ការជក់បារីមានការប៉ះពាល់ទាំងម្តាយ និងកូនក្នុងពោះ។ ការជក់បារីធ្វើអោយទារកប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនក្នុងពេលពរពោះ និងក្រោយសម្រាល។ ជាតិនីកូទីន និងសារធាតុមានគ្រោះថ្នាក់ទាំងអស់ (ធ្វើអោយកើតមហារីក) របស់បារីចូលទៅក្នុងចរន្តឈាមរបស់ម្តាយ និងធ្វើដំណើរទៅក្នុងចរន្តឈាមរបស់កូនផ្ទាល់តែម្តង។ បារីផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់រហូតដល់ ៧០០០ប្រភេទឯណោះ ហើយក្នុងនោះមាន ៧០សារធាតុហើយដែលគេស្គាល់ថាជាភ្នាក់ងារបង្កជំងឺមហារីក។

ឥទ្ធិពលដែលប៉ះពាល់ទៅលើសុខភាពទារកមួយចំនួនមានដូចជា៖
- កាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅទារក
- ប្រឈមនឹងការរលូត និងកូនស្លាប់ក្នុងពោះកាន់តែខ្លាំង
- ប្រឈមនឹងការមិនសូវលូតលាស់ និងកើតមិនគ្រប់ទម្ងន់កាន់តែខ្លាំង
- ប្រឈមនឹងការកើតមិនគ្រប់ខែកាន់តែខ្លាំង
- ចង្វាក់បេះដូងកូនកើនឡើង
- ប្រឈមនឹងបញ្ហាក្នុងការដកដង្ហើមរបស់ទារកកាន់តែខ្លាំង
ការប្រឈមមុខទាំងនេះនឹងកើតឡើងទៅតាមចំនួនបារីដែលម្តាយជក់ក្នុងពេលមានផ្ទៃពោះ។ ពិតណាស់ ការជក់បារីក៏មានគ្រោះថ្នាក់ដល់ម្តាយ, ប្រឈមនឹងជំងឺមហារីកកាន់តែខ្ពស់, ជំងឺបេះដូង-សរសៃឈាម, ជំងឺសួតEmphysema និងជំងឺផ្សេងៗទៀត។
តើស្ត្រីមានផ្ទៃពោះជក់បារីប៉ុន្មានទៅទើបមានសុវត្ថិភាព?
ខណៈពេលការប្រឈមនឹងសុខភាពមានការកើនឡើងខ្ពស់ពេលជក់បារី គេមិនទាន់ដឹងថាចំនួនបារីដែលស្ត្រីមានផ្ទៃពោះជក់ប៉ុន្មានទើបមានសុវត្ថិភាពទេ។ រាល់ការជក់បារីទាំងអស់អាចមានផលវិបាកធ្ងន់ធ្ងរទាំងអស់សម្រាប់សុខភាពទារកក្នុងផ្ទៃពោះ៕