ព័ត៌មានដ៏ល្អមួយសំរាប់ស្ត្រីដែលមានអាយុ ៣០ ឆ្នាំ និង ចាស់ជាងនេះ ដែលបានទទួលលទ្ធផលល្អបន្ទាប់ពីការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន (cervical cancer tests) ចំនួនពីរដងរួចមក ឥឡូវនេះមានសុវត្ថិភាពហើយ, បានន័យថា ពួកគេអាចរង់ចាំដល់ ៣ ឆ្នាំទៀតទើបធ្វើតេស្តនេះម្តងទៀត (ពីមុនតែ ១ ឆ្នាំ ពួគគេត្រូវធ្វើតេស្តនេះឡើងវិញ)។នេះបើតាមការសិក្សាថ្មីមួយទើបនឹងចេញផ្សាយ ។

លោកវេជ្ជបណ្ឌិត Charles Capen, នាយកផ្នែករោគស្ត្រី / ផ្នែកមហារីកវិទ្យា (gynecology/oncology) នៅឯមជ្ឈមណ្ឌលថែទាំសុខភាព Scott & White ក្នុងរដ្ឋ Texas បាននិយាយថា ៖ ការរកឃើញនេះហាក់ដូចជាគ្មានការជំទាស់ ឬ ការតវ៉ាអ្វីឡើយ ។ វាជាសេចក្តីណែនាំថ្មីមួយ ដែលផ្តល់ជាព៍ត៌មានដល់ស្ត្រីដែលមានអាយុ ៣០ ឆ្នាំ និង ច្រើនជាងនេះ អោយទទួលការធ្វើតេស្ត Pap smear និង តេស្តរកវីរុសដែលធ្វើអោយមានជំងឺមហារីកមាត់ស្បូន ក្នុងរយៈពេល ៣ ឆ្នាំម្តង ប្រសិនបើលទ្ធផលនៃតេស្តទាំងពីរនេះល្អ គឺមានន័យថា negative result ។




យោងទៅតាម វិទ្យាស្ថានជាតិនៃជំងឺមហារីករបស់សហរដ្ឋអាមេរិក (National Cancer Institute) បានអោយដឹងថា ៖ មិនដូចគ្នាទៅនឹងជំងឺមហារីកដទៃទៀតទេ, ជំងឺមហារីកមាត់ស្បូន (cervical cancer) គឺជាជំងឺមួយដែលមានការវិវត្តិ ឬ ការរីកដុះដាលយឺតៗ (slow-growing), ហើយប្រសិនបើយើងអាចរកវាទាន់ពេលវេលា នោះការព្យាបាលអោយជាពិតជាអាចធ្វើទៅបាន ។
លោកវេជ្ជបណ្ឌិត Therese Bevers, នាយកមជ្ឈមណ្ឌលការពារប្រឆាំងនឹងជំងឺមហារីក (Cancer Prevention Center) នៃសាកលវិទ្យាល័យ បានយល់ស្របជាមួយនឹងការរកឃើញនេះ ដោយលោកបាននិយាយថា ៖ “ការសិក្សាថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ទៅលើការណែនាំចុងក្រោយគេ (latest guidelines ) ។ វាពិតជាអស្ចារ្យណាស់ ដែលវាអាចផ្តល់ជាទំនុកចិត្តចំពោះគ្រូពេទ្យ ក៏ដូចជាស្ត្រីនៅគ្រប់ទីកន្លែងទាំងអស់អោយមានភាពកក់ក្តៅចំពោះស្ថានភាពជំងឺរបស់ពួកគេ” ។
លោកវេជ្ជបណ្ឌិត Bevers បានបន្ថែម ៖ យើងសង្ឃឹមយ៉ាងមុតមាំថាវានឹងអាចជំរុញអោយវេជ្ជបណ្ឌិតជាច្រើនអនុវត្តន៍ទៅតាមសេចក្តីណែនាំខាងលើនេះ (guidelines) ពីព្រោះតាមរយៈអង្កេតមើលថ្មីៗនេះបានបង្ហាញថា វេជ្ជបណ្ឌិតជាច្រើនទទូចអោយអ្នកជំងឺធ្វើតេស្តប៉ាប (Pap test) ជាច្រើនដង, គឺច្រើនជាងការដែលគេបានណែនាំ (ឧទាហរណ៍ដូចជា មួយដង ក្នុងមួយឆ្នាំ) ។
ការសិក្សានេះនឹងត្រូវបានគេបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមគ្លីនិកមហារីកវិទ្យាអាមេរិក( American Society of Clinical Oncology) ដែលនឹងប្រព្រឹត្តនៅខែ មិថុនា ក្នុងរដ្ឋ ឈីកាហ្កោ ។
ការប្រឈមមុខនៃជំងឺមហារីកមាត់ស្បូន (cervical cancer) គឺគេអាចវាយតំលៃតាមរយៈ ការធ្វើតេស្តពីរផ្សេងគ្នា ៖
- តេស្ត Pap smear, ដែលអ្នកស្រាវជ្រាវរកភាពមិនធម្មតានៅក្នុងកោសិកាមាត់ស្បូន (abnormalities in cervical cells)
- តេស្តថ្មីមួយទៀត ដែលស្គាល់នូវ DNA របស់វីរុស ដែលជាមូលហេតុចម្បងនៃ ជំងឺមហារីកមាត់ស្បូន : human papillomavirus ឬ HPV ។ ការពិនិត្យនេះគឺចាត់ទុកដូចជា ការធ្វើតេស្ត HPV ដែរ ។
ការសិក្សានេះបានទទួលការចូលរួមពីស្ត្រីចំនួន ៣៣០.០០០ នាក់ មកពីភាគខាងជើងនៃរដ្ឋ California ដែលជាអ្នកបានទទួលការធ្វើតេស្តទាំងពីរប្រភេទក្នុងអំឡុងឆ្នាំ ២០០៣ និង ២០០៥ ហើយក៏បន្តការធ្វើតេស្តនេះម្តងទៀតក្នុងរយៈពេល ៥ បន្ទាប់មកទៀត ។
គេវាយតំលៃឃើញថា ការប្រមុខទៅនឹងការវិវត្តិនៃជំងឺមហារីកមាត់ស្បូន (risk for developing cervical cancer) ក្នុងរយៈពេល ៥ ឆ្នាំនេះ ៖
- គឺមានតែ ៧,៥ នាក់ ប៉ុណ្ណោះ ក្នុងចំនោមស្ត្រីចំនួន ១០០.០០០ នាក់ ចំពោះអ្នកដែលមានតេស្ត Pap smears ធម្មតា
- ហើយទាបខ្លាំងគឺ ៣,៨ នាក់ក្នុងចំនោមស្ត្រី ១០០.០០០ នាក់ ចំពោះអ្នកដែលគ្មានមេរោគ HPV (negative on the HPV test) ។
នៅពេលដែលគេធ្វើតេស្តទាំងពីរព្រមគ្នា ហើយទទួលបានលទ្ធផលល្អនោះ (គឺ negative results), ការប្រឈមមុខនៃជំងឺមហារីកមាត់ស្បូនមានតែ ៣,២ ក្នុងចំនោមស្ត្រីចំនួន ១០០.០០០ នាក់, ដែលមានន័យថា ការធ្វើតេស្ត HPV តែឯងគឺវាស្ទើរតែល្អ និង គ្រប់គ្រាន់ដូចការធ្វើតេស្តទាំងពីរព្រមគ្នាទៅហើយ ។