​គ្រូពេទ្យ​គួរតែ​មើល​អោយបាន​ដិត​ដល់​ទៅ​លើ​សុខភាព​ទូទៅ​របស់​អ្នកជំងឺ ជាពិសេស​បុរស​ដែល​ងាប់​លិង្គ​តែម្តង​។ បុរស​ដែល​មាន​បញ្ហា​ងាប់​លិង្គ​បន្តិចបន្តួច (​មិនដឹងថា​មាន​បញ្ហា​បេះដូង​) មាន​ការប្រឈមមុខ​ដ៏​ធំ​មួយ​ទៀត​គឺ​ជំងឺ​បេះដូង​-​សរសៃឈាម​នៅពេល​អនាគត​។ នៅពេល​ដែល​អាកា​រៈងាប់​លិង្គ​មានការ​កើតឡើង​កាន់តែ​ច្រើន នោះ​សញ្ញា​អាថ៌កំបាំង​របស់​ជំងឺ​បេះដូង និង​ការ​ប្រឈម​នឹង​ការស្លាប់​ក៏​កើត​មាន​ដែរ​។​

​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី បាន​រកឃើញថា គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ដែល​ថា មនុស្ស​ប្រុល​ធ្លាប់​ដឹង​រួច​ទៅ​ហើយ​ដែល​ពួកគេ​នឹង​អាច​មាន​ជំងឺ​បេះដូង​ជាមួយគ្នា​នឹង​ការ​ងាប់លិង្គ​ធ្ងន់ធ្ងរ​។​

​បើ​យោង​ទៅ​តាម​ការវិភាគ​បានអោយដឹងថា ក្នុងចំណោម​បុរស​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ​ដែល​មិន​មាន​ជំងឺ​បេះដូង ពួកគេ​អាច​នឹង​មាន​បញ្ហា​ងាប់​លិង្គ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​រហូតដល់ ៥០​ភាគរយ ហើយ​ទំនងជា​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទៀត​ដោយសារតែ​បញ្ហា​បេះដូង​។ ការ​ងាប់​លិង្គ​ទៅ​បង្កើន​ការ​ប្រឈម​នឹង​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាន់តែ​ច្រើន​នៅពេល​ពួកគេ​មានប្រវ​ត្ត​កើត​ជំងឺ​បេះដូង​-​សរសៃឈាម​ពីមុនមក​។​

​បញ្ហា​នៃ​ការឡើង​រឹង​របស់​លិង្គ​ដែល​កើតមាន​ច្រើន​តែ​លើ​បុរស​វ័យ​ចំណាស់​មិនអាច​ធានា​ថា​មិន​មាន​បញ្ហា​បេះដូង​ឡើយ​។ ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត អ៊ី​មី​លី បេង (Dr. Emily Banks) ប្រធាន​ការសិក្សា​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ជំងឺ​រាតត្បាត​នៅឯ Australian National University’s National Center For Epidemiology and Population Health បាន​និយាយថា “​បុរស​ដែល​ងាប់​លិង្គ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​សុំ​អោយ​គាត់​ពិនិត្យ​លើ​បញ្ហា​បេះដូង​ផង​។ បុរស​ដែល​ងាប់​លិង្គ​ត្រូវតែ​ធ្វើការ​វាយតម្លៃ​រកមើល​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​នៅពេល​អនាគត ហើយ​ការវាយតម្លៃ​នៃ​ការប្រឈមមុខ​ទាំងអស់​ត្រូវតែ​មាន​ការ​គ្រប់គ្រង​អោយបាន​ល្អ​”​។​

​វេជ្ជបណ្ឌិត បេង បាន​បន្ថែមទៀតថា តាម​ការប៉ាន់ស្មាន ៦០​ភាគរយ​នៃ​បុរស​ដែល​មាន​វ័យ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ​នឹង​មាន​បញ្ហា​ងាប់​លិង្គ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​អាច​ធ្វើអោយ​ថយចុះ​ដល់​សកម្មភាព​ផ្លូវភេទ និង​ទាមទា​អោយ​មាន​ការប្រើប្រាស់​ថ្នាំ​ដូចជា Viagra ដែល​វា​អាច​នឹង​កើត​មាន​ផល​រំខាន និង​មាន​ការលំបាក​នៅ​ពេល​កំណត់​ចំនួន​ប្រើប្រាស់​។​

​មូលហេតុ​មួយចំនួន​អាច​នាំ​អោយ​ងាប់​លិង្គ​បាន ប៉ុន្តែ​វេជ្ជបណ្ឌិត បេង និយាយថា “​វា​គឺជា​ចំណេះដឹង​ទូលំទូលាយ​មួយ​ដែល​ការ​ងាប់​លិង្គ​គឺជា​លទ្ធផល​ដ៏​ខ្លាំងក្លា​មួយ​នៃ​ជំងឺ​បេះដូង​-​សរសៃឈាម​”​។​

​វេជ្ជបណ្ឌិត​ធ្លាប់​ជឿជាក់ថា ការ​ងាប់​លិង្គ​គឺជា​សញ្ញា​ដំបូង​គេ​នៃ​បញ្ហា​បេះដូង ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​អំពី​មូលហេតុ​នៅឡើយ​ទេ​។ វេជ្ជបណ្ឌិត បេង និយាយថា វា​អាច​ទៅរួច​ដែលថា សរសៃឈាម​អាក់ទែ​របស់​លិង្គ​មាន​លក្ខណៈ​តូច​ជាង​សរសៃឈា​មនៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ហើយ​ទំនងជា​អាច​រកឃើញ​បញ្ហា​ជាច្រើន​ទៀត​នៅពេល​ដែល​សរសៃឈាម​ទាំងអស់នោះ​មាន​ការខូចខាត ឬ​ចុះ​ខ្សោយ​។​

​ការសិក្សា​ថ្មី​សំដៅ​ទៅលើ​ការបង្កើន​នូវ​ភាព​ច្បាស់លាស់​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ងាប់​លិង្គ​ធ្វើអោយ​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​។ អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​បុរស​ប្រមាណ​ជាង ៩៥០០០​នាក់​ដែល​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើយ​ទៅ និង​ធ្វើកា​របៀប​ធៀប​ទៅនឹង​ទិន្នន័យ​ដែល​ប្រមូល​បាន​នៅ​ចន្លោះ​ពី​ឆ្នាំ ២០០៦ និង ២០០៩​រហូតដល់​ឆ្នាំ ២០១០​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​ដែល​មាន​អាកា​រៈងាប់​លិង្គ​ធ្ងន់ធ្ងរ​ទំនងជា​មាន​ការ​ប្រឈម​នឹង​ការកើត​ជំងឺខ្សោយបេះដូង​រហូតដល់ ៨​ដង​, មាន​ជំងឺ​បេះដូង​ច្រើន​រហូត​ដល់ ៦០​ភាគរយ និង​អាច​ស្លាប់​ដោយសារតែ​មូលហេតុ​ផ្សេងៗ​រហូត​ដល់​ពីរដង​ឯណោះ នេះ​បើ​យើង​ប្រៀប​នឹង​បុរស​ដែល​គ្មាន​បញ្ហា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង