ជំងឺទឺកនោមផ្អែមមានពីរប្រភេទ។

​ ​ទឹកនោម​ផ្អែម​ប្រភេទ​មួយ ពេលខ្លះ​ត្រូវ​បាន​ហៅ​ថា​ទឹកនោមផ្អែម​ដែល​អាស្រ័យ​លើ​អាំង​ស៊ុយ​លីន​។ ​វាចាប់ផ្ដើម នៅក្នុង​វ័យក្មេង និង​សម្របសម្រួល​ដោយ​ប្រព័ន្ឋ​ភាពស៊ាំ។ វា​បណ្ដាល​មក​ពី​ប្រតិកម្ម​ភាព​ស៊ាំដោយ​ស្វ័យប្រវត្ដិ ដែល​ក្នុង នោះប្រព័ន្ឋ​ការពារ​ខ្លួន​របស់​យើង​វាយប្រហារ​ទៅលើ​កោសិកា​ដែល​ផលិត​អាំង​ស៊ុយ​លីន​។ គេ​មិនទាន់​យល់​ច្បាស់នៅ​ឡើយ​ថា​ហេតុអ្វី​បានជា​ប្រការ​នេះ​អាច​កើតមាន​បាន​។ អ្នក​ទឹកនោមផ្អែម​ប្រភេទ​មួយ ផលិតអាំង​ស៊ុយ​លីន​តិចតួច​ឬ​មិន​ផលិត​សោះ​។

ជំងឺ​នេះ​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​អាយុ ប៉ុន្ដែ​ជា​ទូទៅ​វា​កើតមាន​ចំពោះ​កុមារ និង​មនុស្ស​វ័យក្មេង​។ មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ​តម្រូវអោយចាក់អាំងស៊ុយ​លីន​ជារៀងរាល់​ថ្ងៃ​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ បើសិន​ជា​អ្នក​ទឹកនោម​ផ្អែម​ប្រភេទ​មួយ​មិនមាន​លទ្ឋភាព​ទទួលបាន​អាំង​ស៊ុយ​លីន​ទេនោះ ពួកគេ​នឹង​ស្លាប់​។ ​ ​

​ ​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ ពេលខ្លះ​ហៅថា​ទឹកនោម​ផ្អែម​មិន​អាស្រ័យ​លើ​អាំង​ស៊ុយ​លីនឬ​ក៏​ទឹកនោមផ្អែមដែល​ចាប់ផ្ដើម​នៅ​ក្នុង​វ័យ​មនុស្ស​ចាស់​។ ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​ជា​ទូទៅ​មិន​តម្រូវ​អោយ​ចាក់​អាំង​ស៊ុយ​លីនទេ​។ ជាទូទៅ ពួកគេ​អាច​គ្រប់គ្រងជាតិ​គ្លុយកូស​នៅក្នុង​ចរន្ដឈាម​ដោយ​តាមដាន​មើល​អាហារ​របស់ខ្លួន ហាត់ប្រាណអោយទៀងទាត់ លេបថ្នាំ​គ្រាប់ និង​អាចចាក់​អាំង​ស៊ុុយ​លីន​។ ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​កើតមាន​ញឹកញាប់​បំផុតនៅក្នុងចំណោម​មនុស្ស​ចាស់​ដែលមាន អាយុ​ចាប់ពី ​៤៥​ឆ្នាំ​ឡើង​ទៅ និង​ដែល​ធាត់​លើស​ទម្ងន់​។ ប៉ុន្ដែដោយសារផលវិបាក​នៃការ​ធាត់​លើស​ទម្ងន់ហួសហេតុ ក្នុងចំណោម​នុស្ស​វ័យក្មេង​នោះ វា​កាន់តែ​កើតមានច្រើន​ឡើង​នៅក្នុងចំណោមកុមារ​និង​មនុស្ស​វ័យក្មេង​។ ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​គឺជា​ប្រភេទ​ទឹកនោម​ផ្អែម​ដែល​កើត​មាន​ញឹកញាប់​បំផុត ដោយ​តំណាង​អោយ ៩០​ ទៅ ៩៥ ភាគរយ​នៃ​ករណី​ទឹកនោមផ្អែម​ទាំងអស់​។ បើសិនជា​ទឹកនោមផ្អែម​ប្រភេទ​ពីរ មិនបាន​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាលទេ វា​នឹង​នាំអោយ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​អាច​បណ្ដាលអោយ​ស្លាប់មុន​អាយុ​បាន​។ ​នៅ​ទូទាំង​ពិភពលោក​មនុស្ស​ជាច្រើន​លាន​នាក់​មាន​ទឹកនោមផ្អែម​ប្រភេទ​ពីរ​ដោយ​មិន​បានដឹងខ្លួន​ឡើយ​។ ចំណែក​អ្នកខ្លះ​ទៀត​មិន​មាន​លទ្ឋភាព​ទទួលបាន​ការថែទាំខា​ង​វេជ្ជសាស្ដ្រ​។​ ការចាប់ផ្ដើម​កើត​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​ជា​ទូទៅ​ក៏​មាន​ពាក់ព័​ន្ឋ​ផង​ដែរនឹង​កត្ដា​តំណពូជ ប៉ុន្ដែ​ការ​ធាត់​លើស​ទម្ងន់ អសកម្ម​ភាព រាង្គ​កាយ និង​បរិភោគ អាហារ​មិនបាន​ត្រឹមត្រូវ បង្កើន​ហានិភ័យ​ចំពោះ​ការ​កើត​ជំងឺ​នេះ​។ ​ស្ដ្រី​ខ្លះ​កើត​មាន​ទឹកនោម​ផ្អែម​ប្រភេទ​ទី​បី​ដែល​មាន​លក្ខណៈ​បណ្ដោះអាសន្ន​គឺ​ទឹកនោម​ផ្អែម​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​។ ទឹកនោម​ផ្អែម​ប្រភេទ​នេះ​កើតមានចំពោះ​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​។ ទឹកនោម​ផ្អែម​អំឡុង ពេល​មាន​ផ្ទៃពោះ​នេះ កើតមាន​ចំនួន ​២-៥​ភាគរយ​នៃ​ស្ដ្រី​មានគភ៌​ទាំងអស់ ប៉ុន្ដែ​វា​ជាទូទៅ​អាច​បាត់​ទៅ​វិញ​ក្រោយការ​សម្រាលកូន​។ ស្ដ្រី​ដែល​មាន​ទឹកនោមផ្អែម​នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ នឹង​បង្កើន​ហានិភ័យ​កើត​ទឹកនោមផ្អែម​ប្រភេទ​ពីរ​នៅ​ពេល​អនាគត​។​ គេ​ក៏​សង្កេតឃើញ​មាន​ទឹកនោមផ្អែម​ប្រភេទ​កម្រ​ផ្សេងទៀត​ដែរ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង