​ការ​មាន​ផ្ទៃពោះ​គឺជា​ដំណើរការ​នៃ​ការប្រែប្រួល​អ័រម៉ូន​មួយ​ប្រភេទ​ដែល​វា​មិន​ត្រឹមតែ​ធ្វើអោយ​អ្នកដឹង​នោះទេ ប៉ុន្តែ​វា​នឹង​បង្ហាញ​អោយឃើញ​តាមរយៈ​រាងកាយ​ខាងក្រៅ​ផ្ទាល់ៗ​តែម្តង​។

ការប្រែប្រួល​អ័រម៉ូន​ទាំងនេះ​ធ្វើអោយ​លំហូរ​ឈាម​កើនឡើង ហើយ​ជាលិការ​ក្នុង​សុដន់​ក៏​ប្រែប្រួល​ដែរ ដែល​ជាហេតុ​នាំ​អោយ​សុដន់​នោះ​ទៅ​ជា​ឈឺ​, ហើម​ខុសពី​ធម្មតា ឬ​មាន​អារម្មណ៍​ចម្លែក​ពេល​ប៉ះ​។​

ស្ត្រី​ភាគច្រើន​ប្រាប់អោយដឹង​ថា អារម្មណ៍​ក្នុង​ពេល​នេះ​មាន​លក្ខណៈ​ដូច​គ្នា​មុន​ពេល​ជិត​មក​រដូវ​អញ្ជឹង​។ ការឈឺ​សុដន់​គឺជា​រោគសញ្ញា​មុខ​គេ​បង្អស់​នៃ​ការ​មាន​ផ្ទៃពោះ ដែល​ចាប់ផ្តើម​កើតមាន​ក្នុង​សប្តាហ៍​ទី ៤ ទៅ​ទី​៦ ហើយ​បាត់​ទៅ​វិញ​ពេល​ចប់​ត្រីមាស​ទី​មួយ​។​

​ក្រៅពី​អារម្មណ៍​នៃ​ការឈឺចាប់​, ហើម និង​រោគសញ្ញា​ផ្សេងៗ​ទៀត ទំហំ​របស់​សុដន់​ក៏​កាន់តែ​ធំ​ជាង​មុន​ផងដែរ​។ អ្នក​ប្រហែល​ជា​សម្គាល់​ឃើញថា សុដន់​របស់​អ្នក​កំពុងតែ​លូតលាស់​ធំ​ទៅៗ​នៅ​ជុំវិញ​សប្តាហ៍​ទី ៦ ដល់​ទី​៨​។​

​សុដន់​នឹង​បន្ត​លូតលាស់​រហូត ហើយ​អ្នក​ក៏​ប្រហែលជា​មាន​អារម្មណ៍រ​មាស់​នៅ​ពេល​ស្បែក​ទាញ​យឺត​ទៅៗ​បែបនេះ​។ សញ្ញា​នៃ​ការ​យឺត​ស្បែក​ក៏​ប្រហែល​ជា​កើត​មាន​លើ​សុដន់​ដែរ​នៅពេល​សុដន់​នោះ​នៅតែ​បន្ត​លូត​ចុះឡើងៗ​ទៀត​។ ក្បាល​សុដន់​នឹង​រីក​កាន់តែ​ធំ និង​កាន់តែ​ខ្មៅ​ជាមួយនឹង​ការមើលឃើញ​សរសៃ​វ៉ែន​នៅក្រោម​ស្បែក​សុដន់​។ រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​កន្លងផុតទៅ ផ្នែក​ខ្មៅៗ​ជុំវិញ​សុដន់​ក៏​រីក​ធំ និង​ខ្មៅ​ជាង​មុន​ដែរ​។​

​នៅ​ជុំវិញ​ខែ​ទី​បី​នៃ​ការ​មាន​ផ្ទៃពោះ សុដន់​អ្នក​ប្រហែល​ជា​ចាប់ផ្តើម​ផលិត​ទឹកដោះ​ដំបូង ដែល​ជា​ទឹកដោះ​ដ៏​ពិសេស​សម្រាប់​តម្រូវការ​របស់​កូន​នៅពេល​គេ​ចាប់ផ្តើម​ចេះ​បៅ​ដំបូង​គេ​។ តាមពិត ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ចាប់ផ្តើម​ហៀរ​ទឹក​ពណ៌​លឿង​ខាប់​តិចៗ​តាម​ក្បាល​សុដន់​ដែរ​។​

​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​សុដន់​ក្នុងពេល​មាន​ផ្ទៃពោះ​បាន អ្នក​គួរតែ​ប្រើប្រាស់​អាវទ្រនាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ នៅពេល​ទៅ​ទិញ​អាវ​នេះ ចូរ​ប្រាកដថា វា​ពិតជា​ល្មម​នឹង​អ្នក​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង