​ការ​មាន​ផ្ទៃពោះ​អាច​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ស្ត្រី​មួយចំនួន ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​អាច​នឹង​ត្រូវការ​ពេល​យូរ​បន្តិច​។ ការធ្វើអោយ​មាន​ផ្ទៃពោះ​មិនមែន​ជា​ជំហាន​តែ​មួយ​នោះ​ទេ គឺ​អ្នក​អាច​ព្យាយាម​តាម​វិធី​មួយចំនួន​ទៀត​បាន​។

ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម និង​មាន​ការពិបាក​មែន​នោះ អ្នក​ប្រហែលជា​ចង់​ដឹង​អំពី​មូលហេតុ​ដែល​យើង​នឹង​បកស្រាយ​នៅ​ខាងក្រោម​នេះហើយ​។ មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើអោយ​ស្ត្រី​មិន​អាច​មាន​ផ្ទៃពោះ​បាន​។​

​ដំបូង​យក​ល្អ​គួរតែ​យល់ដឹង​អំពី​ដំណើរការ​នៃ​ការបង្ក​កំណើត​សិន​។ ការ​មាន​ផ្ទៃពោះ​ដែល​ជោគជ័យ​ចាប់ផ្តើម​ឡើង​នៅពេល​មេ​ជីវិត​ឈ្មោល និង​មេ​ជីវិត​ញី​ជួបគ្នា​, រលាយ​ចូលគ្នា និង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្រទាប់ Endometrium របស់​ស្បូន​។ ជា​រៀងរាល់​ខែ​ពង​មេ​ជីវិត​ញី​នឹង​ផ្ទុះ​ចេញ​ពី​ក្រពេញ​អូវ៉ែ​ទាំងពី​ររបស់​ស្ត្រី​ម្នាក់​។ ដំណើរការ​នេះ​មានឈ្មោះ​ថា ការផ្ទុះ​អូ​វ៉ុល ដែល​កើតឡើង​ប្រហែល ១៤​ថ្ងៃ មុន​ពេល​បញ្ចប់​ការ​មក​រដូវ​។ ការ​រួមភេទ​នៅ​មួយ​សប្តាហ៍​ក្រោយពី​ផ្ទុះ​អូ​វ៉ុល​ហើយ​អាច​មានឱកាស​ធ្វើអោយ​មាន​ផ្ទៃពោះ​បាន​ច្រើន​។​

​ពេលខ្លះ បញ្ហា​ដូចជា ការ​ងាប់​លិង្គ​, ការ​ឆាប់​ចេញ​ទឹកកាម​ពេក​, ទ្វារមាស​រួម​តូច សុទ្ធតែ​ជា​មេ​នាំ​រឿង​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រឿង​ទាំងអស់នេះ​ក៏​មាន​បញ្ហា​ដល់​ការ​រួមភេទ​ផងដែរ​។ បើសិន​ជា​រឿង​ទាំងអស់នេះ​មិនមែន​បញ្ហា​របស់​អ្នក​ទេ វា​អាច​ដោយសារតែ​ចំនួន​មេ​ជីវិត​ឈ្មោល​តិចពេក ឬ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ខ្សោយ​ពេក​។ យក​ល្អ​គួរតែ​ចាំ​ថា ការប្រើប្រាស់​ទឹករំអិល​បន្ថែម​ក្នុងពេល​រួមភេទ​ក៏​អាច​ជា​បញ្ហា​មួយ​ដែរ​។ ទឹករំអិល​នោះ​អាច​ធ្វើអោយ​មេ​ជីវិត​ឈ្មោល​មិន​អាច​ធ្វើ​ចលនា​ទៅមុខ​បាន ព្រមទាំង​អាច​សម្លាប់​មេ​ជីវិត​ឈ្មោល​បាន​ទៀត​ផង​។​

​ក្នុង​ស្បូន​ក៏​អាច​មាន​បញ្ហា​មួយ​ផង​ដែរ​។ ពេលខ្លះ ស្រទាប់ Endometrium របស់​ស្បូន​អាច​នឹង​ខូចខាត ដូច្នេះ​ធ្វើអោយ​ពង​មេ​ជីវិត​ទាំងពីរ​ដែល​រលាយ​ចូលគ្នា​ក្លាយជា​ស៊ី​ហ្គូត​ហើយ​នោះ​មិន​អាច​កាច់​សម្បុក និង​លូតលាស់​បាន​។ មូលហេតុ​ដែល​ធ្វើអោយមាន​បញ្ហា​បែប​នេះ​អាច​ដោយសារ​តែ​ការបង្ក​រោគ​មួយចំនួន ឬ​ជំងឺ​កាមរោគ ឬ​របេង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង