ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានលឺអំពី “ទឹកក្រូចឆ្មារ” ជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយជួយក្នុងបន្សាបជាតិពុល ឬសម្រកទម្ងន់ហើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាទូទៅរូបមន្តបែបធម្មជាតិនេះតម្រូវឲ្យអ្នកទទួលទានរៀងរាល់ព្រឹកមុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេងៗ សូម្បីតែទឹកធម្មតា។ ប៉ុន្តែអ្នកត្រូវដឹងថាអ្វីដែលលើសពេក គឺមិនល្អឡើយ! ដូច្នេះហើយទើបបើទោះបីជាទឹកក្រូចឆ្មារអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក៏ដោយ ប្រសិនបើអ្នកទទួលទានវាច្រើនពេក នោះអ្នកនឹងជួបប្រទះបញ្ហាមួយចំនួនជាក់ជាមិនខាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលប៉ះពាល់ធំៗចំនួន ៣ នៃការទទួលទានទឹកក្រូចឆ្មារច្រើន ៖

១. ក្រហាយទ្រូង

ទឹកក្រូចឆ្មារ អាចបណ្ដាលឲ្យកើតបញ្ហាក្រហាយទ្រូង ឬធ្វើឲ្យស្ថានភាពនៃអាការៈនេះកាន់តែអាក្រក់ឡើងគួរឲ្យព្រួយបារម្ភសម្រាប់អ្នកដែលកំពុងជួយប្រទះបញ្ហានេះស្រាប់។ ខណៈដែលទឹកក្រូចឆ្មារជួយផ្ដល់អាកាឡាំងដល់រាងកាយក៏ពិតមែន ប៉ុន្តែភេសជ្ជៈនេះនៅតែមានផ្ទុកជាតិអាស៊ីត ដូច្នេះហើយទើបវាអាចបណ្ដាលឲ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះក្រហាយទ្រូង។

២. សឹកធ្មេញ

ការទទួលទានអាហារ និងភេសជ្ជៈមានជាតិអាស៊ីតច្រើនពេក អាចបង្កឲ្យមានផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាពធ្មេញ។ ការទទួលទានទឹកក្រូចឆ្មារយូរទៅនឹងធ្វើឲ្យសឹកកាចាធ្មេញជាមិនខាន ហើយអ្នកក៏ជួបប្រទះបញ្ហាស្រៀវធ្មេញពេលទួលទានអាហារក្ដៅ ឬត្រជាក់ផងដែរ។ កាត់បន្ថយផលប៉ះពាល់ ដោយព្យាយាមប្រើប្រាស់ទុយោរបឺត ប្រសិនបើចង់ទទួលទានភេសជ្ជៈនេះ។ ហើយប្រញាប់ទៅជួបពិនិត្យជាមួយពេទ្យធ្មេញភ្លាម ប្រសិនបើអ្នកកំពុងមានបញ្ហាមាត់ធ្មេញស្រាប់។

៣. នោមញឹក និងខ្សោះជាតិទឹកក្នុងរាងកាយ

ក្រូចឆ្មារ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ នោះមានន័យថាវាបង្កើនការផលិតទឹកនោមដែលធ្វើឲ្យអ្នកនោមញឹកជាងធម្មតា។ ទោះជាវាមានប្រយោជន៍ ប៉ុន្តែអ្នកគួរតែកាត់បន្ថយការទទួលទានទឹកក្រូចឆ្មារភ្លាម នៅពេលអ្នកមានអារម្មណ៍ថាខ្សោះជាតិទឹកក្រោយទទួលទានវា។ ហើយអ្នកក៏គួរជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើកើតមានបញ្ហាខុសប្រក្រតីណាមួយកើតឡើង ក្រោយទទួលទានទឹកក្រូចឆ្មារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង