មាន​ រោគ​សញ្ញា​គាំងបេះដូង​ (heart​ attack)​ ក្នុង​រយៈពេល​ច្រើន​ជាង​ ៥​ នាទី​ ។​ ប្រសិនបើ​អ្នក​មិន​អាច​ទាក់ទង​មក​កាន់​ភ្នាក់ងារ​សុខាភិបាល​ណាមួយ​ភ្លាមៗ​ទេ​នោះ​,​ សូម​សុំ​ជំនួយ​ពី​អ្នក​ជិតខាង​ ឬ​ មិត្តភក្តិ​របស់​អ្នក​អោយ​ជូន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​ ឬ​ គ្លីនិក​ណាមួយ​ដែល​នៅ​ជិត​បំផុត​ ។​
-​ ទំពារ​ និង​ លេបថ្នាំ​អាស្ពីរីន​ (aspirin),​ ក្នុង​ករណី​អ្នក​មិន​មាន​អា​ឡែ​ហ្ស៊ី​ ឬ​ គ្រូពេទ្យ​ប្រាប់​មិន​អោយ​ប្រើ​ថ្នាំ​នេះ​ ។​
-​ ទទួលទាន​ថ្នាំ​ នី​ត្រូ​គ្លី​សេរី​ន​ (nitroglycerin),​ ប្រសិនបើ​ធ្លាប់​មាន​វេជ្ជបញ្ជា​អោយ​ប្រើ​ថ្នាំ​នេះ​ដោយ​គ្រូពេទ្យ​កន្លង​មក​។​ហាម​ប្រើ​ថ្នាំ​នេះ​បើសិនជា​អ្នក​មិន​ធ្លាប់​បាន​ផ្តល់​អោយ​ដោយ​គ្រូពេទ្យ​ទេ​នោះ​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ដោយ​ការ​ប្រើ​ថ្នាំ​។​
-​ ចាប់ផ្តើម​ធ្វើ​ CPR.​ ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​អាច​នឹង​មាន​រោគ​គាំងបេះដូង​ (heart​ attack)​ ហើយ​គាត់​បាត់បង់​ស្មារតី​ទៀត​នោះ​,​ សូម​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សុខាភិបាល​,​ មន្ទីរពេទ្យ​ ឬ​ គ្លីនិក​ណាមួយ​ភ្លាម​ ។​ បើ​អាច​,​ អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​ផ្លូវដង្ហើម​និង​ចរន្តឈាម​រត់​ CPR​ (cardiopulmonary​ resuscitation)​ ។​ ប៉ុន្តែ​,​ ប្រសិនបើ​អ្នក​មិន​បាន​ទទួល​ការ​ហ្វឹកហាត់​អំពី​ CPR​ នោះ​ទេ​,​ វេជ្ជបណ្ឌិត​ផ្តល់​ជា​យោបល់​ថា​អ្នក​អាច​គ្រាន់តែ​សង្កត់​លើ​ទ្រូង​ (chest​ compressions)​ ប៉ុណ្ណោះ​ ។